គណៈកម្មការមួយនឹងយកគំរូតាមដំណើការស្រដៀងគ្នាដែលត្រូវបានបង្កើតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីការដួលរលំនៃរបប Apartheid ដែលបែងចែកនិងរើសអើងជាតិសាសន៍ និងលំនាំផ្សេងទៀតនៅក្នុងប្រទេសនូវ៉ែលហ្សេឡង់និងកាណាដា។ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង គណៈកម្មការផ្សះផ្សាមួយត្រូវបានបង្កើតឡើងដោយលោក Nelson Mandela។
គណៈកម្មការនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងតុលាការ ដែលសាក្សីនិងជនរងគ្រោះអាចសម្តែងមតិដោយសេរីអំពីសាទុក្ខនិងបទពិសោធន៍របស់ពួកគេក្នុងអំឡុងពេលរបបបែងចែកជាតិសាសន៍Apartheid។
ប្រព័ន្ធនៃការបែងចែកជាតិសាសន៍នេះបានកើតមានឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនៅចន្លោះឆ្នាំ១៩៤៨និង១៩៩០។
ខុសពីប្រទេសផ្សេងៗទៀត អូស្ត្រាលីមិនដែលបានពិនិត្យមើលជាផ្លូវការពីផលប៉ះពាល់ពេញលេញអំពីគោលនយោបាយអតីតកាលស្តីពីជនជាតិដើមទេ។
រដ្ឋាភិបាលរដ្ឋ Victoriaបានបញ្ជាក់ថា ឥឡូវនេះជាពេលវេលាសម្រាប់ពិនិត្យមើលឲ្យបានត្រឹមត្រូវទៅលើការធ្វើអាណានិគមលើជនជាតិដើមអូស្ត្រាលី។
ពួកគេបានបាត់បង់ដីធ្លីរបស់ខ្លួននៅពេលដែលអ្នកតាំងទីលំនៅជនជាតិអង់គ្លេស បានមកដល់នៅក្នុងឆ្នាំ១៧៨៨ ហើយបានទទួលភាពអយុត្តិធម៌ចាប់តាំងពីពេលនោះមក។ ជនជាតិដើមត្រូវបានសម្លាប់រង្គាល ចាប់ដាក់គុកនិងបង្ខំចេញពីដីធ្លីរបស់ខ្លួនដោយជនជាតិអឺរ៉ុប។
សព្វថ្ងៃនេះ អាយុរស់នៅជាមធ្យមរបស់ពួកគេទាបជាង បើប្រៀបធៀបទៅនឹងក្រុមផ្សេងៗទៀតនៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលអត្រាភាពក្រីក្រ ជំងឺ ការគ្មានការងារធ្វើនិងជាប់ពន្ធនាគារ មានកម្រិតខ្ពស់ជាងគេឆ្ងាយ។
គណៈកម្មការនោះនឹងមានអំណាចទូលំទូលាយហើយនឹងអាចជំរុញឲ្យសាក្សីផ្តល់ភស្តុតាង។ រដ្ឋ Victoria បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយសហគមន៍ជនជាតិដើមរបស់ខ្លួន។
លោក James Merlino ឧបនាយករដ្ឋមន្ត្រីរដ្ឋ Victoria និយាយថា គណៈកម្មការស្វែងរកការណ៍ពិតជាផ្នែកដ៏សំខាន់មួយនៅក្នុងដំណើរការនេះ។ លោក James Merlino បានថ្លែងថា៖
«នេះជាវិធានការដែលត្រូវធ្វើជាយូរមកហើយ។ វាជាការទទួលស្គាល់ថា ការឈឺចាប់នៅក្នុងអតីតកាលរបស់យើង ជាការបង្ហាញនៅក្នុងជីវិតរបស់ពលរដ្ឋនៅពេលឥឡូវនេះ។ វាជាការទទួលស្គាល់ថា បើគ្មានការពិត បើគ្មានយុត្តិធម៌ អ្នកមិនអាចមានសន្ធិសញ្ញាទេ។ អ្នកមិនអាចចាត់វិធានការប្រកបដោយការជឿជាក់បានលុះត្រាតែយើងឆ្លងកាត់ដំណើរការពិតជាក់ស្តែងនិងយុត្តិធម៌នេះ»។
មេដឹកនាំជនជាតិដើមនិងពួកមន្ត្រីរដ្ឋបាននិយាយថា បន្ទាប់ពីអំពើហឹង្សានិងការបោះបង់ចោលអស់២៣៣ឆ្នាំមក ពួកគេបានតាំងចិត្តនិយាយការពិត។
អ្នកស្រី Aunty Geraldine Atkinson ជាចាស់ទុំជនជាតិដើមម្នាក់។ អ្នកស្រីនិយាយថា៖
«ការណ៍ពិតទាំងអស់នោះចាំបាច់ត្រូវតែនិយាយចេញ គឺការណ៍ពិតរបស់បុព្វបុរសយើងដែលបានស៊ូទ្រាំអត់ធ្មត់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល រឿងពិតទាំងនោះដែលចាំបាច់និយាយចេញ»។
ភាគច្រើននៃគណៈកម្មការដែលមានសមាជិក៥នាក់នោះគឺជាជនជាតិដើម។ ភារៈកិច្ចរបស់ពួកគេនឹងត្រូវកត់ត្រាឲ្យបានត្រឹមត្រូវអំពីប្រវត្តិសាស្ត្រនៃការធ្វើអាណានិគមនៅក្នុងរដ្ឋ Victoria ហើយនឹងពិនិត្យពិច័យទៅលើភាពអយុត្តិធម៌ទាំងនៅពេលអតីតកាលនិងនៅពេលបច្ចុប្បន្នកាល។ របាយការណ៍របស់គណៈកម្មការនោះត្រូវគេរំពឹងនឹងចេញផ្សាយនៅឆ្នាំក្រោយ។
ជនជាតិដើមអូស្ត្រាលីមានប្រហែល៣ភាគរយនៃប្រជាពលរដ្ឋទាំងអស់៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន