ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ផ្តល់​ជំនួយ​ដល់​ស៊ីមបាវ៉េ​ក្នុងការ​អភិរក្ស​សត្វ​ព្រៃ


រូបឯកសារ៖ សត្វ​តោ​ Cecil កាលពី​នៅ​រស់​ឋិតនៅ​ក្នុង​ឧទ្យាន​ Hwange National Park។ Cecil ត្រូវ​បាន​ជន​អាមេរិកាំង​ដែល​ជា​ទន្តពេទ្យ​បាញ់សម្លាប់​ក្រោយ​ពី​បាន​ល្បួង​ឲ្យ​ចេញ​ពី​ឧទ្យាន។
រូបឯកសារ៖ សត្វ​តោ​ Cecil កាលពី​នៅ​រស់​ឋិតនៅ​ក្នុង​ឧទ្យាន​ Hwange National Park។ Cecil ត្រូវ​បាន​ជន​អាមេរិកាំង​ដែល​ជា​ទន្តពេទ្យ​បាញ់សម្លាប់​ក្រោយ​ពី​បាន​ល្បួង​ឲ្យ​ចេញ​ពី​ឧទ្យាន។

ការ​សម្លាប់​សត្វ​តោ​ Cecil​ នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​បង្ក​ឲ្យ​មានការ​ផ្តល់​ជំនួយ​ជា​ហូរហែ​ពី​ប្រទេស​ចិន​ដើម្បី​ការពារ​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​នេះ។

មន្ត្រី​ស៊ីមបាវ៉េ​ជា​ច្រើន​រួម​បញ្ចូល​ទាំងលោក​ Oppah Muchinguri រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​និង​សត្វព្រៃ​ផង​នោះ​ ​កំពុង​ទះ​ដៃ​អបអរសាទរ​បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ឧបករណ៍​ប្រឆាំង​ការ​ប្រម៉ាញ់​សត្វព្រៃ ​មាន​តម្លៃ​១០​ម៉ឺន​ដុល្លារ​ពី​សមាគម​មួយ​ដែល​ហៅ​ខ្លួន​ឯងថា​ជា​ «សមាគម​មូលនិធិ​សត្វព្រៃ​ ចិន​-ស៊ីមបាវ៉េ»។

«ខ្ញុំ​ចង់​អរគុណ​ដល់​ចិនជា​មិត្ត​របស់​យើង ដែល​បានចូល​រួម​ចំណែក​ក្នុង​ការ​ផ្តល់​ស្នាម​ញញឹម​ដល់​ពួក​យើង។ ដូច្នេះ​ យើង​ខ្ញុំ​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់​សម្រាប់​ការ​គាំទ្រ​របស់​អ្នក ហើយ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ប៉ុណ្ណោះ»។

រថយន្ត​សម្រាប់​ដើរ​ល្បាត​មួយ ​និង​ឯក​សណ្ឋាន​សម្រាប់​មន្រ្តី​ប្រឆាំង​ការ​ប្រម៉ាញ់​សត្វ​ព្រៃ​ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជំនួយ​ឧបត្ថម្ភ​នោះ​ដែរ។

លោក ​Li Song ​ដែលជា​ស្ថាបនិក​នៃ​ក្រុម​នេះ​ បាន​ពន្យល់​អំពី​ហេតុផល​សម្រាប់​ការ​ផ្តល់​ជំនួយ​នេះ​ថា៖

«នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ ដែល​ជា​ឋាន​សួគ៌​មួយ​នៃ​សត្វ​ព្រៃ​នោះ​ កំពុងប្រឈម​នឹង​បញ្ហា​ធ្ងន់​ធ្ងរ​ដោយសារ​ការ​ប្រម៉ាញ់​យក​ពាន​រង្វាន់​ដែល​សកម្មភាព​បែប​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ ឬ​ក៏​ដោយសារ​តែ​ការ​ប្រម៉ាញ់​យក​សាច់​ធ្វើ​ឡើង​ដោយ​អ្នក​ភូមិ។ សម្ពាធ​នៃ​ការ​ប្រម៉ាញ់​ខុស​ច្បាប់​នេះ បាន​ធ្លាក់​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ នៅ​ចំ​ពេលដែលធន​ធានដែល​ពួក​គេ​មាន​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិរក្ស​សត្វព្រៃ​របស់​ខ្លួន។ ដូច្នេះ​ គោល​បំណង​របស់​សមាគម​មូលនិធិ​សត្វព្រៃ ​ចិន-ស៊ីមបាវ៉េ​ គឺ​សម្រប​សម្រួល​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់​សហគមន៍​ចិន​ ទាំង​រដ្ឋ​ និង​ឯកជន​ ដើម្បី​សម្របសម្រួល​ក្នុង​ការ​ប្រមូល​ផ្ដុំ​ធនធាន​ និង​ការ​គាំទ្រ​សម្រាប់​ការ​អភិរក្ស​សត្វព្រៃ​នៅ​ប្រទេស​ស៊ីមបាវ៉េ​នេះ»។

រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដែល​មាន​ទឹក​ប្រាក់​២,៣លាន​ដុល្លារ​ដើម្បី​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អភិរក្ស​នោះ។

ក្រុម​ការងារ​អភិរក្ស​របស់​ប្រទេស​ស៊ីមបាវ៉េ ​ធ្លាប់​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​ការ​បំផ្លិច​បំផ្លាញ​សត្វព្រៃ​របស់​ប្រទេស​នេះ។ ក្រុម​អ្នក​អភិរក្ស​ឯករាជ្យ​មួយ​នេះ​ បាន​ត្អូញ​ត្អែរអំពី​កូន​ដំរី​ដែល​ត្រូវ​បាន​យក​ទៅ​កាន់​សួន​សត្វ​នៅ​ប្រទេស​ចិន។ ប្រទេស​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ទិស​ដៅ​ដ៏​សំខាន់​សម្រាប់​ការ​ប្រម៉ាញ់​ខុស​ច្បាប់ដើម្បី​យក​ភ្លុកដំរី​និង​ផលិតផល​ពី​សត្វ​ព្រៃ​ផ្សេង​ទៀត។

ប៉ុន្តែ​ ក្រុម​អ្នក​អភិរក្ស​សង្ឃឹម​ថា​ ការ​ផ្លាស់​ប្តូរកំពុង​តែ​កើត​មាន​ឡើង។ ប្រទេស​ចិន​កាល​ពី​ដើម​ឆ្នាំ​នេះ​ បាន​ប្រកាស​ការ​ហាម​ឃាត់​រយៈ​ពេល​មួយ​ឆ្នាំ​លើ​ការ​នាំ​ចូល​ភ្លុក​ដំរី។ ប្រទេស​នេះ​ក៏​បាន​សន្យា​ផង​ដែរ​ក្នុង​ការ​បញ្ឈប់​ជា​ដំណាក់​កាល​នូវឧស្សាហកម្ម​ភ្លុក​ដំរី​នៅ​ក្នុង​ស្រុក​របស់​ខ្លួន៕

ការ​គាំទ្រ​នេះ​បានមាន​ឡើង​បន្ទាប់​ពី​ការ​សម្លាប់​សត្វ​តោ​ដែល​ជា​និមិត្ត​រូប​នៃ​ប្រទេស​ស៊ីមបាវ៉េ ​គឺ​សត្វ​តោឈ្មោះ​Cecil​ កាល​ពី​ខែ​កក្កដា។ សត្វ​តោ​នោះ​ ត្រូវ​បាន​សម្លាប់​ដោយ​ទន្តពេទ្យ​ជន​ជាតិ​អាមេរិក​ នៅ​ក្រៅ​តំបន់​ការ​ពារ​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ​ដែល​ការ​សម្លាប់​នោះ​បាន​បង្ក​ឲ្យ​មាន​ភ្លើង​កំហឹង​នៅ​ទូទាំង​ពិភព​លោក៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊ង

XS
SM
MD
LG