ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសម្លាប់​តោ​ Cecil​ ​បង្ក​ឲ្យ​មាន​ការ​ជជែក​ដេញដោល​លើ​«ការ​ចិញ្ចឹមសត្វ​ដើម្បី​ប្រមាញ់»


សត្វតោ Cecil ដ៏ល្បីឈ្មោះ​ដែល​គេ​អភិរក្ស​​ក្នុង​ឧទ្យានជាតិ​ Hwange របស់​ប្រទេស​ស៊ីមបាវ៉េ។ Walter James Palmer ដែល​ជា​និស្សិត​ផ្នែក​ទន្តពេទ្យមកពី​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​ជឿ​ថា​ ជា​អ្នក​សម្លាប់​សត្វតោ​នេះ។
សត្វតោ Cecil ដ៏ល្បីឈ្មោះ​ដែល​គេ​អភិរក្ស​​ក្នុង​ឧទ្យានជាតិ​ Hwange របស់​ប្រទេស​ស៊ីមបាវ៉េ។ Walter James Palmer ដែល​ជា​និស្សិត​ផ្នែក​ទន្តពេទ្យមកពី​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​ជឿ​ថា​ ជា​អ្នក​សម្លាប់​សត្វតោ​នេះ។

ការ​ស្លាប់​នៃ​សត្វ​តោ​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ប្រទេស​ស៊ីមបាវ៉េ​ ដោយ​​ថ្វីដៃ​របស់​អ្នក​ប្រមាញ់​ជន​ជាតិ​អាមេរិក​ បាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​«ការ​ចិញ្ចឹម​សត្វ​តោ​ដើម្បី​ប្រមាញ់» ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។

ការ​ស្លាប់​នៃ​សត្វ​តោ​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ប្រទេស​ស៊ីមបាវ៉េ​ ដោយថ្វីដៃ​របស់​អ្នក​ប្រមាញ់​ជន​ជាតិ​អាមេរិក​ បាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​«ការ​ចិញ្ចឹម​សត្វ​តោ​ដើម្បី​ប្រមាញ់» ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ ​ក្រុម​អ្នក​ជំនាញមួយចំនួននៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ បាន​និយាយ​ថា​ ការ​ជជែក​ពិភាក្សា​អំពី​រឿង​នេះ ​ត្រូវ​បាន​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ។

ការ​សម្លាប់​សត្វ​តោ​ Cecil ​ជា​ទី​ស្រឡាញ់​របស់​ប្រទេស​ស៊ីមបាវ៉េ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​បង្ក​ឲ្យ​មានភាព​ចម្រូង​ចម្រាស​មួយ​នៅ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ជិតខាង​ដែល​ជា​ទិសដៅ​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​អ្នកប្រមាញ់សត្វ​ទៅ​ពីចម្ងាយ ដូច​ជា​សត្វ​តោ​ ខ្លា​រខិន​ និង​ពពួក​សត្វ​ក្នុង​អម្បូរ​ដូច​គ្នា​នេះ។

ឧស្សាហកម្ម​ប្រមាញ់​សត្វ​នៅ​អាហ្វ្រិកខាងត្បូង​ គឺ​ជា​ឧស្សាហកម្ម​មួយ​ដែល​រក​ផល​ចំណេញ​បាន​ច្រើន​ ដោយ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក៏​ប៉ុន្តែ​ ការ​សម្លាប់​សត្វ​តោ ​Cecil ​ក្រោម​ថ្វីដៃ​ទន្តពេទ្យ​ម្នាក់​មក​ពី​រដ្ឋ​ Minnesota​ នៃ​សហរដ្ឋអាមេរិក​ បាន​បណ្តាល​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ និង​មាន​ភាព​តាន​តឹង​ជុំវិញ​អនាគត​នៃ​ឧស្សាហកម្ម​ប្រមាញ់​សត្វ​នេះ។

លោក​ Peter Oberem ​ប្រធាន​អង្គការ​ចិញ្ចឹម​សត្វ​ព្រៃ ​(Wildlife Ranching) នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ជា​ក្រុម​មួយ​តំណាង​ឲ្យម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ប្រមាញ់​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​និយាយ​ថា​ លោក​គាំទ្រ​គំនិត​នៃ​ការ​ប្រមាញ់​ស្ថិត​នៅ​ក្នុង​បរិស្ថាន​ដែលត្រូវ​បាន​គ្រប់​គ្រង ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ការ​ស្លាប់​របស់​តោ Cecil ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​លក្ខខណ្ឌ​ចាំបាច់​ទាំង​នោះ​ទេ។

«ខ្ញុំ​គិត​ថា​ វា​ពិត​ជា​សោកនាដកម្ម​មួយ​ ពីព្រោះ​តាម​ដែល​ខ្ញុំ​បាន​ដឹង​ យ៉ាង​ហោច​ណាស់​ វា​ជា​សត្វ​តោ​ដែល​បាន​មក​ពី​ឧទ្យាន​សម្រាប់​បរបាញ់​សត្វ​ដ៏​ធំ​មួយ​ ហើយ​ត្រូវ​បាន​ល្បួង​ឲ្យ​ចេញ​តាមរបង​ ដែល​នេះ​ជា​ទង្វើ​គ្មាន​ក្រម​សីលធម៌​មួយ​ ដូច្នេះ​គួរ​តែ​ត្រូវ​បាន​ថ្កោល​ទោស​ទាំង​ស្រុង»។

ក្រុម​បាតុករ​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​ទន្តពេទ្យ​របស់​វេជ្ជបណ្ឌិត​ Walter James Palmer ក្នុង​ទីក្រុង​ Bloomington រដ្ឋ Minnesota សហរដ្ឋអាមេរិក កាល​ពីថ្ងៃ២៩ ​ខែកក្កដា ឆ្នាំ២០១៥។ តាម​សេចក្តី​រាយការណ៍ ​Palmer បាន​ចំណាយ​ប្រាក់​៥០.០០០​ដុល្លារ​ដើម្បី​តាម​ដាន​និង​សម្លាប់​សត្វ​តោ​នេះ។
ក្រុម​បាតុករ​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​ទន្តពេទ្យ​របស់​វេជ្ជបណ្ឌិត​ Walter James Palmer ក្នុង​ទីក្រុង​ Bloomington រដ្ឋ Minnesota សហរដ្ឋអាមេរិក កាល​ពីថ្ងៃ២៩ ​ខែកក្កដា ឆ្នាំ២០១៥។ តាម​សេចក្តី​រាយការណ៍ ​Palmer បាន​ចំណាយ​ប្រាក់​៥០.០០០​ដុល្លារ​ដើម្បី​តាម​ដាន​និង​សម្លាប់​សត្វ​តោ​នេះ។

​លោក​ Dex Kotze​ ដែល​ជា​អ្នក​អភិរក្ស​ម្នាក់​ជឿ​ជាក់​ថា​ ហេតុការណ៍​នេះ​នឹង​ផ្លាស់​ប្តូរ​ការ​ជជែក​ពិភាក្សា​នៅ​ទូទាំង​ប្រទេស​អាហ្រ្វិកខាងត្បូង​អំពី​ការ​ចិញ្ចឹម​សត្វ​តោ​ដើម្បី​ប្រមាញ់​ ដែល​អ្នក​ប្រមាញ់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្លាប់​សត្វ​សម្រាប់​បង្កាត់​ពូជ​ក្នុង​ពេល​ពួក​គេ​បរបាញ់។

លោក​បាន​និយាយ​ថា​ ឧប្បត្តិហេតុ​នេះ​បាន​ជំរុញ​ឲ្យ​មាន​សេចក្តី​ថ្លែង​ការណ៍​ពី​ក្រុម​មន្ត្រី​កំពូល​របស់​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ ដែល​មន្ត្រី​ទាំង​នោះ​បាន​និយាយ​ថា​ ច្បាប់​ក្នុងការ​បរបាញ់​សត្វ​ក្នុងប្រទេស​នេះ​ប្រហែល​ជា​ត្រូវ​ការ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ។

«បទ​បញ្ញត្តិ​នេះ​ត្រូវការ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​លុប​បំបាត់​ការ​ប្រមាញ់​សត្វ​តោ​ដែល​គេ​ចាប់​ត្រៀម​ទុក​សម្រាប់​អ្នក​ប្រមាញ់។ វា​ជា​ការ​ខុស​ឆ្គង​ វា​អសីលធម៌​ ហើយ​វា​ជា​អំពើ​ខុស​ក្រមសីលធម៌»។

ក៏​ប៉ុន្តែ​ លោក​ Oberem ​មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ​ទេ ដោយ​លោក​និយាយ​ថា ​ការ​ប្រមាញ់​អាច​ជួយ​គ្រប់​គ្រង​លើ​ចំនួន​សត្វ​ទាំង​នោះ​ ហើយ​ការបរបាញ់​អាចធ្វើ​ឡើង​បាន​ដោយគ្មាន​ភាព​ព្រៃផ្សៃ។

«នៅ​ពេល​ដែល​សត្វ​ទាំង​នោះ​កំពុង​ជិត​ផុត​ពូជ ការ​ប្រមាញ់​នៅ​តែ​អាច​ដើរតួ​សំខាន់​មួយ​ ប៉ុន្តែ​វា​ត្រូវ​តែ​គ្រប់គ្រង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​ ហើយគេ​គួរ​តែ​ផ្តោត​លើ​សត្វ​ដែល​មាន​វ័យ​ចំណាស់​ប៉ុណ្ណោះ ដែល​យើង​អាច​និយាយ​បាន​ថា សត្វ​នោះ​ប្រហែល​ជា​ជិត​ដល់​ថ្ងៃ​ស្លាប់​ហើយ»។

លោក Kotze និយាយ​ថា​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ​ការ​ប្រមាញ់​សត្វ​ចាស់ៗ​មិន​មែន​ជា​រឿង​ធម្មតា​ដូច​ដែលអ្នក​ប្រមាញ់​ជឿ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា​ នៅ​ក្នុង​កសិដ្ឋាន​សម្រាប់ប្រមាញ់​សត្វ​មួយ​ចំនួន​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​សត្វ​ជា​ច្រើន​ត្រូវ​បាន​ដោះ​លែង​សម្រាប់​ការបរបាញ់​ ដែល​សត្វ​ទាំង​នោះ​មាន​អាយុ​ត្រឹម​តែប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ ហើយ​វា​ជា​គោលដៅ​សំខាន់​សម្រាប់​ពួក​អ្នក​បរបាញ់​យក​ជ័យភ័ណ្ឌ។ អ្នក​បរបាញ់​ទាំង​នោះ​ក៏​ត្រូវ​ការ​ផងដែរ​សត្វ​ដែលគ្មាន​ស្លាក​ស្នាម​អាក្រក់នៅ​លើ​ផ្ទៃ​មុខ​ ដែល​កើត​មាន​ពេល​ពួក​វា​នៅ​ក្នុង​ព្រៃ។

ក្រុម​អ្នក​ជំនាញ​បាន​យល់​ស្រប​ថា​ ការ​ជជែក​ពិភាក្សា​បែប​នេះ​ ត្រូវ​បាន​គេ​រង់ចាំ​ជាយូរ​មក​ហើយ ​បើទោះ​បី​ជា​ វា​ហួស​ពេល​សម្រាប់​សត្វ​តោ​ Cecil​ ក៏​ដោយ៕

ប្រែសម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG