ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​ដោយ​អង្គការ​ Gallop ​បង្ហាញ​ថា​ ​ពលរដ្ឋ​អាមេរិកាំង​៣៨ភាគរយគាំទ្រ​លោក​ ​Trump​


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ចូលរួមក្នុងពិធីបើកសាលារៀនឡើងវិញ នៅបន្ទប់ East Room នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ចូលរួមក្នុងពិធីបើកសាលារៀនឡើងវិញ នៅបន្ទប់ East Room នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

ការ​ស្ទង់​មតិ​ថ្មី​មួយ​ដោយ​អង្គការ ​Gallop ​បង្ហាញ​ថា​ ​ពលរដ្ឋអាមេរិកាំង​៣៨ភាគរយ​គាំទ្រ​ការ​បំពេញ​ការងារ​របស់​លោក​ប្រធានាធិបតី ​ Donald Trump ​នៅ​សេតវិមាន​ដែល​ជា​តួលេខ​មិន​មាន​ការ​ប្រែ​ប្រួល​ច្រើន​ខុស​ពី​តួលេខ​កាល​ពី​ខែ​មុន​ទេ​ ​ក៏​ប៉ុន្តែ​បាន​ចុះ​ថយ​ច្រើន​ពី​តួលេខ​កាល​ពី​ដើម​ខែ​ឧសភា។​

លោក ​Trump ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​តឹងតែង​ដើម្បី​ឱ្យ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​ក្នុង​ខែ​វិច្ឆិកា​ប្រឆាំង​នឹង​លោក​អតីត​អនុ​ប្រធានាធិបតី​ Joe Biden ​ដែល​មាន​អត្រា​គាំទ្រ​៤៩%​កាល​ពីពីរ​ខែ​មុន​នេះ។​

ក៏​ប៉ុន្តែ​ការ​គាំទ្រ​ដល់​លោក ​Trump ​បាន​ចុះថយ​ខ្លាំង​កាល​ពី​ចុង​ខែ​ឧសភា​និង​ដើម​ខែ​មិថុនា​នៅ​ពេល​មាន​បាតុកម្ម​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​ដល់​ឆ្នេរ​សមុទ្រ​ខាង​លិច​នៃ​ប្រទេស​អាមេរិក​ ដែល​បាតុកម្ម​ខ្លះ​បាន​ក្លាយ​ជា​អំពើ​ហិង្សា​ប្រឆាំង​នឹង​ការ​រំលោភ​ដោយ​ប៉ូលិស​លើ​ពួក​ជន​អំបូរ​ភាគ​តិច​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក​ George Floyd ​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ​នៅ​ពេល​លោក​ឋិត​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​ដោយ​ប៉ូលិស​នៅ​ក្នុង​ក្រុង​ Minneapolis ​រដ្ឋ​ Minnesota។​

លោក ​Trump ​បាន​សម្តែង​ការ​គាំទ្រ​របស់​លោក​ដល់​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធីដោយ​លោក​បាន​និយាយ​ថា ពលរដ្ឋអាមេរិកាំង​ចង់​ឱ្យ​មាន​ច្បាប់​និង​របៀប​រៀបរយ​ហើយ​លោក​បាន​សម្តែង​ការ​គាំទ្រ​ដល់​ពួក​ប៉ូលិស​ផង​ដែរ។​

នៅ​ពេល​នេះ​ នៅ​ពេល​បួន​ខែ​មុន​ការ​បោះឆ្នោត​ជាតិ​ ​អត្រា​គាំទ្រ​លោក ​Trump ​មាន​តែ​បី​ភាគ​រយ​ប៉ុណ្ណោះ​លើស​ការ​គាំទ្រ​ផ្ទាល់​ខ្លួន​របស់​លោក​ចំនួន​៣៥ភាគរយ ​ដែល​បាន​ត្រូវ​កត់​ត្រា​នៅ​ក្នុង​ឱកាស​បួន​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ឆ្នាំ​២០១៧។​ ការ​ចងក្រង​ ការ​ស្ទង់​មតិ​ជាតិ​ដោយ​គេហ​ទំព័រ​ Real Clear Politics ​បង្ហាញ​ថា​ លោក ​Biden ​នាំ​មុខ​លោក ​Trump​ ជា​មធ្យមជិត​៩​ភាគ​រយ។​

ការ​ស្ទង់​មតិ​ថ្មីៗ​បំផុត​របស់​អង្គការ​ Gallup ​បង្ហាញ​ឱ្យ​ឃើញ​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​ពេលមុន​នៅ​ក្នុង​ប្រទេស​អាមេរិក។​

ពួក​អ្នក​ធ្វើការ​ស្ទង់​មតិ​បាន​និយាយ​ថា​ ការ​ស្ទង់​មតិ​របស់​ពួក​គេ​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​៣០​ខែ​មិថុនា​បាន​បង្ហាញ​ថា​ ​ការ​គាំទ្រ​របស់​គណបក្ស​សាធារណរដ្ឋ​ដល់​លោក​ Trump​បាន​កើន​ឡើង​ពី​ ៨៥ភាគរយ​ទៅ​ដល់​ ៩១ភាគរយ ហើយ​ការ​គាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ចុះ​ពី​ ៥ភាគរយ​មក​ ២ភាគរយ​។​ ការ​គាំទ្រ​លោក ​Trump ​ពី​សំណាក់​ពួក​អ្នក​បោះឆ្នោត​ដែល​ហៅ​ខ្លួន​ឯង​ថា​ ជា​អ្នក​ឯករាជ្យ​នោះ​បាន​ចុះ​ថយ​ពី​៣៩ភាគរយមក​ត្រឹម​៣៣ភាគរយ​។​

អង្គការ ​Gallup ​បាន​និយាយ​ថា​ គម្លាត​ ៨៩​ភាគ​រយ​រវាង​ការ​គាំទ្រ​របស់​អ្នកបោះ​ឆ្នោត​សាធារណ​រដ្ឋ​និយម​និង​ក្រុម​អ្នក​បោះឆ្នោត​ប្រជា​ធិបតេយ្យ​ជា​គម្លាត​ធំ​បំផុត​ដែល​ពួក​គេ​បាន​កត់​ត្រា​នៅ​ក្នុង​រយៈ​ពេល​នៃ​ការ​ស្ទង់​មតិ​ច្រើន​ទសវត្សរ៍​មក​ហើយ។​

អង្គការ ​Gallup ​បាន​ថ្លែង​ថា​ ការ​ចុះ​ថយ​ការ​គាំទ្រ​នេះ​មាន​នៅ​ទូទាំង​ក្រុម​អ្នក​បោះឆ្នោត​ច្រើន​ប្រភេទ។ ​អង្គការ​នេះ​បាន​និយាយ​ថា​ ​នៅ​ពេល​នេះ​ការ​គាំទ្រ​លោក​ Trump ​ជា​ខ្លាំង​ដោយ​មាន​រួម​បញ្ចូល​ពួក​ជន​ជាតិ​អាមេរិកាំង​ស្បែក​ស​មិន​មែន​ជា​អំបូរ​ Hispanic ​ ពួក​បុរស​ ពួក​ពលរដ្ឋ​អាមេរិកាំង​មាន​វ័យ​ចំណាស់ ​ ពួក​អ្នក​ស្រុក​ក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស​ និង​ពួក​ជន​គ្មាន​បរិញ្ញា​ប័ត្រ​ពី​មហា​វិទ្យាល័យ»។​

ពួក​អ្នក​ស្ទង់​មតិ​បាន​និយាយ​ថា​ លោក​ Trump ​នៅ​មាន​ការ​គាំទ្រ​ច្រើន​ក្នុង​ចំណោម​ជនជាតិ​អាមេរិកាំង​ស្បែក​ស​គ្មាន​បរិញ្ញា​ប័ត្រ​ពី​មហា​វិទ្យាល័យ​ ក៏​ប៉ុន្តែ​តួលេខ​នេះ​បាន​ចុះ​ថយ​ពី​ចំនួន​៦៦ភាគរយកាល​ពីដើម​ឆ្នាំ។​

ការ​គាំទ្រ​ទូទៅ​ដល់​លោក​ Trump ​នៅ​ក្នុង​ខែ​មិថុនា​នៅ​ឆ្នាំ​មាន​ការ​បោះឆ្នោត​គឺ​ស្រដៀង​គ្នា​នឹង​ការ​គាំទ្រ​ប្រធានាធិបតី​ពីរ​នាក់​ដែល​បាន​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ឱ្យ​បាន​កាន់​តំណែង​មួយ​អណត្តិ​ទៀត​ក្នុង​ពេល​បួន​ទសវត្សរ៍​មុន​នេះ​គឺ​លោក ​Jimmy Carter ​កាលពី​ឆ្នាំ​១៩៨០​និង​លោក ​George H. W. Bush​ ក្នុង​ឆ្នាំ​១៩៩២៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG