កាលពីថ្ងៃទី ៩ ខែកក្កដាកន្លងទៅនេះ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបង្ហាញអំពីគម្រោងក្នុងទឹកប្រាក់ ៧ រយពាន់លានដុល្លារសម្រាប់វិស័យផលិតកម្ម ដែលលោកថា នឹងអាចបង្កើតការងារថ្មីចំនួន ៥ លានការងារ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលកំពុងជួបភាពវឹកវរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
លោក Biden បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រលោហធាតុនៅភាគខាងកើតទីក្រុង Dunmore រដ្ឋ Pennsylvania ហើយបានបង្ហើបពីអ្វីដែលលោកហៅថា សំណើ «កសាងឡើងវិញឲ្យប្រសើរជាងមុន (Build Back Better)» ដែលរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការបញ្ជាទិញផលិតផល និងសេវាកម្ម ដែលផលិតនៅក្នុងសហរដ្ឋអាមេរិក។
លោក Biden ដែលជាបេក្ខជនប្រធានាធិតបីខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ បាននាំមុខលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិថ្នាក់ជាតិនានា និងនៅក្នុងរដ្ឋដែលជាសមរភូមិបោះឆ្នោតសំខាន់ៗដូចជារដ្ឋ Pennsylvaniaជាដើម។
ប៉ុន្តែការស្ទង់មតិក៏បានបង្ហាញបន្តិចបន្តួចផងដែរថា អ្នកបោះឆ្នោតគិតថាលោក Trump ដែលជាសហគ្រិនផ្នែកអចលនទ្រព្យ និងផ្នែករមណីដ្ឋានវាយកូនហ្គោល មុនពេលជាប់ឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ នោះ គឺស័ក្ដិសមនៅក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។
បើយោងតាមជំនួយការយុទ្ធនាការបោះឆ្នោតរបស់លោក Biden គម្រោងរបស់លោក Biden នេះ នឹងស្នើឲ្យមានការចំណាយថវិកាប្រមាណ ៣០០ ពាន់លានដុល្លារ លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍក្នុងវិស័យថាមពលស្អាត ទូរគមនាគមន៍ បញ្ញានិម្មិត និងវិស័យផ្សេងៗទៀត។
គម្រោងនេះក៏មានបញ្ចូលថវិកាចំនួន ៤០០ ពាន់លានដុល្លារផងដែរសម្រាប់រដ្ឋាភិបាលនៅក្នុងការទិញទំនិញដែលផលិតនៅក្នុងសហរដ្ឋអាមេរិក ដូចជាទំនិញដែលជួយដល់បរិស្ថាន និងគ្រឿងសំណង់ជាដើម ប្រសិនបើលោក Biden ជាប់ឆ្នោត និងក្លាយជាប្រធានាធិបតីនៅខែមករាឆ្នាំក្រោយ។ជំនួយការយុទ្ធនាការបោះឆ្នោតរបស់លោកមិនបានបញ្ជាក់ថាតើគម្រោងនេះនឹងផ្ដល់ថវិកាដល់កម្មវិធីការងារតាមវិធីណានោះទេ។
ជំនួយការយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ម្នាក់បាននិយាយថា៖ «នេះមិនមែនជាការកសាងសេដ្ឋកិច្ចឡើងវិញឲ្យដូចពីមុន ដែលមានរចនាសម្ព័ន្ធទន់ខ្សោយ និងមានភាពមិនស្មើគ្នានោះទេ»។ ជំនួយការរូបនេះបានបន្ថែមថា លោក Biden ជឿថា នេះគឺជា «ពេលដែលត្រូវគិត និងកសាងសេដ្ឋកិច្ចសហរដ្ឋអាមេរិកថ្មីមួយសម្រាប់គ្រួសាររបស់យើង និងអ្នកជំនាន់ក្រោយ»។
យុទ្ធនាការរបស់លោក Biden បញ្ជាក់ថា ខ្លួនសង្ឃឹមថា គម្រោងនេះនឹង «បង្កើនតម្រូវការថ្មីសម្រាប់ផលិតផល វត្ថុធាតុដើម និងសេវាកម្មដែលផលិតនៅសហរដ្ឋអាមេរិក ក៏ដូចជាធានាថា ទំនិញទាំងអស់នោះនឹងត្រូវបានដឹកជញ្ជូនដោយកប៉ាល់ដែលមានដោតទង់ជាតិសហរដ្ឋអាមេរិក» ប្រសិនបើត្រូវនាំចេញទៅបរទេស។
ក្រុមហ៊ុនណាដែលទទួលបានជំនួយពីរដ្ឋាភិបាលក្រោមគម្រោងនេះ ចាំបាច់ត្រូវផ្ដល់ប្រាក់បៀវត្សរ៍អប្បបរិមាចំនួន ១៥ ដុល្លារក្នុងមួយម៉ោងដល់បុគ្គលិក ថ្ងៃឈប់សម្រាកដែលមិនកាត់ប្រាក់បៀវត្សរ៍ និងការធានាឲ្យមានជម្រើសចូលរួមក្នុងសហជីពការងារ។
យុទ្ធនាការរបស់លោក Biden បានឲ្យដឹងទៀតថា ការសន្យាទិញរបស់រដ្ឋាភិបាលអាមេរិក នឹងលើកទឹកចិត្តដល់អាជីវកម្មនានា ឲ្យបង្កើនការជួលបុគ្គលិក ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋ អាមេរិកបានធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយវីរុសកូរ៉ូណា។
បន្ថែមពីលើការចំណាយលើការបង្កើតការងារថ្មី លោក Biden សង្ឈឹមថានឹងរឹតបន្តឹងច្បាប់លើផលិតផលណាដែលអាចដាក់ស្លាកថា «ផលិតនៅសហរដ្ឋអាមេរិក» និងមានគុណភាពសម្រាប់ការបញ្ជាទិញពីរដ្ឋាភិបាល។
លោក Biden គ្រោងនឹងថ្លែងនៅក្នុងសុន្ទរកថាលើកក្រោយៗទៀតអំពីគម្រោងអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការបង្កើតនូវកម្លាំងការងារផ្នែកផ្ដល់ការមើលថែ និងការអប់រំ និងជំរុញឲ្យមានសមធម៌ជាតិសាសាន៍ បន្ទាប់ពីមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះប្រឆាំងនឹងការរំលោភបំពានរបស់ប៉ូលិសលើជាតិសាសន៍ភាគតិច៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា