ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក Biden និង​លោក Trump មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​គោល​នយោបាយ​ការបរទេស


លោក Joe Biden ថ្លែង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម McGregor Industries នៅ​ក្នុង​ក្រុង Dunmore រដ្ឋ Pennsylvania កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
លោក Joe Biden ថ្លែង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម McGregor Industries នៅ​ក្នុង​ក្រុង Dunmore រដ្ឋ Pennsylvania កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។

​ការ​​រិះ​គន់​​របស់លោក Joe Biden ចំពោះ​​លោក​ប្រធានាធិបតី​ Donald Trump អំពីការ​ដោះស្រាយ​​ការ​ចោទ​ប្រកាន់​ថា​​រុស្ស៊ី​ផ្តល់​​ប្រាក់​​រង្វាន់​ដល់​ការ​សម្លាប់​ទាហាន​​អាមេរិកាំង ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ការ​រិះគន់​យូរយារ​មក​ហើយ​របស់​លោក​ ចំពោះ​លោក​ប្រធានាធិបតី​អំពី​សន្តិសុខ​ជាតិ​ និង​គោល​នយោបាយ​ការ​បរទេស។

លោក Biden ថ្មី​ៗ​នេះ បាន​រិះគន់លោក​ប្រធានាធិបតី Donald Trump អំពី​ការចោទ​ប្រកាន់​ថា​រុស្ស៊ី​ផ្តល់ប្រាក់រង្វាន់​ដល់​ការ​សម្លាប់​ទាហានអាមេរិកាំង។ ការ​រិះ​គន់​នេះ​បង្ហាញ​នូវការ​ខ្វែង​គំនិត​គ្នា​ខាង​គោល​នយោបាយ​ការបរទេស​របស់​បេក្ខជន​ប្រធានាធិបតី​ទាំង​២។​ ក៏​ប៉ុន្តែគូ​ប្រជែង​ទាំងពីរ​នាក់នេះ​ មានទស្ស​នៈ​មិន​សូវខុស​គ្នា​ទេអំពី​បញ្ហាគោល​នយោបាយ​ការ​បរទេសសំខាន់ៗ​ដូចជា​ការបញ្ចប់​សង្គ្រាម​អាមេរិកាំ​ង​នៅ​ឯ​ប្រទេស​ក្រៅ​ ការ​កាពារ​ការងារ​អាមរិកាំងនិង​ការ​ទប់​ទល់នឹង​ឥទ្ធិពល​ចិន​ជា​ដើម។​

​ការរិះ​គន់របស់លោក Joe Biden ដែលត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​ចំពោះលោក​ប្រធានាធិបតី​ Donald Trump អំពីការ​ដោះស្រាយការ​ចោទ​ប្រកាន់​ថារុស្ស៊ី​ផ្តល់ប្រាក់រង្វាន់​ដល់​ការ​សម្លាប់​ទាហានអាមេរិកាំង ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ការ​រិះគន់​យូរយារ​មក​ហើយ​របស់​លោក​ ចំពោះ​លោក​ប្រធានាធិបតី​អំពី​សន្តិសុខ​ជាតិ​ និង​គោល​នយោបាយ​ការ​បរទេស។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​ការ​ពិនិត្យ​មើល​ដិតដល់ឃើញ​ថា​គូ​ប្រជែង​ទាំងពីរ​នាក់​សម្រាប់​តំណែង​ប្រធានាធិបតី​ស​.រ.អា.​មានទស្ស​នៈ​មិន​សូវខុស​គ្នា​ទេអំពី​បញ្ហាគោល​នយោបាយ​ការ​បរទេសសំខាន់ៗ​ដូចជា​ការ​បញ្ចប់​សង្គ្រាម​អាមេរិកាំ​ង​នៅ​ឯ​ប្រទេស​ក្រៅ​ ការ​ការពារ​ការងារ​អាមរិកាំង​ និង​ការ​ទប់​ទល់នឹងការ​គឃ្លើនរបស់ចិន​ជា​ដើម។​

កាលពី​ថ្ងៃអង្គារ​ទី​៣០​ ខែ​មិថុនា​ លោក Biden បាន​ស្តីបន្ទោសការឆ្លើយ​តប​មិន​សកម្មរបស់​លោក Trump ដល់​របាយការណ៍​ខាង​ការ​ស៊ើបការសម្ងាត់ដែល​ថា​ពួក​រុស្ស៊ី​បាន​ផ្តល់​ប្រាក់​ឱ្យ​ពួក​យុទ្ធជន​តាលីបង់​ដើម្បី​សម្លាប់​ពួក​ទាហាន​អាមេរិកាំងនៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​លោក​ប្រធានាធិបតីបានអះ​អាង​ថាគេ​មិន​បានប្រាប់​លោក​ហើយ​ថាសេចក្តីរាយការណ៍​ទាំង​នេះ​មិន​គួរ​ឱ្យ​ជឿ​ទុក​ចិត្តបាន​ទេ។

​លោក​ Biden បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាសែតនៅក្នុង​ក្រុង Wilmington រដ្ឋ​ Delaware កាល​ពី​ថ្ងៃអង្គារទី​៣០​មិថុនាថា «រឿង​ដែល​ថា​លោក Trump ​និយាយ​ថា​លោក​មិន​បាន​ដឹង​ ឬ​ថា​គ្មាន​នរណា​និយាយ​ប្រាប់​លោក​អំពី​រឿង​នេះ​ជា​ការ​បោះបង់​ចោល​កាតព្វកិច្ច។ ប្រសិន​បើ​ដូច្នេះ​មែន ហើយ​ប្រសិន​បើមាន​គេ​និយាយ​ប្រាប់​លោក​ពី​រឿង​នេះ​ ហើយ​គ្មាន​ចំណាត់ការ​អ្វី​អំពី​រឿង​នេះ ការណ៍​នេះ​ក៏​ជា​ការ​បោះបង់​ចោល​កាតព្វកិច្ច​ដែរ‍»។

កាល​ពី​ថ្ងៃសុក្រ​ ទី២៦ ខែមិថុនា សេតវិមាន​បាន​ច្រាន​ចោលរបាយការណ៍​មួយ​របស់​កាសែត​ New York Times ដែល​ថា​ អង្គភាព​មួយនៃ​ក្រុម​ស៊ើបការណ៍​សម្ងាត់​យោធា​រុស្ស៊ី​បាន​ផ្តល់​ប្រាក់ដល់​ពួក​យុទ្ធជន​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឱ្យសម្លាប់​ពួក​ទាហាន​អាមេរិកាំង ​និងពួកសម្ព័ន្ធមិត្ត​ដោយ​បាន​និយាយ​ថា ​របាយការណ៍​នេះ «មិន​បាន​ត្រូវផ្ទៀង​ផ្ទាត់​ហើយ​ថា​គ្មាន​ការ​មូលមតិ​គ្នា​ក្នុង​ចំណោម​សហគមន៍​ខាង​ស៊ើបការណ៍​សម្ងាត់​ទេ»។​

​លោក Biden ដែលជាអនុ​ប្រធានាធិបតី​របស់​លោក​ប្រធានាធិបតី Barack Obama បាន​រិះគន់​ខ្លាំង​ដល់​អ្វីដែល​លោក​បាន​មាន​ប្រសាសន៍​ថា​ «ការ​គោរព» ​របស់​លោក Trump ដល់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ពួក​មេដឹកនាំ​ផ្តាច់ការ​ឯទៀតៗ​ ការដោះស្រាយ «ដោយ​គ្មាន​របៀប​ច្បាស់​លាស់» ​របស់​លោក​ដល់​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​គោល​នយោបាយការ​បរទេស «ប្រទេស​អាមេរិក​មុន​គេ»​ របស់លោក។

កាល​ពីខែ​មករា​ លោក​ Biden បានមានប្រសាសន៍​ថា​លោក Trump បាន​ធ្វើ​ឲ្យ​ស.រ.អា.​ហៀប​មាន​សង្គ្រាម​នៅ​ក្រោយប្រធានាធិបតីបាន​បញ្ជា​ឱ្យ​មានការ​វាយប្រហារ​មួយ​តាម​អាកាសដែល​បានសម្លាប់​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​អ៊ីរ៉ង់​គឺ​លោក Qasem Soleimani ​នៅ​ក្នុង​ក្រុង Baghdad នៅក្រោយមាន​ការ​វាយប្រហារ​ដ៏ប្រល័យ​គាំទ្រ​ដោយ​អ៊ីរ៉ង់​លើ​ជន​ជាតិ​អាមេរិកាំងក្នុង​ប្រទេស​អ៊ីរ៉ាក់។

លោក​ Biden បាន​មាន​ប្រសាសន៍នៅ​ក្នុង​បូរី New York កាលពី​ថ្ងៃទី៧​មករា​ថា «ការ​មិន​បាន​ពិគ្រោះជា​មួយ​ពួកសម្ព័ន្ធ​មិត្ត​យើង ឬ​សភា​ និង​ការ​ធ្វេស​ប្រហែស​ដោយ​មិន​បានគិត​គូរ​អំពី​ផល​វិបាក​ដែល​អាច​កើត​មាន​នៅ​ក្រោយ​ការ​វាយប្រហារ​នោះ​ តាម​ទស្សនៈ​របស់​ខ្ញុំ​ គឺ​ជាការ​គ្មាន​សមត្ថភាព​ប្រកប​ដោយ​គ្រោះថ្នាក់»។

ការ​អំពាវនាវ​ឱ្យ​មាន «ការ​សង​សឹក​ធ្ងន់​ធ្ងរ» ​នៅ​ក្នុង​ពិធីបុណ្យសព​លោក Qasem Soleimani នៅ​ក្នុង​ក្រុង Teheran ​បាន​បង្កើន​កង្វល់ថា ​ជម្លោះ​យោធាជា​មួយ​ស.រ.អា.​អាច​កើន​ឡើង​ខ្លាំង​ក៏​ប៉ុន្តែ​ភាព​តានតឹង​បាន​ត្រូវ​បន្ធូរ​នៅ​ក្រោយ​អ៊ីរ៉ង់​បាន​សងសឹកដោយ​បាន​ធ្វើ​ការ​វាយ​ប្រហារគ្មាន​មនុស្ស​ស្លាប់​ទៅ​លើ​មូលដ្ឋានយោធា​ស.រ.អា.​មួយក្នុង​ប្រទេស​អ៊ីរ៉ាក់។

របៀបវារៈ​របស់​លោក Biden

ជា​ការ​ផ្ទុយ​នឹងការ​ពឹង​ពាក់​របស់​លោក Trump លើការ​ទូត​ផ្ទាល់​ខ្លួន​ និង​សកម្មភាព​ឯកតោ​ភាគីដើម្បី​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ខាង​សន្តិសុខ លោក​អតីត​អនុប្រធានាធិបតី​ស.រ.អា. Joe Biden ​បាន​មានប្រសាសន៍​ថា​ លោក​នឹង​រៀប​ចំ​ឱ្យ​មានសន្និសីទ​កំពូល​មួយ​នៃពួក​ប្រទេសប្រជាធិបតេយ្យដើម្បី​ពង្រឹង​សម្ព័ន្ធភាព​គ្រា​ដែល​មាន​ការ​កើន​ឡើង​នូវ​របប​ផ្តាច់​ការ​នៅ​ទូទាំង​ពិភពលោក​ ហើយ​លោក​នឹង​ផ្តល់​អាទិភាព​ដល់​ការ​ចរចា​គ្នា​ជា​ជាង​ការ​ប្រទាំង​ប្រទើស​គ្នា។

លោក Biden ​ចង់​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​ចំណង​ទាក់ទង​ជាមួយ​អង្គការអូតង់​ក្នុង​ទ្វីប​អឺរ៉ុបនៅ​ក្រោយ​លោក Trump ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​កករ​ល្អក់​ដោយ​លោក​ត្រាំបាន​ទាមទារ​ឲ្យ​បណ្តា​សមាជិក​នៃ​អង្គការ​អូតង់​បង្កើនចំណាយ​ខាង​កិច្ចការ​ការពារ​ប្រទេស។​ កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Trump បានបញ្ជា​ឱ្យ​ដក​ទាហានអាមេរិកាំង​ប្រមាណ​មួយ​ម៉ឺន​នាក់​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​បែរឡាំង​មិន​បង្កើនការធ្វើ​វិភាគទាន​ខ្លួន​ដល់​អង្គការ​អូតង់​ទេ​នោះ។ រដ្ឋបាល Trump ក៏​បាន​ទាម​ទារឱ្យ​មាន​កំណើន​ការ​បង់​សោហ៊ុយ​រួមគ្នាសម្រាប់ពួក​ទាហាន​ស.រ.អា.​តាំង​ទី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ កូរ៉េខាងត្បូង ​និង​ប្រទេស​ជប៉ុន​ផង​ដែរ។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏បេក្ខជនប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​មាន​ជំហរ​ប្រហែល​គ្នានឹង​គោលជំហរ​លោក​ Trump ដែរ​អំពី​ការ​បញ្ឈប់​ការ​ទាក់ទិនខាង​យោធា​របស់ស.រ.អា.​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រទេស​ស៊ីរី​ អំពី​ការ​បន្តកិច្ច​ចរចា​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បីបញ្ឈប់​កម្មវិធីនុយក្លេអ៊ែររបស់​ប្រទេស​នេះ​ និង​ការ​ប្រឈម​នឹង​ប្រទេស​ចិន​ក្នុង​ការ​បង្ក្រាប​សិទ្ធិ​មនុស្ស​នៅ​ហុងកុង​ និង​ការ​បង្កើន​កម្លាំង​យោធា​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ លោក Biden បាន​ចេញផ្សាយសេចក្តី​ថ្លែងការណ៍​មួយ​ថ្កោល​ទោសប្រទេស​ចិនចំពោះការ​បង្ក្រាបលើ​ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុង​កុង ហើយ​ថ្លែង​ថា បើ​សិន​ជាលោកជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ លោក​នឹង​ហាមប្រាមក្រុមហ៊ុន​ស.រ.អា.​មិន​ឱ្យ «លើក​ទឹក​ចិត្ត​ដល់​ការ​សង្កត់សង្កិន»​ នៅហុងកុង ​ហើយ​នឹង​ដាក់​ទណ្ឌកម្មលើ​ប្រទេស​ចិនដោយ​សារការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។

លោក​ Biden បាន​សរសើរបទ​ពិសោធន៍​ទូលំ​ទូលាយ​ខាង​វិស័យ​អន្តរជាតិ​របស់​លោកក្នុង​កិច្ចការ​ការបរទេស​ក្នុង​ឋានៈ​លោក​ជា​អនុប្រធានាធិបតីរបស់​លោក​ Obama​ និង​ជា​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.ក្នុង​រយៈពេល​យូរដោយ​បម្រើការក្នុង​គណៈកម្មាធិការទំនាក់ទំនង​បរទេស។

សម័យ​លោក​ Obama ​កាន់​តំណែង​ប្រធានាធិបតី

លោក Biden ​ទំនង​ជា​នឹងចូល​រួម​ឡើង​វិញក្នុង​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​បាន​ត្រូវ​ធ្វើ​ការចរចា​ដោយរដ្ឋបាល​លោក​ ​Obama ដែល​លោក Trump បាន​ដក​ថយ​ពីព្រោះ​កិច្ចព្រមព្រៀង​នេះ​មិន​បាន​កម្រិត​ការ​អភិវឌ្ឍកាំជ្រួច​មីស៊ីល​ផ្លោង​អ៊ីរ៉ង់​ និង​ការ​គាំទ្រ​ដល់​ពួក​ជីវពល​ដែល​ទទួល​ការគាំទ្រពី​អ៊ីរ៉ង់។

លោក Biden ក៏​នឹងធ្វើ​ឱ្យ​ស.រ.អា.​មាន​ការ​ប្តេជ្ញា​ជា​ថ្មី​ដល់​កិច្ច​ព្រមព្រៀង​ក្រុង Paris អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ដែល​បាន​ត្រូវ​រៀបចំ​ឱ្យ​មាន​ឡើង​ដើម្បីកាត់​បន្ថយការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ឡាន និង​រោងចក្រ​ដើម្បី​ទប់ទល់​នឹង​ការ​កើន​កម្តៅ​ធាតុ​អាកាស​នៅ​ជុំ​វិញ​ពិភពលោក។

ក៏​ប៉ុន្តែ​លោក Biden បានមាន​ប្រសាសន៍​ថា​លោក​នឹង​មិន​ចូល​រូម​ជា​ថ្មី​ក្នុង​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនៃ​ភាព​ដៃ​គូឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ក្នុង​សម័យ​លោក​ប្រធានាធិបតី ​Obama ​ទេ ​ដែល​លោក Trump បាន​ដក​ថយ​កាលពី​ដើម​ឆ្នាំ២០១៧រហូត​ដល់​ពេល​ណា​មាន​ដាក់​បន្ថែម​នូវ​ការការពា​រខ្លាំង​ជាង​មុន​ដល់​ពលកម្ម​ និង​ការងារ​អាមរិកាំង​ក្នុង​កិច្ចព្រមព្រៀង​នេះ។

លោក​ Biden បាន​មាន​ប្រសាសន៍​នៅ​ក្នុង​គេហទំព័រ​នៃ​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ថា «នឹង​គ្មាន​ការ​វិលត្រឡប់​ទៅ​ដូច​ភាព​ដើម​វិញខាង​ពាណិជ្ជកម្ម​ទេ។ ក៏ប៉ុន្តែ​លោក​ក៏​បាន​និយាយ​បង្ហាញ​ហេតុផល​ចង់​ឱ្យ​មាន​កិ​ច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគីដើម្បី​កែលម្អការធ្វើពាណិជ្ជកម្មដោយ​យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរប្រជាធិបតេយ្យនៅ​ក្នុង​ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ លោក ឈឹម សុមេធ

XS
SM
MD
LG