ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ៖ ក្រុម​អ្នក​បោះឆ្នោត​វ័យក្មេង​គាំទ្រ​លោក Biden ច្រើន​ជាង​លោក Trump


លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​សុន្ទរកថា​ ក្នុង​អំឡុងពេល​នៃ​ការ​ជួបជុំ​អ្នក​គាំទ្រ​របស់​លោក​មួយ នៅ​ក្រុង Lancaster ​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​ ២៥ ខែមិថុនា ឆ្នាំ​២០២០។
លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​សុន្ទរកថា​ ក្នុង​អំឡុងពេល​នៃ​ការ​ជួបជុំ​អ្នក​គាំទ្រ​របស់​លោក​មួយ នៅ​ក្រុង Lancaster ​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​ ២៥ ខែមិថុនា ឆ្នាំ​២០២០។

ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​អាមេរិកាំង​គាំទ្រ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ​ដែល​មិន​ទាន់​ត្រូវ​បាន​តែងតាំង​ផ្លូវការ ច្រើន​ជាង​លោក​ប្រធានាធិបតី Donald Trump។ នេះ​បើ​យោង​តាម​ទិន្នន័យ​នៃ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ ដែល​បាន​ចេញ​ផ្សាយ​កាល​ពីពេល​ថ្មីៗ។

ការ​ស្ទង់មតិ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​កាសែត New York Times និង​មហាវិទ្យាល័យ Siena កាល​ពី​ថ្ងៃ​ពុធ​ទី ២៤ ខែ​មិថុនា បាន​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump ៣៤% ក្នុង​ចំណោម​ក្រុម​អ្នក​បោះឆ្នោត​ដែល​បាន​ចុះឈ្មោះ​រួច​ហើយ អាយុ​ចន្លោះ​ពី ១៨ ដល់ ៣៤ ឆ្នាំ។

បើ​ធ្វើ​ការ​ប្រៀបធៀប កាល​ពី​ឆ្នាំ ២០១៦ នៅ​ថ្ងៃ​បោះឆ្នោត អ្នកស្រី Hillary Clinton បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៥៥% ក្នុង​ចំណោម​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង ហើយ​លោក Trump ទទួល​បាន​ការ​គាំទ្រ​តែ ៣៧% ប៉ុណ្ណោះ ក្នុង​ចំណោម​ក្រុម​ជន​ទាំង​នេះ ដែល​ធ្វើ​ឲ្យ​អ្នកស្រី Clinton នាំ​មុខ​លោក Trump ចំនួន ១៨ ពិន្ទុ។

ជា​សរុប ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump ១៤ ពិន្ទុ ដោយ​មាន​ការ​នាំ​មុខ​ខ្លាំង​ក្នុង​ចំណោម​ក្រុម​អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ និង Hispanic។ លោក Trump នាំ​មុខ​លោក Biden ១៩ ពិន្ទុ ក្នុង​ចំណោម​ក្រុម​អ្នក​បោះ​ឆ្នោត​ស្បែក​ស​ដែល​មាន​ការ​អប់រំ​កម្រិត​ក្រោម​បរិញ្ញាប័ត្រ។

ចាប់​តាំង​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ឆ្នាំ ២០១៨ មក និន្នាការ​បង្ហាញ​ថា​មាន​ការ​កើន​ឡើង​នូវ​ការ​ចូល​រួមក្នុង​ការ​បោះឆ្នោត​ពី​សំណាក់​ក្រុមអ្នក​បោះឆ្នោត​វ័យ​ក្មេង ការ​កើន​ឡើង​នូវ​និន្នាការ​របស់​ពួក​គេ​ក្នុង​ការ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ។

លោក Richard Fry ដែល​ជា​អ្នក​ស្រាវជ្រាវ​ប្រជាសាស្ត្រ​នៅ​ឯ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ Pew ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បញ្ជាក់​ថា ការ​បោះ​ឆ្នោត​រវាង​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៨ របស់​ក្រុម​អ្នក​បោះ​ឆ្នោត​កើត​ចន្លោះ​ដើម​ទស្សវត្សរ៍ ១៩៨០ និង​ចុង​ទស្សវត្សរ៍ ១៩៩០ បាន​កើន​ឡើង​ជិត​ពីរ​ដង គឺ​ពី ២២% ទៅ ៤២%។

៣០% នៃ​មនុស្ស​កើត​ចន្លោះ​ឆ្នាំ ១៩៦៥ ដល់​ឆ្នាំ ១៩៨០ ដែល​មាន​សិទ្ធិ​បោះឆ្នោត បាន​ទៅ​បោះឆ្នោត​ពាក់កណ្តាល​អណត្តិ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​ពួកគេ។ ហើយ​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អណត្តិ ជាង​ពាក់​កណ្តាល​នៃ​ក្រុម​មនុស្ស​កើត​ចន្លោះ​ចុង​ទស្សវត្សរ៍ ១៩៩០ និង​ដើម​ទស្សវត្សរ៍ ២០១០ បាន​រាយការណ៍​ថា​ពួក​គេ​ធ្លាប់​បាន​បោះឆ្នោត។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អណត្តិ​កាល​ពី​ឆ្នាំ ២០១៨ ពីរ​ភាគ​បី​នៃ​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​អាយុ​ពី ១៨ ទៅ ២៩ ឆ្នាំ បាន​គាំទ្រ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​អាសនៈ​ក្នុង​សភា​ដែល​ជា​ភាព​ខុស​ឆ្ងាយ​ពី​គ្នា​ខ្លាំង​បំផុត​ខាង​ការ​គាំទ្រ​គណបក្ស​ក្នុង​រយៈពេល ២៥ ឆ្នាំ កន្លង​មក​នេះ។នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សម្រាប់​ព័ត៌មាន និង​ការ​ស្រាវជ្រាវ​អំពី​ការ​សិក្សា​និង​ការ​ចូលរួម​ខាង​សិទ្ធិ​ពលរដ្ឋ នៃ​សាកល​វិទ្យាល័យ Tufts ក្នង​រដ្ឋ Massachusetts៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG