ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្រ្តាលី ​គាំទ្រ​ការ​ផ្លាស់​ប្តូរ​អង្គការ​សុខភាព​ពិភព​លោក


រូបឯកសារ៖ លោក Scott Morrison នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី ថ្លែង​ក្នុង​សម័យ​ប្រជុំ​​អង្គការ​សហប្រជាជាតិ​ លើក​ទី​៧៤ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ កញ្ញា ២០១៩។
រូបឯកសារ៖ លោក Scott Morrison នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី ថ្លែង​ក្នុង​សម័យ​ប្រជុំ​​អង្គការ​សហប្រជាជាតិ​ លើក​ទី​៧៤ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ កញ្ញា ២០១៩។

លោក ​Scott Morrison​ នាយក​រដ្ឋ​មន្រ្តីអូស្រ្តាលី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា ប្រទេស​របស់​លោក​ នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​«បណ្តា​ប្រទេស​ដែល​មាន​គំនិត​ដូច​គ្នា»​ដើម្បី​ផ្លាស់​ប្តូរ​អង្គការ​សុខភាព​ពិភព​លោក។

លោកនាយក​រដ្ឋមន្រ្តី​ Morison បាន​និយាយ​ទៀត​ថា ថ្វីបើ​អូស្រ្តាលី​ បន្ត​គាំទ្រ​ការងារ​របស់​ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ​ ​នៅ​ក្នុង​តំបន់​មហាសាគរ​ប៉ាស៊ីហ្វិក​ក៏​ដោយ​ អូស្រ្តាលី ​យល់​ស្រប​ជាមួយ​សហរដ្ឋ​អាមេរិក​ថា អង្គការ​សុខភាព​ពិភព​លោក​ (WHO) ចាំ​បាច់​ត្រូវ​តែ​សើរើ​ពិនិត្យ​មើល​ឡើង​វិញ។

លោក​នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី ​និយាយ​ទៀត​ថា​ «អ្វី​ដែល​កើត​មាន​ឡើង​នៅ​ឯថ្នាក់​លើ​របស់​អង្គការ​ទាំង​នោះ ហើយ​ថា​តើ​ពួក​គេ​ប្រតិបត្តិការ​យ៉ាង​ដូចម្តេច​នោះ ខ្ញុំ​គិត​ថា ចាំ បាច់​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ។ ហើយ​អូស្រ្តាលី​ នឹង​បន្ត​គាំទ្រការ​ផ្លាស់​ប្តូរ​នេះ​ជាមួយ

បណ្តា​ប្រទេស​ដែល​មាន​គំនិត​ដូច​គ្នា​ដែល​មាន​ការ​ព្រួយ​កង្វល់​ដូច​គ្នា។ អ្វី​ដែល​សហរដ្ឋ​អាមេរិក​សម្រេច​នៅ​ទី​បញ្ចប់​មិន​ផ្តល់​ថវិកា​ដល់​អង្គការ​នោះ​ នឹង​ក្លាយ​ជា​បញ្ហា​ចំពោះ​អង្គការ​នោះ។ យើង​ នឹងចង់​ឃើញ​ភាព​ប្រសើរ​ឡើង​នូវ​ការ​រៀប​ចំ​ចាត់​ចែង​នៅ​អង្គការ​សុខភាព​ពិភព​លោក (WHO) ហើយ​យើង​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នេះ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក​ បង្កក​ថវិកា​ដែល​ផ្តល់​ឲ្យ​អង្គការសុខភាព​ពិភពលោក​ (WHO) ដោយ​និយាយ​ថា​ អង្គការ នេះ​មិន​បាន​ផ្តល់​សេចក្តី​រាយការណ៍​ឲ្យ​បាន​គ្រប់​គ្រាន់​កាល​ពី​ដំបូង​ស្តី​ពី​មេ​រោគ​កូរ៉ូណា​នោះ។

លោក​នាយក​រដ្ឋ​មន្រ្តី​ Morrison ក៏​បាន​ប្រកាស​ដែរ​ថា សភា​ នឹង​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ដើម្បី​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ពាណិជ្ជកម្ម​និង​សេចក្តី​ព្រាង​ច្បាប់​ខ្លះ​ទៀត​ដែល​ទាក់​ទិន​នឹង​មេរោគ​កូរ៉ូណា។ លោក​បាន​និយាយ​ ទៀត​ថា សម័យ​ប្រជុំ​ផ្សេង​ទៀត​របស់​សភា​ អាច​ត្រូវ​គ្រោង​ធ្វើ​ឡើង​រហូត​ដល់​ខែ​មិថុនា។

ស្រប​ពេល​ជាមួយ​គ្នានេះ​ ពួក​អាជ្ញាធរ​ក្នុង​ក្រុង​ស៊ីដនីបាន​បិទ​ឆ្នេរ​សមុទ្រ៣​កន្លែង​សាជាថ្មី បន្ទាប់​ពី​បាន​បើក​ទីតាំង​ទាំង​នេះ​ឡើង​វិញ​ឲ្យ​សាធារណជនសម្រាប់​ការ​ហាត់​ប្រាណ ​កាល​ពី​ថ្ងៃ​ចន្ទ។ ការ​បិទ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​ជា​ច្រើន មិន​អើ​ពើ​នឹង​ការ​ណែនាំ​ឲ្យ​ស្ថិត​នៅ​ឃ្លាត​ពី​គ្នា៕

XS
SM
MD
LG