ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អូស្រ្តាលីនិងទីម័រខាងកើតដោះស្រាយជម្លោះព្រំដែនដែលមានជាយូរមកហើយ


ប្រធាន​រដ្ឋ​របស់​ប្រទេស​ទីម័រ​ខាង​កើត​ លោក Agio Pereira និង​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​នៃ​ប្រទេស​អូស្ត្រាលី លោក​ស្រី Julie Bishop ថ្លែង​មុន​ពេល​ចុះ​ហត្ថលេខា​នៅ​ទីស្នាក់​ការ​កណ្ដាល​អង្គ​ការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៨។

ប្រទេសទីម័រ​ខាងកើត​ និង​អូស្រា្តលី​បាន​ឯកភាព​លើ​បញ្ហា​ព្រំដែន​សមុទ្រ​ជា​លើក​ដំបូង​បង្អស់។ កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​នេះ​បាន​ជួយ​បញ្ចប់​ជម្លោះ​ ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​រវាង​ប្រទេស​ទាំងពីរ​ ជុំវិញ​សិទ្ធិ​ប្រើប្រាស់​ធនធាន​ប្រេង​និង​ឧស័ន្ម​ដ៏​ច្រើន​នៅក្នុងសមុទ្រទីម័រ។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឯ​ទីស្នាក់​ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​បុរីញ៉ូវយ៉ក​ សហរដ្ឋអាមេរិក​បន្ទាប់​ពី​បាន​ចរចា​នៅ​ឯ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​រួច​មក។

សន្ធិសញ្ញា​ព្រំដែន​សមុទ្រ​រវាង​ប្រទេសទីម័រ​ខាងកើត​ និង​អូស្រា្តលី​នេះ​នឹង​ផ្តល់​ឱកាស​ជាច្រើន​ដល់​ប្រទេស​ទីម័រ​ដែល​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​ ឲ្យ​ទទួល​បាន​ចំណូល​យ៉ាង​ច្រើន​ពី​ការ​លក់​ប្រេង​និង​ឧស្ម័ន​នៅក្នុង​សមុទ្រ​ទីម័រ​នៅ​ថ្ងៃ​អានាគត។

ប្រទេស​ទីម័រ​ខាងកើត​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ឆ្នាំ២០០២ ​ប៉ុន្តែ​មិន​ទាន់​បាន​បង្កើត​ព្រំដែន​សមុទ្រ​ជា​អចិន្ត្រៃយ៍​ជាមួយ​ប្រទេស​អូស្ត្រាលី​នៅ​ឡើយ​ទេ។

ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​សិទ្ធិ​ប្រើប្រាស់​ប្រេង​និង​ឧស័ន្ម​បាន​កើត​ឡើង​តាំង​ពី​ពេល​នោះ​មក។

កិច្ចព្រម​ព្រៀង​ថ្មី​នេះ​មាន​ន័យថា ​ប្រទេស​ទីម័រខាងកើត​នឹង​ទទួល​បាន​ចំណូល​យ៉ាង​ហោច​ណាស់​៧០ភាគរយ​នៃ​ចំណូល​ពី​ការ​លក់​ប្រេង​និង​ឧស្ម័ន​នៅ​ក្នុង​តំបន់ Greater Sunrise។ តំបន់​នេះ​គឺ​ជា​កន្លែង​ដែល​មាន​ប្រេង​និង​ឧស្ម័ន​ច្រើន​ជាងគេ​បំផុត​នៅក្នុង​សមុទ្រ​ទីម័រ​ ដែល​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​ អាច​មាន​តម្លៃ​ដល់​ទៅ​៤០ពាន់លានដុល្លារ​សហរដ្ឋអាមេរិក។ ស្រប​ពេល​នេះ​ដែល ​ការ​ចរចា​នៅ​តែ​បន្ត​ទាក់ទិន​នឹង​ការ​ចែករំលែក​ការ​ប្រើប្រាស់​តំបន់​នេះ។ ប៉ុន្តែ​តំបន់​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ទាញ​យក​ប្រេង​និង​ឧស័្មន​នៅ​ឡើយ​ទេ។

រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​ លោកស្រី Julie Bishopបាន​ថ្លែង​ថា៖ «ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​គឺ​ជា​ព្រឹត្តការណ៍​ដ៏​សំខាន់​មួយ​ មិនមែន​សម្រាប់​តែ​ប្រទេស​របស់​យើង​ទាំងពីរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​ច្បាប់​អន្តរជាតិ​ផង​ដែរ។ រដ្ឋាភិបាល​របស់​ប្រទេស​យើង​ទាំងពីរ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ថា​ជា​លទ្ធផល​ដ៏​យុត្តិធម៌​និង​ស្មើ​ភាព​មួយ»។

កិច្ចព្រមព្រៀងនេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឯ​អង្គការ​សហប្រជាជាតិ​នៅក្នុង​បុរីញ៉ូវយ៉ក​ សហរដ្ឋអាមេរិក​ បន្ទាប់​ពី​បាន​ចរចា​គ្នា​នៅ​ឯ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​រួច​មក។

នៅក្នុង​ដំណើរការ​ផ្សះផ្សា​ដ៏​ចាំ​បាច់​ និង​មាន​សារៈសំខាន់​មួយ​ ប្រទេស​ទីម័រ​ខាងកើត​បាន​ប្រជែង​ជាមួយ​ប្រទេស​អូស្តា្រលី​ ដែល​ជា​ប្រទេស​ក្បែរ​ខាង​ដ៏​ធំ​ និង​មាន​ឥទ្ធិពល​ជាង​ខ្លួន។ រដ្ឋមន្រ្តី​ក្រសួង​ដែនដី​របស់​ទីម័រ​ខាងកើត​ លោក Agio Pereiraបាន​ថ្លែង​ថា​យុត្តិធម៌ពិត​ជា​ឈ្នះ។

លោកAgio Pereiraបាន​ថ្លែង​ថា៖ «បន្ទាប់​ពី​នេះ​ទៅ យើង​នឹង​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​នៅពេល​ដែល​យើង​បង្កើត​ដំណើរ​ការ​ផ្សះផ្សា​នេះ​ឡើង​នោះ​ គឺ​ឥឡូវ​នេះ​បាន​សម្រេច​ហើយ។ នោះ​គឺ​ជា​ការព្រមព្រៀង​គ្នា​កំណត់​ព្រំដែន​សមុទ្រ​ជា​អចិន្រ្តៃយ៍»។

សន្ធិសញ្ញា​នេះ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេសទីម័រ​ខាងកើត​ ដោយសារ​តែ​ប្រទេស​នេះ​ពឹងផ្អែក​ជា​ខ្លាំង​ទៅ​លើ​ប្រាក់​កំរៃ​ ដែល​មាន​ការ​ថយ​ចុះ​ បាន​មក​ពី​គម្រោង​ធនធាន​ផ្សេងៗ។

រដ្ឋាភិបាល​ទីក្រុង​ឌីលី​បាន​និយាយ​ថា​ ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​គឺ​ជា​
«ជា​ថ្ងៃ​ដ៏​សំខាន់»។ អង្គការ​សហប្រជាជាតិ​បាន​កោតសសើរ«ទស្សនៈវិស័យ​ និង​ការ​ប្តេជ្ញាចិត្ត»របស់​ប្រទេស​ទាំងពីរ​នៅក្នុង​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG