ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​​អូស្ត្រាលី​លើក​រឿង​សិទ្ធិ​មនុស្ស​ក្នុង​ជំនួប​កំពូល​អាស៊ាន-អូស្ត្រាលី


ស្លាកសញ្ញា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​(Human Rights Watch)​

អង្គ​ការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​ស្នើ​ឲ្យ​អូស្ត្រាលី​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស​ជាប្រធានបទ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ ដែល​មាន​មេដឹកនាំ​មកពី​ប្រទេស​ដែលមាន​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ត្រូវ​ចូលរួម​នៅចុង​សប្តាហ៍​នេះ។

កាលពី​ដើម​ខែ​មីនា​នេះ​ ​នាយករដ្ឋ​មន្ត្រីកម្ពុជា​ លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ថា​ លោក​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ ​អាស៊ាន-អូស្រ្តាលី​ ​នៅពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ​ ​ដើម្បី​រក្សា​មុខមាត់ឲ្យ​រដ្ឋា​ភិបាល​អូស្រ្តាលី​ ​ខណៈដែល​មេ​ដឹកនាំ​ប្រទេស​អាស៊ាន​មួយ​ចំនួន​បាន​បង្ហាញ​ការ​រារែក​ចិត្ត។​ ​ក៏​ប៉ុន្តែ​ ​នៅ​សល់​តែ​ប៉ុន្មានថ្ងៃ​ ទៀត​ដែល​កិច្ច​ប្រជុំ​កំពូល​នេះ​ នឹងមកដល់​នោះ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​បាន​ស្នើ​អូស្ត្រាលី​ ​ឲ្យ​មានការ​កៀប​សង្កត់​ជាសាធារណៈ​ ដល់​មេដឹកនាំ​អាស៊ាន​ណា​ដែល​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស។​ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន បញ្ចេញឈ្មោះ​ ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ដែលកាន់​អំណាច​ជាង​ ៣០ឆ្នាំ​ ​ចំៗថា​ ជា​មេដឹកនាំ ដែល​ពាក់ព័ន្ធនឹង​ការរំលោភ​សិទ្ធិមនុស្ស​ ដូចជា​បាន​ប្រើប្រាស់​អំពើហិង្សា​ ​ការ​សម្លុត​ ​និង​ការ​ចាប់​ខ្លួន​ជាច្រើន​ដែលមាន​ជាប់ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​(Human Rights Watch)​ ​នៅ​ថ្ងៃពុធ​នេះ​ បាន​ទទូច​សុំ​ឲ្យ​មេដឹកនាំ​ប្រទេស​អូស្ត្រាលី​ ផ្តោតជា​សំខាន់​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អូស្រ្តាលី​ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី​ ១៧​ ​ដល់​ថ្ងៃទី​ ​១៨​ ​មីនា​ ឆ្នាំ​ ២០១៨។​ ​នេះបើយោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​អូស្ត្រាលី។​

មេដឹកនាំ​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅកាត់​ថា​ អាស៊ាន​ ​(ASEAN)​ ​ទាំង អស់​ លើក​លែង​តែ​ប្រធានាធិបតី​ ​ហ្វីលីពីន​ ​លោក​ Rodrigo Duterte​ ​នឹង​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុង​តែខិត​ជិត​ចូល​មកដល់។​

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ប្រចាំនៅ​ក្រុង​ស៊ីដនី​ ​(Sydney) ប្រទេស​អូស្ត្រាលី​ ធ្វើ​នៅថ្ងៃ​ទី​១៤ ​ខែមីនា​ ឆ្នាំ​២០១៨នេះ​ ​បាន​បញ្ជាក់​ឲ្យដឹងថា​អង្គការ​ ​Human Rights Watch ​បាន​ផ្ញើលិខិត​មួយ​ទៅជូន​លោក​ ​Malcolm Turnbull ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី។​

លិខិត​នោះ​បាន​ស្នើ​ឲ្យលោក​ ​Turnbull​ ​លើក​យក​បញ្ហាសិទ្ធិមនុស្ស​មក​ធ្វើ​ជាបញ្ហា​ស្នូល​នៅ​ក្នុងរបៀប​វារៈ​របស់​កិច្ចប្រជុំ​កំពូល ដើម្បី​សមួ្រល​ឲ្យមាន​ការ​ចូលរួម​ពីសង្គម​ស៊ីវិល​ និង​ទំនាក់ទំនង​ជាមួយ​មេដឹក​នាំអាស៊ាន​ថា​ បើគ្មាន​ភាព​ជឿន​លឿន​ជាដុំកំភួន​ឈាន​ទៅ​រក​ការ​បញ្ចប់​ការរំលោភបំពាន​នានា​នោះទេ​ បញ្ហា​ទាំងអស់​នោះ​នឹងត្រូវ​លើក​ឡើង​នៅក្នុង​ទីក្រុង​ស៊ីដនី។​ ​លិខិត​ដដែល​បាន​បន្ត​ថា​ ប្រសិន​បើ​ប្រទេស​អូស្ត្រាលី​អាច​អញ្ជើញ​តំណាង​ខាង​ជំនួញបាន​ វាគួរតែ​នឹង​មិនមាន​ការ​លំបាក​ទេ​ ដើម្បី​អញ្ជើញ​ក្រុម​សង្គម​ស៊ីវិល​ផ្សេង​ៗ​មកពី​តំបន់នោះ។​

លោក​ ​Elaine Pearson​ ​នាយក​អង្គការ​ឃ្លំាមើល​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​អូស្ត្រាលី​ ត្រូវបាន​ស្រង់​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ប្រចាំ​នៅ​ក្រុង​ស៊ីដនី​ (Sydney)​តាម​ន័យ​ដើម​ថា៖​

«​វានឹង​ជា​កំហុស​ធំមួយ​សម្រាប់​ប្រទេស​អូស្ត្រាលី​ ធ្វើការ​លាក់បាំង​បញ្ហា​សិទ្ធិមនុស្ស ដោយសារ​សេ​ចក្តី​ភ័យ​ខ្លាច​ថា​ វានឹង​ធ្វើឲ្យ​ប្រទេស​ទាំង​អស់​ងាក​ទៅបង្កើន​ភាព​ជិតស្និទ្ធជាមួយ​ប្រទេស​ចិន»។​

«ភាព​មិន​ជឿន​លឿន​ទៅ​មុខ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​ប្រទេស​ចិន​ នឹង​មិន​ត្រឹមតែ​ផ្តល់​លទ្ធផល​ដែល​គួរ​ឲ្យភ័យ​ខ្លាច​ សម្រាប់តែ​ប្រជាជន​ក្នុង​ប្រទេស​អាស៊ាន​នោះទេ​ តែវា​ថែមទាំង​សម្រាប់​ប្រទេស​អូស្ត្រាលី​ទៀតផង»។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បាន​និយាយ​ចំៗ​ដល់​មេដឹកនាំ​កម្ពុជា​ ពោល​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ដែលបាន​ស្ថិត​ក្នុង​អំណាច​ជាង​ ៣០ឆ្នាំ​ ​ដោយ​ប្រើប្រាស់​អំពើហិង្សា​ ការ​សម្លុត​ និង​ការ​ចាប់​ខ្លួន​ជាច្រើន​ដែលមាន​ហេតុផល​នយោបាយ ​និង​ការ​ធ្វើទុក្ខ​បុកម្នេញ​ប្រឆាំង​រាល់​ជន​ទាំងឡាយ​ណា​ដែល​ត្រូវបាន​យល់​ថា​ជា​ក្រុម​ប្រឆាំង​ ខណៈ​ដែលបណ្តោយ​ឲ្យការ​ប្រព្រឹត្ត​អំពុក​រលួយ​កម្រិត​ខ្ពស់​ និង​បក្ខពួក​និយម​ បន្តរីក​ដុះដាល។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​ ​បាន​សរសេរថា រដ្ឋាភិបាល​កម្ពុជា​បាន​ហាម​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ និង​ដាក់​គុក​មេដឹកនាំ​របស់​ពួកគេ។​ លោក​ហ៊ុន សែន​ កាលពី​ពេលថ្មីៗ​នេះ​ ក៏បាន​គំរាម​ អ្នកតវ៉ាជា​ច្រើន​ដែលដុត​ទីងមោង​មាន​រូបលោក​ ដោយបាន​និយាយថា​ លោក​នឹង​តាម​វាយ​អ្នក​ទាំងអស់​នោះ​ដល់​ផ្ទះ។​

លោក​ ​Pearson​ ​នាយក​អង្គការ​ឃ្លំាមើល​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​អូស្ត្រាលី​ ត្រូវបាន​ស្រង់​ប្រសាសន៍​បន្ថែម​តាម​ន័យ​ដើម​ថា៖

«​កិច្ចប្រជុំ​កំពូល​អាស៊ាន​ មិនគួរណា​ជា​ឱកាស​ដើម្បី​កំដរ​មេដឹកនាំ​ផ្តាច់ការ​ទាំងឡាយនោះទេ ប៉ុន្តែ​វាគួរតែ​ជា​ឱកាស​ដើម្បី​កៀប​សង្កត់​ពួក​មេដឹកនាំ​ទាំងនោះ ​ជាសាធារណៈ​ ចំពោះការ​រំលោភ​បំពាន​សិទ្ធិ​ដ៏គួរឲ្យ​ភ័យរន្ធត់នៅទូទាំង​តំបន់»។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពីក្រុមមន្ត្រី​នាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​ទេ នៅថ្ងៃ​ពុធនេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​ ​នៅ​ក្រោយ​ការ​បញ្ជាក់​ជា​សាធារណៈ​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ថា​ ​លោក​នឹង​ទៅ​ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ ​នៅ​ពេល​ដែល​មេដឹកនាំ​ប្រទេស​សមាជិកអាស៊ាន​មួយ​ចំនួនបាន​បង្ហាញ​ជំហរ​រារែកចិត្ត។

លោក​ ​ហ៊ុន សែន​ ​អះអាង​ថា​ ​បើ​ទោះ​បី​មាន​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក​នៅ​ប្រទេស​អូស្រ្តាលីក្តី​ ក៏​លោក​នឹង​នៅ​តែ​ទៅ​ប្រទេស​នេះ​ ព្រោះលោក​ក៏មាន​អ្នក​គាំទ្រ​នៅ​អូស្ត្រាលី​ដែរ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ ​ដដែល​បាន​បញ្ជាក់​ឲ្យដឹងទៀត​ថា​ ស្ទើរ​តែ​គ្រប់​មេ​ដឹក​នាំ​អាស៊ាន​ទាំងអស់​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ ​ កំពុង​ធ្វើ​ជា​ប្រមុខ​រដ្ឋា​ភិបាល​ទាំងឡាយ​ ​ដែល​បាន​បដិសេធ​ចោល​ សេរីភាព​មូលដ្ឋានចំពោះ​ពលរដ្ឋ​របស់​ពួក​គេ។

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ ​បាន​ពន្យល់​ត្រួសៗ​ថា​ ប្រទេស​ថៃ​ ត្រូវ​បាន​ដឹកនាំ​ដោយក្រុមយោធា​ ដែល​បាន​រាំង​ខ្ទប់​សិទ្ធិ​មូលដ្ឋាន​ដើម្បី​បញ្ចេញមតិ​ និង​ការ​ជួបប្រជុំ​ និងការ​ពន្យាល​ពេល​ម្តងហើយ​ម្តង​ទៀត សម្រាប់​ការ​ស្តារការ​ដឹកនាំ​តាម​បែបស៊ីវិល។​ ប្រទេស​វៀតណាម ​និង​ឡាវ​ ដែល​ជា​រដ្ឋដឹកនាំ​ដោយ​គណបក្ស​តែមួយ​ត្រូវ​គេរិះគន់​ថា​បាន​រក្សា​ការ​ខ្ទប់​ដង្ហើមរស់​នៃសិទ្ធិ​ និង​សេរីភាព​ជា​មូលដ្ឋាន។ ​ប្រទេស​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​ ​បាន​រឹតបន្តឹង​យ៉ាង​ធ្ងន់​ធ្ងរ​ ​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ​ និងការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ ខណៈ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ និង​ហ្វីលីពីន​ បានប្រើប្រាស់​កម្លាំង​សន្តិសុខ​រដ្ឋ​ ឈាន​ដល់​ការ​បង្ក​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ជាច្រើន។

ប្រទេស​អាស៊ានទាំង​១០​ រួម​មាន​ ព្រុយណេ ​កម្ពុជា​ ឥណ្ឌូណេស៊ី ​ឡាវ ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​ហ្វីលីពីន​ សិង្ហបុរី ​ថៃ ​និង ​វៀតណាម៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG