លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំទៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន ដោយបង្កើនការត្រួតពិនិត្យមន្ត្រីតាមស្ថាប័នរដ្ឋនីមួយៗ និងត្រូវចាត់វិធានការច្បាប់ បញ្ចប់មុខតំណែង និងបណ្តេញពីក្របខ័ណ្ឌដោយគ្មានការអនុគ្រោះ ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់របស់លោក ហ៊ុន ម៉ាណែត នាពេលនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ កាលពីថ្ងៃអង្គារ។
នៅពេលប្រកាសដាក់ចេញវិធានការថ្មីនេះ លោក ហ៊ុន ម៉ាណែត ថ្លែងថា មន្ត្រីត្រូវតែធ្វើជាគំរូ សម្រាប់ប្រជាពលរដ្ឋ។
លោកលើកឡើងថា៖ «[អម្បាញ់]មិញ ខ្ញុំទើបស៊ីញ៉េបទបញ្ជាមួយ[របស់]រដ្ឋាភិបាល គឺពន្លាតនូវការអនុវត្តនេះ ទូទាំងរដ្ឋាភិបាលតែម្តង បានន័យថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យតែរកឃើញថាមានគ្រឿងញៀនឬពាក់ព័ន្ធ ត្រូវបណ្តេញចេញពីក្របខណ្ឌ អត់ទុកទេ»។
ការបញ្ជារបស់នាយករដ្ឋមន្ត្រី ឱ្យស្ថាប័នរដ្ឋនិងអង្គភាពកងកម្លាំងប្រដាប់អាវុធទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននេះ កើតឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានបណ្តេញមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ ប្រមាណ១០០នាក់ចេញពីក្របខណ្ឌ ដោយសាររកឃើញថា មន្ត្រីទាំងនោះ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និងល្មើសវិន័យកងកម្លាំង។
ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃអង្គារ ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន បានឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៨.០០០ ករណី ដោយឃាត់ខ្លួនជនសង្ស័យ ប្រមាណ ២ ម៉ឺននាក់ ដែលមានគ្រឿងញៀនសរុបជិត ៣ តោននិងរឹបអូសសារធាតុគីមីផ្សំ បានចំនួនប្រមាណ ១ តោនកន្លះ និងដកហូតមធ្យោបាយ និងសម្ភារៈ ដែលជាវត្ថុតាងមួយចំនួនទៀត។
បើតាមលោក នេត សាវឿន បើទោះបីជាអាជ្ញាធរកម្ពុជាបង្កើនការបង្ក្រាប និងទប់ស្កាត់ជាប្រចាំក្តី ក៏រំហូរគ្រឿងញៀន ចូលកម្ពុជានៅតែកើនឡើង ដោយសារតែទីតាំងភូមិសាស្ត្រកម្ពុជាជាប់ព្រំដែនត្រីកោណមាស បូករួមនិន្នាការសកលលោក និងហេដ្ឋារចនាសម្ពន្ធតាមព្រំដែនមានលក្ខណៈស្មុគស្មាញ និងកង្វះឧបករណ៍បច្ចេកទេសឆែកឆេរជាដើម។
លោកបានណែនាំឱ្យអាជ្ញាធរ យកចិត្តទុកដាក់ ពង្រឹង និងត្រួតពិនិត្យលើការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ និងតាមទីជនបទ។
លោកថា៖ «កន្លងទៅ បញ្ហាគ្រឿងញៀននៅកម្ពុជាភាគច្រើន ជាករណីនាំចូលពីក្រៅប្រទេស ប៉ុន្តែរយៈពេលចុងក្រោយនេះ គឺមានករណីលួចលាក់ កែច្នៃ ផលិត ទ្រង់ទ្រាយតូច ធំ ដោយក្នុងនោះឧក្រិដ្ឋជនបានយកសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលនាំចូលស្របច្បាប់មកលួចលាក់ កែច្នៃ ទៅជាសារធាតុគ្រឿងញៀនខុសច្បាប់ ដោយជាហេតុធ្វើឱ្យតម្លៃគ្រឿងញៀនមានលក្ខណៈ តម្លៃថោកជាងមុន ហើយអំណោយផលដល់ការចែកចាយប្រើប្រាស់ក្នុងសហគមន៍កាន់តែច្រើន»។
ចំពោះបញ្ហាគ្រឿងញៀននេះ រដ្ឋាភិបាលនៅតែចាត់ទុកថា វាជាបញ្ហាដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ទាក់ទងការអប់រំ ណែនាំ និងអនុវត្តវិធានការច្បាប់ជាដើម ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀនក្នុងប្រទេសកម្ពុជា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ការដាក់ចេញវិធានការរបស់លោកនាយករដ្ឋមន្ត្រីនាពេលនេះ គឺជាផ្នែកមួយដើម្បីកាត់ផ្តាច់មន្ត្រី កុំឱ្យមានការពាក់ព័ន្ធគ្រឿងញៀន និងជាកិច្ចខិតខំប្រឹងប្រែងមួយបន្ថែមទៀត។
លោកបន្តថា ដើម្បីឱ្យការអនុវត្តបទបញ្ជានេះមានប្រសិទ្ធភាពខ្ពស់ គឺរដ្ឋាភិបាល គួរតែបង្កើតក្រុមការងារឯករាជ្យ ដើម្បីត្រួតពិនិត្យ និងធ្វើតេស្តសារធាតុញៀនលើមន្ត្រីទាំងអស់ ហើយក៏គួរធ្វើយ៉ាងណាកុំឱ្យមន្ត្រីដែលចុះអនុវត្តការងារនោះ រងគំនាប ឬស្ថិតក្រោមឥទ្ធិពលមន្ត្រីមានអំណាចណាម្នាក់ ដែលអាចបង្កការរាំងស្ទះដល់ការអនុវត្តវិធានការនេះ។
លោកថ្លែងថា៖ «អ៊ីចឹងត្រូវតែមានក្រុម ដើម្បីធ្វើការត្រួតពិនិត្យ ធ្វើតេស្តរកសារធាតុញៀន ដោយឯករាជ្យ ហើយមិនស្ថិតក្រោមឥទ្ធិពលណាមួយ»។
លោក យង់ គិមអេង ស្នើឱ្យអាជ្ញាធរបន្តស្រាវជ្រាវ និងស្វែងរកក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងទប់ស្កាត់បណ្តាញចែកចាយគ្រឿងញៀនតាមសហគមន៍ផងដែរ។ លោកក៏អំពាវនាវប្រជាពលរដ្ឋ ឱ្យចូលរួមសហការលើកិច្ចការងារនេះផងដែរ ដើម្បីឈានទៅកាត់បន្ថយគ្រឿងញៀនក្នុងប្រទេស៕
វេទិកាបញ្ចេញមតិ