ក្រុមភ្នាក់ងារពិសេស និងអ្នកត្រួតពិនិត្យសត្វព្រៃបួននាក់ មកពីភ្នាក់ងារមច្ឆាជាតិ និងសត្វព្រៃសហរដ្ឋអាមេរិក បានមកដល់ឃ្លាំងផ្ទុកទំនិញដឹកតាមយន្តហោះ មានទីតាំងនៅជិតព្រលានយន្តហោះអន្តរជាតិ Seattle-Tacoma។ អាវុធដែលពួកគេមាននៅក្នុងដៃមិនមែនជាកាំភ្លើងទេ ប៉ុន្តែ ជាសៀវភៅខ្នាតតូចដែលរៀបរាប់អំពីសត្វព្រៃនៅទ្វីបអាហ្វ្រិក ព្រមទាំងទួរណឺវីសប្រើអគ្គិសនីមួយចំនួន។
ក្រុមអ្នកត្រួតពិនិត្យនៃរដ្ឋសហព័ន្ធទាំងនេះ ចង់ពិនិត្យមើលខាងក្នុងប្រអប់ឈើដែលមាននៅទីនោះ។
«មានប្រអប់ច្រើនណាស់នៅទីនេះ»។
នៅក្នុងឯកសារបញ្ជីរាយការណ៍ទំនិញសរសេរថា នៅក្នុងប្រអប់ឈើទាំងនោះមានជ័យភណ្ឌ ដែលបានមកពីការបរបាញ់សត្វព្រៃក្នុងទ្រង់ទ្រាយធំនៅទ្វីបអាហ្រ្វិកភាគខាងត្បូង។
«អ៊ីចឹង នេះគឺជាគ្រឿងភ្លុក....»
លោក John Goldman ដែលជាអ្នកដឹកនាំក្រុមអ្នកត្រួតពិនិត្យនោះនិយាយថា ក្នុងករណីនេះប្រអប់ទាំងនោះ មិនមានគ្រឿងភ្លុកខុសច្បាប់ទេ ពីព្រោះភ្លុកនេះស្ថិតនៅក្នុងប្រភេទលលាដ៍ជ្រូកព្រៃ ដែលមិនមែនជាប្រភេទសត្វត្រូវការការពារជាចំាបាច់នោះទេ។
ការស៊ើបអង្កេតថ្មីៗអំពីការប្រមាញ់សត្វដំរី និងសត្វរមាសនៅក្នុងទ្វីបអាហ្វ្រិក បានធ្វើការផ្សារភ្ជាប់ការកើនឡើងនូវការធ្វើចរាចរណ៍សត្វព្រៃច្រើនជាងមុនទៅនឹងការបំពេញតម្រូវការពីប្រទេសចិន និងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រធានបទស្តីអំពីការជួញដូរសត្វព្រៃបានលេចឡើងនៅពេលដែលប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅឯសេតវិមាន កាលពីខែកញ្ញាកន្លងទៅ។ បញ្ជីកត់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងទ្វេភាគី ដែលបានសម្រេចឡើងនៅឯសេតវិមានក្នុងអំឡុងពេលនៃជំនួបកំពូលនោះ រួមមានការសន្យាចាត់វិធានការដោយភាគីចិនលើការជួញដូរសត្វព្រៃ ដើម្បីធ្វើឲ្យស្របទៅនឹងការបង្រ្កាបការធ្វើជំនួញគ្រឿងភ្លុកដែលសហរដ្ឋអាមេរិកបានប្រកាសឡើង។
អ្នកតាមដានរឿងនេះមួយចំនួននិយាយថា ការលក់ដូរគ្រឿងភ្លុកនៅសហរដ្ឋអាមេរិក មិនបានចូលរួមចំណែកច្រើនក្នុងការជួញដូរគ្រឿងភ្លុកខុសច្បាប់នោះទេ។ ប៉ុន្តែ ក្រុមអ្នកតស៊ូមតិផ្នែកសត្វព្រៃ បានអះអាងថា សហរដ្ឋអាមេរិកមានទីផ្សារធំជាងគេបំផុតមួយនៅលើសាកលលោក ដែលទីផ្សារនោះលក់គ្រឿងភ្លុកទាំងស្របច្បាប់ និងខុសច្បាប់ ហើយក្រុមនោះបញ្ជាក់ថា ការបញ្ឈប់កុំឲ្យមានតម្រូវការនៅក្នុងប្រទេសរបស់ខ្លួន គឺជាគន្លឹះឈានទៅកាន់ការបញ្ឈប់ការសម្លាប់សត្វដំរីនៅឯប្រទេសផ្សេងទៀត។
នេះហើយជាចំណុចដែលលោក John Goldman និងភ្នាក់ងាររបស់លោកចូលមកធ្វើអន្តរាគមន៍។ ព្រៃឈើ និងវាលស្មៅនៃទ្វីបអាហ្រ្វិកហាក់ដូចជានៅឆ្ងាយណាស់ ក៏ប៉ុន្តែការរត់ពន្ធសត្វព្រៃខុសច្បាប់បានឆ្លងកាត់ភាគពាយ័ព្យនៃតំបន់ប៉ាស៊ីហ្វិក។ ក្នុងមួយឆ្នាំៗ មានការរឹបអូសគ្រឿងអលង្ការធ្វើពីភ្លុកដំរី ឬរឹបអូសគ្រឿងចម្លាក់ ឬជ័យភណ្ឌសត្វដំរី ដែលគេបរបាញ់ជាកីឡាកម្សាន្ត ហើយត្រូវបាននាំចូលដោយខុសច្បាប់ ដែលការរឹបអូសនេះធ្វើឡើងនៅកំពង់ផែ និងព្រលានយន្តហោះ Seattle/Tacoma និងនៅក្បែរព្រំដែនជាប់នឹងប្រទេសកាណាដា។
លោក John Goldman និយាយថា៖ «វាមិនជាញឹកញយប៉ុន្មានទេ ដែលយើងបានប្រទះឃើញរបស់ទាំងនោះ....»។
ក៏ប៉ុន្តែលោកបញ្ជាក់ថា មានហេតុផលរាប់មិនអស់ដែលធ្វើឲ្យយើងជឿថា បញ្ហានេះកើតឡើងដោយសារមានច្បាប់អនុញ្ញាត។
«ខ្ញុំហ៊ាននិយាយថា យើងមានកំពង់ផែសមុទ្រធំលំដាប់ទីបួននៅក្នុងសហរដ្ឋអាមេរិក ហើយកំពង់ផែនេះកំពុងតែរីកកាន់តែធំ និងក្លាយជាតំបន់មួយដែលកំពុងតែពង្រីកខ្លួន។ នៅទីនេះ មានភាពសម្បូរសប្បាយខ្លាំងណាស់ ហើយភាពសម្បូរសប្បាយទាំងនេះហើយដែលជាចំណុចឆ្ពោះទៅរកការនាំចូល និងនាំចេញសត្វព្រៃខុសច្បាប់ក្នុងចំនួនដ៏ច្រើន»។
ដូច្នេះ នេះជាបញ្ហាដែលត្រូវដោះស្រាយដោយច្បាប់សហព័ន្ធ និងជាបញ្ហានៅពេលដែលក្រុមអ្នកត្រួតពិនិត្យរកចាប់មិនសូវបាននូវផលិតផលធ្វើពីសត្វដំរី ឬរមាសនៅក្នុងតំបន់។
ចុះហេតុអ្វីបានជាក្រុមអ្នកអភិរក្សសត្វព្រៃដូចជា អង្គការសង្គមមនុស្សធម៌អាមេរិក (Humane Society of the U.S) អង្គការសង្គមអភិរក្សសត្វព្រៃ (Wildlife Conservation Society) ក្រុមប្រឹក្សាការពារធនធានធម្មជាតិ (Natural Resources Defense Council) និងអង្គការជាច្រើនទៀត ចង់ឲ្យមានច្បាប់ប្រចាំរដ្ឋនីមួយៗដើម្បីប្រឆាំងនឹងសកម្មភាពបំផ្លិចបំផ្លាញសត្វព្រៃទាំងនេះ? អ្នកស្រី Jennifer Hillman នៃអង្គការសង្គមមនុស្សធម៌អាមេរិកនិយាយថា ការមានច្បាប់ទាំងនេះ គឺជាសារមួយដើម្បីបញ្ជាក់ថា៖
«ការអនុវត្តច្បាប់ស៊ីជម្រៅមួយនៅកម្រិតរដ្ឋសហព័ន្ធ នឹងជួយទប់ស្កាត់ការជួញដូរជាទូទៅដែលកើតមានឡើងរវាងរដ្ឋសហព័ន្ធមួយទៅរដ្ឋសហព័ន្ធមួយទៀត»។
នេះជាទិសដៅដែលបូរីញូវយ៉ក រដ្ឋ New Jersey និងរដ្ឋ Californiaបានចាប់យក តាមរយៈការដាក់បម្រាមលើការលក់ដូរភ្លុកដំរីស្ទើរតែទាំងស្រុងនៅក្នុងព្រំដែនរបស់ខ្លួន។
អង្គនីតិបញ្ញត្តិនៃរដ្ឋ Oregon និងរដ្ឋវ៉ាស៊ីនតោន បានពិចារណាវិធានការស្រដៀងគ្នានេះ ក្នុងសម័យប្រជុំរបស់ខ្លួនកាលពីដើមឆ្នាំនេះ។ ក៏ប៉ុន្តែ ច្បាប់ទាំងនោះមិនត្រូវបានអនុម័តឡើយ ដោយមានការប្រឆាំងពីក្រុមអ្នកស្រឡាញ់កាំបិត និងកាំភ្លើង និងក្រុមអ្នកសន្សំវត្ថុបូរាណ ដូចជាលោក Stuart Halsan ជាដើម។ លោក Stuart Halsan អះអាងបញ្ជាក់ថា វាមិនយុត្តិធម៌សម្រាប់ម្ចាស់ភ្លុក ដែលប្រើកាំបិត និងកាំភ្លើង ដែលមានដងធ្វើពីភ្លុកប្រមូលបានដោយស្របតាមច្បាប់នោះទេ។
«ការពិតគឺថា ការបរបាញ់សត្វព្រៃនៅក្នុងទ្វីបអាហ្រ្វិក មិនអាចបញ្ឈប់ដោយការផ្តួចផ្តើមមួយកើតចេញពីរដ្ឋធានីវ៉ាស៊ីនតោនទេ។ ការផ្តួចផ្តើមនេះឮនឹងមិនដំណើរការទេ ហើយវានឹងធ្វើឲ្យវត្ថុបុរាណស្របច្បាប់ផ្សេងៗក្លាយជារបស់គ្មានតម្លៃ»។
នាពេលបច្ចុប្បន្ននេះ គ្រឿងភ្លុកដំរីមកពីទ្វីបអាហ្វ្រិកដែលគេកែច្នៃកាលពីរាប់សិបឆ្នាំមុន អាចលក់បាននៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើអ្នកលក់វត្ថុទាំងនោះអាចបង្ហាញជាឯកសារថា គ្រឿងធ្វើពីភ្លុកដំរីទាំងនោះបានមកដល់ប្រទេសនេះតាំងពីមុនឆ្នាំ១៩៩០។
ក្រុមអ្នកតស៊ូមតិដើម្បីសត្វព្រៃ កំពុងធ្វើយុទ្ធនាការរបស់ពួកគេឆ្ពោះទៅកាន់ក្រុមអ្នកបោះឆ្នោតជាមួយនឹងញ្ញតិកោះហៅឲ្យមានការបោះឆ្នោតជាសាធារណៈនៅក្នុងរដ្ឋវ៉ាស៊ីនតោន និងនៅរដ្ឋ Oregon។ ពួកគេនិយាយចំៗអំពីការស្វែងរកការហាមឃាត់ដ៏ទូលំទូលាយចំពោះការលក់ដូរគ្រឿងភ្លុក មិនថានៅប្រទេសដែលជាប្រភពដើមនៃសត្វព្រៃទាំងនោះ ឬទីណាឡើយ។ ក្រុមសកម្មជននេះអះអាងថា ពាណិជ្ជកម្មគ្រឿងភ្លុកស្របច្បាប់បានបង្កើតជារបាំងគ្របពីការលក់ដូរគ្រឿងលម្អកំប៉ិកកំប៉ុក និងគ្រឿងចម្លាក់ខុសច្បាប់ជាច្រើន៕
ប្រែសម្រួលដោយ នៀម ឆេង