ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ទីតាំង​សម្លាប់​រង្គាល​បន្ថែម​ទៀត​ទៅ​លើ​ជនជាតិ​ដើម​ក្នុង​ប្រទេស​អូស្ត្រាលី


លោកស្រី​សាស្ត្រាចារ្យ Lyndall Ryan (រូប​ខាង​ស្តាំ) និង​លោក Bill Pascoe អង្គុយ​ពី​មុខ​ផ្ទាំង​មួយ​ កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨​ ដើម្បី​បង្ហាញ​ពី​ចំនួន​លម្អិត​នៃ​ការ​សម្លាប់​រង្គាល​ដែល​បាន​កើត​ឡើង​ជនជាតិ​ដើម​អូស្ត្រាលី។
លោកស្រី​សាស្ត្រាចារ្យ Lyndall Ryan (រូប​ខាង​ស្តាំ) និង​លោក Bill Pascoe អង្គុយ​ពី​មុខ​ផ្ទាំង​មួយ​ កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨​ ដើម្បី​បង្ហាញ​ពី​ចំនួន​លម្អិត​នៃ​ការ​សម្លាប់​រង្គាល​ដែល​បាន​កើត​ឡើង​ជនជាតិ​ដើម​អូស្ត្រាលី។

គម្រោង​គូស​ផែនទី​ដ៏​សំខាន់​មួយ​ដើម្បី​កំណត់​ទីតាំង​នៃ​ការ​សម្លាប់​រង្គាល​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​តាំង​ទី​លំនៅ​ជនជាតិ​អឺរ៉ុប​ទៅ​លើ​ជនជាតិ​ដើម​ភាគ​តិច​នៃ​ប្រទេស​អូស្ត្រាលី​នៅ​រវាង​ឆ្នាំ ១៧៨៨ និង​ឆ្នាំ ១៩៣០ បាន​រក​ឃើញ​ថា កន្លែង​សម្លាប់​រង្គាល​ឥឡូវ​នេះ​មាន​ចំនួន ២៥០ កន្លែង​ហើយ។ ការ​ស្រាវជ្រាវ​ថ្មី​ដ៏​ទូលំទូលាយ​មួយ​បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​ការ​សម្លាប់​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Queensland រដ្ឋ New South Wales និង​ដែនដី Northern Territory។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Newcastle នៃ​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី បាន​រក​ឃើញ​នូវ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​អូស្ត្រាលី។ ក្នុង​ចំណោម​កន្លែង​សម្លាប់​រង្គាល​ទាំង ២៥០ កន្លែង លើកលែង​តែ ១០ កន្លែង​តែ​ប៉ុណ្ណោះ គឺ​ធ្វើ​ឡើង​ដោយ​អ្នក​តាំង​ពី​លំនៅ​ស្បែក​ស​ដែល​ធ្វើ​ទៅ​លើ​ជនជាតិ​ដើម​នៃ​ប្រទេស​អូស្ត្រាលី។

កន្លែង​សម្លាប់​រង្គាល​នីមួយៗ​មាន​បង្ហាញ​លម្អិត​អំពី​ចំនួន​ជន​រងគ្រោះ និង​មាន​គោល​បំណង​ស្វែង​រក​អត្តសញ្ញាណ​អ្នក​ទទួល​ខុស​ត្រូវ គោល​បំណង​របស់​ពួកគេ និង​អាវុធ​ដែល​ពួកគេ​បាន​ប្រើ។ ព័ត៌មាន​ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​ប្រភព​ផ្សេងៗ​គ្នា​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូចជា​របាយការណ៍​តាម​កាសែត កំណត់​ហេតុ​តុលាការ និង​លិខិត​នានា​ជា​ដើម។

ប្រវត្តិវិទូ​នៅ​សាកល​វិទ្យាល័យ Newcastle ជឿ​ថា អ្នក​កាប់​សម្លាប់​ភាគ​ច្រើន​ត្រូវ​បាន​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​រឿង​នេះ​ដោយសារ​គំនិត​បែប​ប្រល័យ​ពូជសាសន៍។

លោកស្រី​សាស្ត្រាចារ្យ Lyndall Ryan អ្នក​ដឹកនាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា៖ «វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ចងក្រង​ផែនទី​នេះ​ឡើង ពីព្រោះ​ថា យើង​ពិតជា​មិន​ដឹង​ថា​មាន​អ្វី​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​សម័យ​អាណានិគម​នោះ​ទេ។ នេះ​គឺ​ជា​ព័ត៌មាន​ថ្មីៗ​ទាំង​អស់ ហើយ​នៅ​ពេល​ដែល​អ្នក​ដាក់​ចំណុច​ទីតាំង​នៃ​ការ​សម្លាប់​រង្គាល​ទាំង​អស់​នៅ​លើ​ផែនទី នោះ​យើង​នឹង​ឃើញ​មាន​ទីតាំង​សម្លាប់​រង្គាល​ជា​ច្រើន។ ខ្ញុំ​មក​ពី​ជំនាន់​មួយ​ដែល​មាន​ការ​យល់​ដឹង​តិចតួច​អំពី​ព្រំដែន​នៃ​ប្រទេស​អូស្ត្រាលី។ ខ្ញុំ​ធ្លាប់​គិត​ថា ជនជាតិ​អឺរ៉ុប​បាន​មក​តាំង​ទី​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​សន្តិវិធី ដោយ​មាន​ការ​សម្លាប់​រង្គាល​តិច​តួច​តែ​ប៉ុណ្ណោះ​ទៅ​លើ​ជនជាតិ​ដើម​ភាគ​តិច។ ខ្ញុំ​គិត​ថា គម្រោង​ស្រាវជ្រាវ​របស់​ខ្ញុំ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​នោះ​គឺ​មិន​ពិត​នោះ​ទេ»។

លោកស្រី​សាស្ត្រាចារ្យ Lyndall Ryan កំណត់​និយម​ន័យ​ការ​សម្លាប់​រង្គាល​នេះ​ថា​ជា «ការ​សម្លាប់​ដោយ​មិន​រើស​មុខ​ទៅ​លើ​មនុស្ស​ដែល​គ្មាន​អ្វី​ការពារ​ខ្លួន​ចំនួន ៦ នាក់ ឬ​ច្រើន​ជាង​នេះ​ក្នុង​ពេល​តែមួយ»។

ក្រុម​របស់​លោកស្រី​សាស្ត្រាចារ្យ​បានបង្ហាញ​អំពី​ដំណាក់កាល​មួយ​នៃ​ផែនទី​ទីតាំង​សម្លាប់​រង្គាល​នេះ កាល​ពី​មួយ​ឆ្នាំ​កន្លង​មក ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី ហើយ​ឥឡូវ​នេះ បាន​បញ្ចូល​កន្លែង​សម្លាប់​រង្គាល​ចំនួន ៨១ កន្លែង​បន្ថែម​ទៀត​បន្ទាប់ពី​មាន​ការ​ស៊ើប​អង្កេត​ហ្មត់ចត់ និង​បន្ទាប់ពី​ទទួល​បាន​មតិ​យោបល់​ពី​សាធារណជន​មក។ ចំនួន​នៃ​ទីតាំង​សម្លាប់​រង្គាល​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់​ប្រហែល ៥០០ កន្លែង មុន​ពេល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​រួច​រាល់ ដែល​ក្នុង​នោះ​រួម​ទាំង​ការ​សម្លាប់​ដែល​បាន​ប្រព្រឹត្ត​ឡើង​មក​ទល់​នឹង​ឆ្នាំ ១៩៦០ ផង​ដែរ។

ក្រុម​អ្នក​ស្រាវជ្រាវ​សង្ឃឹម​ថា ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​ដល់​វិស័យ​អប់រំ និង​ជួយ​បង្កើត​ឲ្យ​មាន​នូវ​បូជនីយដ្ឋាន​រំឭក​ដល់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង «សង្គ្រាម​ការពារ​ព្រំដែន» នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​អូស្ត្រាលី។

នា​ពេល​បច្ចុប្បន្ន​នេះ ជនជាតិ​ដើម​អូស្ត្រាលី​មាន​ចំនួន​ប្រមាណ ៣ ភាគរយ នៃ​ប្រជាជន​អូស្ត្រាលី​សរុប ហើយ​ពួកគេ​រងគ្រោះ​ដោយសារ​បញ្ហា​ជា​ច្រើន​ដូចជា ភាព​ក្រីក្រ ការ​ជាប់​ពន្ធនាគារ និង​ជំងឺ​រ៉ាំរ៉ៃ​ជា​ដើម៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG