ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចំអក​អាមេរិក​រឿង​ប្រាក់​បំណុល​ជាង​៥០០​លាន​ដុល្លារ​ពី​សម័យ លន់ នល់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA)

​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ ​តាំង​ពី​របប​​ដឹកនាំ​របស់​លោក​សេនា​ប្រមុខ​ ​លន់ នល់​ ​ជា​ច្រើន​ដង​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​តែ​បន្ត​ឌឺដង​ឲ្យ​សហរដ្ឋ​អាមេរិក​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ជា​បន្ត​បន្ទាប់។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បន្ត​ឌឺដង​រដ្ឋាភិបាលអាមេរិក​ពាក់ព័ន្ធ​នឹង​បំណុល​ដែល​កម្ពុជា​ជំពាក់​ក្នុង​របប​លន់ នល់​ ​ដោយ​លោក​បាន​ប្រដូច​បំណុល​នោះ​ថា«អាមេរិក​បានយក​ពូថៅ​ ឬ​ញញួរវាយ​សំពង​ប្រជាជន​ខ្មែរ​ ​ហើយ​បែរ​ជាទាមទារ​ឲ្យ​កម្ពុជា​សង​ថ្លៃ​ញញួរ»។​

​ការ​ចំអក​របស់​លោក​ ​ហ៊ុន សែន​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ ​លោក​និង​រដ្ឋាភិបាល​កម្ពុជា​ ​បរាជ័យ​ក្នុង​ការ​ទាម​ទារ​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​បំណុលនោះ​ជាច្រើន​ដង​ ​ខណៈ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមរិក-​កម្ពុជា​កំពុង​មាន​ភាព​រកាំ​រកូស​ ​និង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ងាក​ទៅ​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ចិន​កុម្មុយ​នីស្ត។​

ក្នុង​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ១​ ​ប្រវែង​៤គីឡូ​ម៉ែត្រ​ ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​កម្ពុជា​ត្រូវ​ការ​ជំនួយ​ ​និង​ភាព​ជាដៃគូ​ជា​មួយ​មិត្តភក្តិ​បរទេស​ ​ប៉ុន្តែ​លោក​ថា​ ​កម្ពុជា​ត្រូវ​ធ្វើ​ជាម្ចាស់​ជោគ​វាសនា​របស់​ខ្លួន​ ​ដោយ​មិនត្រូវ​ទោរ​ទន់​លើ​ការ​បង្ខំ​របស់​ប្រ​ទេស​ណា​មួយ​ ​ដូច​អតីតកាល​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​ក្នុង​របប​ ​លន់ នល់​ ​កម្ពុជា​បាន​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក​យ៉ាងច្រើន​ ​ដែល​បំណុល​ទាំង​នោះ​បាន​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ ​ប៉ុន្តែ​លោក​ថា​ ​បំណុល​នោះ​កើត​ឡើង​ដោយ​សារ​លោក​ ​លន់ នល់​ ​ខ្ចី​ ​ហើយ​ឲ្យ​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា។

ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​ ​តែ​សំដៅ​លើ​សហរដ្ឋ​អាមេរិក​ ​លោក​ហ៊ុន សែន​ ​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

«យើង​ជំពាក់​បំណុល​បរទេស​មួយ​ចំនួន តែ​មិនមែន​បំណុល​ដែល​យើង​ខ្ចី​ទេ ​គឺ​ ​លន់ នល់​ ​ជា​អ្នក​ខ្ចី បាន​សេចក្តី​ថា​ទិញ​គ្រាប់​បែក​ ​ទិញ​ស្អី​យក​មក​ទម្លាក់​នៅ​ប្រទេស​របស់​យើង។​ ​អីចឹង​ប្រៀប​ដូច​ជា​យក​ញញួរ​មក​វាយ​ក្បាល​របស់​យើង​ ​បន្ទាប់​ទៅ​ថា​ប្រឡាក់​ញញួរ​អញ សង​លុយ​ឲ្យ​អញ​ទៀត។ នេះ​ជា​ការ​ឈឺចាប់​សម្រាប់​យើង។​ ​អញ្ចឹង​ខ្មែរ​ត្រូវ​ជា​ធ្វើ​ជា​ម្ចាស់​ទៅ​លើ​ជោគ​វាសនា​របស់​ខ្មែរ​ ​មិន​ត្រូវ​ទោរ​ទន់​តាម​របៀប​បង្ខំ​របស់​នរណា​មួយ​ទេ​ ហើយ​រដ្ឋអធិប្បតេយ្យ​ គឺ​ដូច្នេះ»។​

បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិកក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​មក​ទល់​ពេល​នេះ​ ​គិត​ទាំង​ដើម​ទាំង​ចុង​ ​មាន​ចំនួនជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក​ ​David Josar​ ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​តាមរ​យៈសារ​អេឡិច​ត្រូនិច ឬ​អ៊ីមែល​ថា​ ​រហូត​មក​ដល់​ពេលនេះ​ ​សហរដ្ឋ​អាមេរិក​មិនទាន់​ទទួល​បាន​ការ​ស្នើ​ពី​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជជែកលើ​បញ្ហាបំណុល​ដែល​កម្ពុជា​ខ្ចី​ពាក់ព័ន្ធនឹង​វិស័យ​កសិកម្ម​នា​ពេល​នោះនៅ​ឡើយ។​

លោកសរសេរ​ក្នុងន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​រក​ដំណោះ​ស្រាយ​ចំពោះ​បំណុល​កសិកម្ម​ ​ដែល​កម្ពុជា​ជំពាក់សហរដ្ឋ​អាមេរិក។​ ​មិនមាន​ការពិភាក្សា​ណាមួយ​អំពី​បំណុល​ក្នុង​ឆ្នាំ​កន្លង​មក​ទេ​ ​ប៉ុន្តែ​យើង​ត្រៀម​ខ្លួន​ចូលរួម​ពិភាក្សា​គ្រប់​ពេល​ជាមួយ​កម្ពុជា»។​

នេះ​មិនមែន​ជា​លើកទី​១​ទេ​ដែលលោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ឌឺដង​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ពាក់ព័ន្ធ​នឹងបំណុល​ដែល​កម្ពុជា​ជំពាក់​ក្នុង​របប​ដែល​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ​ ​លន់ នល់​ ​កាល​ពី​ដើមទសវត្សរ៍​ទី៧០។​

ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​មក​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​តែង​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​លុបបំណុល​ដែល​កម្ពុ​ជា​ជំពាក់​ ​ដោយលោក​ចោទ​សហរដ្ឋ​អាមេរិកថា​ ​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ ​ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ​១៩៧០។​ ​លោក​ ​ហ៊ុន សែន​ តែង​លើកឡើងថា​ ​ប្រសិនបើ​មិន​មាន​ការ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម​ ​សីហនុ​ ​ទេនោះ​ ​ខ្មែរ​ក្រហម​ក៏​គ្មាន​ឱកាស​បាន​ឡើង​កាន់​អំណាច​ ​ហើយ​ឈាន​ដល់​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​និង​ធ្វើ​ឲ្យ​កម្ពុជា​ ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ជាច្រើន​ឆ្នាំ​បន្ទាប់​មក​នោះ​ដែរ។​

ផ្ដើម​ចេញ​ពី​មូលហេតុ​ទាំងនេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​ជាពិសេស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក​ ​ដូណាល់ ត្រាំ ​(Donald Trump)​ ​ពិចារណា​លុប​ចោល​បំណុល​ដែល​អាមេរិក​ផ្តល់​ឲ្យ​របប​សាធារណរដ្ឋ​ខ្មែរ។​ ​លើស​ពី​នេះ​ ​លោក​ ​ហ៊ុន សែន​ ​ក៏ធ្លាប់ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ទទួល​ខុស​ត្រូវ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ​សម្រាប់​បម្រើ​ដល់​ការ​ដោះ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​នោះ។​ ​លោក​ ​ហ៊ុន សែន​ ​ចាត់​ទុក​ថា ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ហោច​ណាស់​ផ្នែក​សីលធម៌​របស់​សហរដ្ឋ​អាមេរិក​ ​ចំពោះ​កម្ពុជា។​

លោក​ ​អ៊ា សុផល​ ​សាស្រ្តាចារ្យផ្នែក​កិច្ចការទូត​ ​និង​កិច្ចការ​ពិភព​លោក​ ​នៃមហា​វិទ្យា​ល័យ Occidental​ ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ​ឬ​អ៊ីមែល នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន គឺ​បង្ហាញ​ពីការ​បង្ករឿងដើម្បី​ឲ្យ​អាមេរិក​លុប​បំណុល​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា ​កន្លង​មកក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី​អូបាម៉ា ​សហរដ្ឋ​អាមេរិក​បាន​បង្វែរ​បំណុល​ជា​ការផ្តល់​មូលនិធិអប់រំ​សម្រាប់​វៀតណាម​ ប៉ុន្តែ​លោក​ ​ហ៊ុន សែន​ ​នា​ពេល​នោះ បាន​បដិសេធ​មិន​ទទួលស​ម្រាប់​កម្ពុជា​ ដោយសារ​លោក​ ​ហ៊ុន សែន​ ​បាន​ស្តាប់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ខ្លាំង​ពេក។​

លោក​ ​អ៊ា សុផល​ ​បន្ថែម​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«វា​មាន​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​ការនិយាយ​អំពី​ញញួរ​ ​និង​ក្បាល​ ​ដើម្បី​បង្កើន​ប្រជាប្រិយ​ភាព​នយោបាយ។​ ​មានន័យ​ថា​ ​គោល​បំណងពិត​ប្រាកដ​គឺ​ដើម្បី​ក្លាយ​ជា​អ្នក​បង្កហេតុ​ ​ជា​ជាងការ​ផ្លាស់​ប្តូរ។​ ​ឥឡូវ​នេះ​បន្ទាប់​ពី​ធ្វើ​ឲ្យខូច​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាង​ការ​បន្ទោស​សហរដ្ឋ​អាមេរិក​ ​និង​បន្ត​ស្រែក​ថា​ ​បដិវត្ត​ពណ៌! ញញួរ! បំណុល! យើង​គឺជា​ប្រទេស​ប្រជាធិបតេយ្យ!​ ​គ្មាន​អ្វី​ដែល​ត្រូវ​មើល​នៅ​ទីនេះ​! ជាដើម​នោះ​ទេ»។​

ថ្មីៗ​នេះ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ការបង្ក្រាប​លើ​សង្គម​ស៊ីវិល​ និង​អង្គភាព​ព័ត៌មាន​ឯករាជ្យ​នា​នា​ក្នុង​ប្រទេស​កម្ពុជា​ ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ចំនួន​៥នាក់​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​ ​បានស្នើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​CARI Act​ ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​ប្រទេស​កម្ពុជា។​ ទណ្ឌកម្ម​ទាំងនោះ​រួមមាន ការ​ដាក់​លក្ខខណ្ឌ​ជំនួយ​ ​ការ​ហាម​មិន​ឲ្យ​ជន​ដែល​ធ្វើឲ្យ​ខូចលទ្ធិ​ប្រជា​ធិបតេយ្យ​ ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ ​ការ​បង្កក​ទ្រព្យសម្បត្តិ​ជន​ដែល​ធ្វើ​ឲ្យខូច​លទ្ធិ​ប្រជាធិបតេយ្យ​ ​ប្រឆាំង​រាល់​ប្រាក់​កម្ចី ​និង​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិ​ទៅ​កម្ពុជា​ ​និងហាមឃាត់​ការ​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​ជាង​៥០០​លាន​ដុល្លារ​ផង​ដែរ៕​

XS
SM
MD
LG