ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​លើក​ពីកង្វល់សិទ្ធិ​មនុស្ស​ជាមួយ​មេដឹក​នាំ​កម្ពុជា​និង​ភូមា​ក្នុងកិច្ចប្រជុំអូស្ត្រាលី​អាស៊ាន


ក្រុម​បាតុករ​លើក​បដា​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ក្នុង​ពេល​លោក​ចូល​រួម​កិច្ច​ប្រជុំ​សមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​ជាមួយ​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃទី១៦ មីនា ២០១៨។
ក្រុម​បាតុករ​លើក​បដា​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ក្នុង​ពេល​លោក​ចូល​រួម​កិច្ច​ប្រជុំ​សមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​ជាមួយ​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃទី១៦ មីនា ២០១៨។

លោកស្រី ​Julie Bishop ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្រ្តាលី​បាន​និយាយ​ថា​ លោក​ស្រី​នឹង​លើក​អំពី​ក្តី​ព្រួយ​បារម្ភ​រឿង​សិទ្ធិ​មនុស្ស​ជា​មួយ​មេដឹកនាំ​ភូមា​ឬ​មីយ៉ាន់ម៉ា​និង​មេដឹក​នាំ​កម្ពុជា​ក្នុង​អំឡុង​កិច្ច​ប្រជុំកំពូល​៣​ថ្ងៃ​រវាង​អាស៊ាន​និង​អូស្ត្រាលី​ដែល​ចាប់​ផ្តើម​នៅ​ ស៊ីដនី​ នៅ​ថ្ងៃ​សុក្រ​នេះ។​ ​

ប្រទេស​អូស្រ្តាលី​រៀប​ចំ​កិច្ចប្រជុំ​ពិសេស​នេះ ​បើ​ទោះបីជា​អូស្ត្រាលី​មិន​មែនជា​សមាជិក​អាស៊ាន​ដែល​មាន១០​ប្រទេស​ក៏ដោយ ​ ​ នៅ​ពេលអូស្រ្តាលី​កំពុង​ព្យាយាម​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​នយោបាយ​និង​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់ ​និង​ចំពេល​ដែល​ឥទ្ធិពល​របស់​ចិន​កើន​ឡើង។​

លោកស្រី ​Julie Bishop បាន​និយាយ​ថា ​ប្រទេស​អូស្ត្រាលី​នឹង​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​ការ​អញ្ជើញ​ជាផ្លូវការ​ណា​មួយ​ ឲ្យ​អូស្ត្រាលី​ចូលរួមក្នុង​ប្លុក​អាស៊ាន។ ​ផែនការ​អញ្ជើញនេះ​ជំរុញ​ដោយ​លោក ​Joko Widodo ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ។ ​នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា តើ​កិច្ច​ប្រជុំ​នេះ​មាន​បំណង​ប្រជែង​អត្ថ​ប្រយោជន៍​របស់​ចិន ​ឬ​យ៉ាង​ណា​នោះ ​លោក​ស្រី Julie Bishop ​បាន​និយាយ​ថា​ អូស្ត្រាលី​ជឿ​ថា ​អាស៊ាន​បាន​នាំ​មកនូវ «សន្តិភាព​ ស្ថិរភាព​និង​សន្តិសុខ» ។ ​

មុន​ពេល​បើក​កិច្ចប្រជុំ​កំពូលនេះ​ ​លោកស្រី​បាន​ប្រាប់​វិទ្យុ​អូស្រ្តាលី​ ABC ថា «យើង​មិន​យល់​ថា កិច្ច​ប្រជុំ​នេះមាន​តួនាទី​ប្រជែង​តុល្យភាពជាមួយ​ចិន​អូស្ត្រាលីនៅ​ឥណ្ឌូចិន​នោះ​ទេ ប៉ុន្តែជា​ចំណុច​ស្នូល​នៃ​ការ​សហការ​ជាមួយ​ប្រទេស​ដទៃ​ទៀត» ។

ប្រទេស​ចិន​បាន​អះ​អាង​ថា ​ភាគ​ច្រើន​នៃ​សមុទ្រ​ចិនភាគ​ខាង​ត្បូង​ជា​ដែនអធិបតេយ្យ​របស់​ខ្លួន។ ដែន​សមុទ្រ​នេះ​ ដែល​ជាផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ​ត្រូវ​បាន​គេជឿ​ថា ​មាន​អាង​ប្រេង ​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​ច្រើន។​

ប្រទេស​ព្រុយណេ ​ម៉ាឡេស៊ី ​វៀត​ណាម​ ហ្វីលីពីន​ ដែល​ជា​សមាជិកអាស៊ាន​ហើយ​និង​កោះ​តៃ​វ៉ាន់​ ក៏​បាន​ទាមទារ​ដែន​អធិបតេយ្យ​នៅ​សមុទ្រចិន​ខាង​ត្បូង​នេះ​ដែរ។​

ការ​បញ្ចូល​លោកស្រី​ Aung San Suu Kyi ​មេដឹកនាំ​ភូមា ​និង​លោក​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ បានធ្វើ​ឱ្យ​មាន​ការ​រិះគន់​ច្រើន ហើយ​បាតុកម្ម​ធំៗ​ត្រូវ​បាន​គ្រោង​ធ្វើ​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ។

លោក ​Malcolm Turnbull ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ ដែល​ទាមទារ​ឲ្យ​លោក​ថ្កោល​ទោស​ជាសាធារណៈ​ចំពោះ​ការ​ស្លាប់និង​ការ​បណ្តេញ​អ្នកកាន់​សាសនា​ឥស្លាម ​Rohingya ​ រាប់​ពាន់​នាក់​នៅ​រដ្ឋ ​Rakhine​ ក្នុង​ប្រទេស​ភូមា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ។ ​

ទន្ទឹម​នឹង​នេះ ​លោក ហ៊ុន សែន​ បាន​ធ្វើឲ្យ​សហគមន៍​ជន​ជាតិខ្មែរ​ខឹង​សម្បា​ព្រោះ​លោក​បាន​ព្រមាន​ថា​ លោកនឹង​តាមវ៉ៃ​ដល់​ផ្ទះ​ចំពោះ​អ្នក​តវ៉ាដែល​ដុត​ទីងមោងរូប​លោក​នៅ​ក្នុង​ទីក្រុង​ស៊ីដនី។ ​

នៅ​ពេល​អ្នក​កាសែត​សួរ​អំពី​ការ​គំរាម​កំហែង​នេះ​ លោក​ស្រី ​Julie Bishop​ បាន​និយាយ​ថា ​ប្រទេស​អូស្រ្តាលី ​«ប្រាកដជា​នឹង​លើក​កង្វល់​នេះ​ជាមួយ​គណៈ​ប្រតិភូ​កម្ពុជា»។ ​

ជាផ្លូវការ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ផ្តោត​លើការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិត​ស្និទ្ធ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ និង​អូស្ត្រាលី​ហើយ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នៃ​ពួក​សកម្ម​ប្រយុទ្ធ​ឥស្លាមដែលវិល​មក​ពីតំបន់​មជ្ឈិម​បូព៌ា​វិញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG