វិបត្តិជំងឺកូវីដ១៩ បានជំរុញឲ្យគណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកចាត់វិធានការជាប្រវត្តិសាស្ត្រនៅក្នុងការរៀបចំសន្និបាតរបស់គណបក្សនៅខែសីហាខាងមុខភាគច្រើនជាលក្ខណៈបែបអនឡាញ ដើម្បីតែងតាំងលោក Joe Biden ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សជាផ្លូវការ។
គណៈកម្មាធិការសន្និបាតជាតិគណបក្សប្រជាធិបតេយ្យបានប្រកាសអំពីការសម្រេចនេះកាលពីថ្ងៃពុធម្សិលមិញ ដោយបានបញ្ជាក់ថា គណៈប្រតិភូនានារបស់រដ្ឋនឹងត្រូវប្រាប់ឲ្យស្នាក់នៅក្នុងផ្ទះ ហើយទីក្រុង Milwaukee រដ្ឋ Wisconsin នៅតែធ្វើជាមជ្ឈមណ្ឌលចម្បងនៃការផ្សាយបន្តផ្ទាល់រយៈពេល ៤ យប់ ប៉ុន្តែទីក្រុងតូចៗ និងកន្លែងសំខាន់ៗក៏ដើរតួមួយផ្នែកនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
អ្នកស្រី Jen O'Malley Dillon ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា លោក Biden នៅតែមានបំណង «ទទួលយកដោយមោទនភាពនូវការតែងតាំងរបស់គណបក្សរបស់លោកនៅក្នុងទីក្រុង Milwaukee»។
ភាគច្រើននៃកិច្ចការរៀបចំសន្និបាតគណបក្ស ដែលធ្វើឡើងដោយមន្ត្រីគណបក្សដែលចូលរួមពីទូទាំងប្រទេសនេះ នឹងត្រូវសម្រេចឡើងតាមរយៈការធ្វើការតាមអនឡាញ។
គណៈកម្មាធិការសន្និបាតជាតិគណបក្សប្រជាធិបតេយ្យបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា៖ «គណៈកម្មាធិការបានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញារបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការរៀបចំសន្និបាតមួយដែលនឹងការពារសុខភាពសាធារណជន ហើយស្របពេលជាមួយគ្នានេះដែរផ្លាស់ប្ដូរបទពិសោធន៍របស់សន្និបាតនេះសម្រាប់គណៈប្រតិភូ និងអ្នកទស្សនា»។
លោក Tom Perez ប្រធានគណៈកម្មាធិការជាតិគណបក្សប្រជាធិតេយ្យ បាននិយាយថា៖
«ផ្ទុយពីលោកប្រធានាធិបតី Donald Trump លោក Joe Biden និងសមាជិកគណបក្សប្រជាធិបតេយ្យប្ដេជ្ញាការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាមេរិកាំង»៕