ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់​ថា​ពិនិត្យ​ឃើញ​​​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ


អ្នក​វិទ្យាសាស្ត្រ​កំពុង​​ផលិត​វ៉ាក់សាំង​បង្ការ​មេរោគ​កូរ៉ូណា​វីរុស នៅ​សាកលវិទ្យាល័យSaskatchewan ក្នុង​​​ខេត្ត Saskatchewan ប្រទេស​កាណាដា ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៩។
អ្នក​វិទ្យាសាស្ត្រ​កំពុង​​ផលិត​វ៉ាក់សាំង​បង្ការ​មេរោគ​កូរ៉ូណា​វីរុស នៅ​សាកលវិទ្យាល័យSaskatchewan ក្នុង​​​ខេត្ត Saskatchewan ប្រទេស​កាណាដា ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៩។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដែល​ជា​មន្ទីរ​ពិសោធន៍​ធ្វើ​រោគ​វិនិច្ឆ័យ​រក​វីរុស​កូរ៉ូណា​ថ្មី​(កូវីដ​១៩-​COVID-19)បញ្ជាក់​ថា ​វិទ្យាស្ថាន​បាន​ធ្វើ​តេស្តវត្ថុ​វិភាគ​សរុប​លើមនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​១.៦០០​នាក់​នៅ​កម្ពុជា ដែល​លទ្ធផល​បង្ហាញ​ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​តែមួយករណី​ទេ ដែល​ឆ្លង​វីរុស​កូវីដ​១៩​ ហើយ​កើត​ទៅ​លើ​ជនជាតិ​ចិន ដែល​ត្រូវ​បាន​ប្រកាស​ថា បាន​ជា​សះស្បើយ​ទៅ​ហើយ។

នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ទៅ​លើ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​និង​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​កាល​ពី​កន្លង​ទៅ។

ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​វត្ថុ​វិភាគ​ជា​តម្បារ​ច្រមុះ ​និង​បំពង់ក​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​នេះ សរុប​ជាង​១.៦០០។ ក្នុង​នោះ​មានវត្ថុ​វិភាគ​យក​ពី​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ប្រទេស​ចិន​ចំនួន​៤១​នាក់ អ្នក​ដំណើរ​នាវា​ទេសចរណ៍​ Westerdam ដែល​សុំ​ចត​នៅ​ក្រុង​ព្រះសីហនុ​ដំបូង២០នាក់ និង​ក្រោយ​មក​ធ្វើ​តេស្ត​អ្នក​ដំណើរ ​និង​បុគ្គលិក​ប្រមាណ​១.៥៨០​បន្ថែម​ទៀត។ វិទ្យាស្ថាន​បញ្ជាក់​បន្ថែម​ថា វត្ថុ​វិភាគ​ចំនួន​៣៦យក​ពី​បុគ្គលិក​នៃ​នាវា​ទេសចរណ៍មួយ​ទៀត​ឈ្មោះ​ World Dream ដែល​ចូល​ចត​ក្នុង​ខេត្ត​ព្រះសីហនុ​ ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​នេះ​ផង​ដែរ។ ប៉ុន្តែ​លទ្ធផល​ទាំង​អស់ គឺ​មិន​មាន​វីរុស​ប្រភេទ​ថ្មី​នេះ​ទេ។

ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ទៅ​លើ​អ្នក​ដំណើរ​លើ​នាវា ​Westerdam ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ​វ័យ​៨៣ឆ្នាំ ​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​(COVID-19)​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី ​ពេល​អ្នកស្រី​បាន​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​ខ្លួន ​កាត់​តាម​ម៉ាឡេស៊ី។ ស្រ្តី​រូប​នេះ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​២០នាក់​ដែល​គេ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ទេ ហើយ​គាត់​និង​អ្នក​ដំណើរ​មួយ​ចំនួន​ទៀត​ក៏​មិន​បាន​រាយការណ៍​អំពី​ស្ថាន​ភាព​សុខភាព​ខ្លួន​ដែរ។ បន្ទាប់​ពី​រក​ឃើញ​ដោយ​ម៉ាឡេស៊ី ​មាន​ការ​ចោទ​សួរ​អំពី​ការ​ធ្វើ​តេស្ត​រក​វីរុស​នេះ​នៅ​កម្ពុជា​ថា​តើ​គួរ​ឲ្យ​ទុក​ចិត្ត​កម្រិត​ណា។

ទោះ​ជា​យ៉ាងណា ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​មិន​ជឿ​ទៅ​លើ​ការ​ធ្វើ​តេស្ត​នេះ ​និង​ទាមទារ​ឲ្យ​ធ្វើ​តេស្ត​ជា​លើក​ទី​ពីរ ហើយ​ជា​លទ្ធផល អ្នកជំនាញ​របស់​ម៉ាឡេស៊ី​បញ្ជាក់​ថា ​ស្រ្តី​នោះ​មាន​ផ្ទុក​វីរុស​នេះ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្រ្តី​ម្នាក់​នេះ ត្រូវ​បាន​រាយការណ៍​ថា​ លែង​មាន​ផ្ទុក​វីរុស​នេះ​វិញ។ មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក​ក៏បាន​បញ្ជាក់​ដែរ​ថា ​ស្ត្រី​នោះ​មិន​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​ទេ ​ហើយ​ប្រហែល​ជា​គាត់​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ធម្មតា​ប៉ុណ្ណោះ។​

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បញ្ជាក់​ថា តេស្ត​វត្ថុ​វិភាគ​ទាំង​អស់​ មាន​លទ្ធផល​អវិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​ថ្មី លើក​លែង​តែអ្នកដំណើរ​មក​ពី​ទីក្រុង​វូ​ហាន ​ប្រទេស​ចិន​ មក​ប្រទេស​កម្ពុជា​ដែល​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​ កាល​ពី​ថ្ងៃ​ទី​២៧ ខែមករា ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

កន្លង​មក​ VOA​បាន​ព្យាយាម​ទាក់ទង​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា​ ប៉ុន្តែ​នាយក​វិទ្យាស្ថាន អ្នកស្រី​ Laurence Baril បាន​ឆ្លើយតប​តាម​សារ​អេឡិក​ត្រូនិក​ថា៖ «យើង​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ស្នើ​សុំ​មិន​ឱ្យ​ផ្តល់​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​អ្នកសារព័ត៌មាន​ទេ។ ​យើង​គោរព​តាម​សំណើ​នេះ»។

លោកស្រី​បន្ថែម​ថា៖«​ ខ្ញុំ​ក៏​ស្នើ​សុំ​កុំ​ទាក់ទង​អ្នក​វិទ្យាសាស្ត្រ​ដោយ​ផ្ទាល់ ​ព្រោះ​ពួកគេ​ត្រូវ​ផ្តោត​អារម្មណ៍​ទៅ​លើ​សកម្មភាព​មន្ទីរ​ពិសោធន៍»។​

មក​ដល់​ពេល​នេះ វីរុសកូរ៉ូណា​ថ្មី​បាន​សម្លាប់​មនុស្សជាង​២៧០០នាក់ ដែល​ភាគច្រើនគឺ​ជា​ប្រជាជន​ចិន។ មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​ដល់​ប្រមាណ​ជិត​៤០ប្រទេស។ នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​ ដែល​មាន​ដូចជា​ប្រទេស​ថៃ ​មាន​អ្នក​ឆ្លងវីរុសកូរ៉ូណា​ថ្មី​នេះ​ចំនួន​៤០​ករណី​ ហើយ​នៅ​ប្រទេស​វៀតណាម​ មាន​ចំនួន​១៦​ករណី។ ប្រទេស​កូរ៉េ​ខាងត្បូង​និង​អ៊ីតាលី មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន។

អ្នក​ឯកទេស​ខាង​ជំងឺ​រាត​ត្បាត លោក ​Marc Lipsitch នៃ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​ Harvard T.H. Chan School of Public Health ធ្លាប់​បាន​ប្រាប់​VOA​ថា​ «ដូច​ជា​មិន​ទំនង​»ថា​ មាន​តែមួយ​ករណី​នៅ​កម្ពុជា។ អ្នក​ឯកទេស​ខាង​ជំងឺ​រាតត្បាត​រូប​នេះ​បាន​លើក​ឡើង​ដោយ​ផ្អែកលើ​ការ​ប៉ាន់ស្មាន ចំនួន​មធ្យមនៃ​អ្នក​ដំណើរ​តាម​ជើង​ហោះ​ហើរ​ពី​ទីក្រុង​វូហានទៅ​កាន់​ទីក្រុង​នានា​នៅ​ក្នុង​ពិភព​លោក​ និង​នៅ​អាស៊ី។ លោក​បន្ត​ថា កាល​ណា​ចំនួន​អ្នក​ដំណើរ​មក​តំបន់​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី​កាន់​តែ​ច្រើន​ ​ត្រូវ​បាន​គេ​សន្មត​ថា​ករណី​ឆ្លង​ក៏​អាច​មាន​ច្រើន​ដែរ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​លើក​ឡើង​ថា ទោះ​យ៉ាងណា​ក៏ដោយ​ មក​ដល់​ពេល​នេះ​ មិនទាន់​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ចំណែក​កម្ពុជា​យើង​ យើង​មាន​ការ​ទទួល​ខុសត្រូវ​ទៅលើ​ប្រជា​ពលរដ្ឋ​របស់​យើង។ ពេល​មុន​នេះ​ ប្រជា​ពលរដ្ឋរបស់​យើង​ស្លុត​ខ្លាំង​ណាស់​ ​តក់​ស្លុត​ខ្លាំង​ណាស់​។ ពេល​នោះ​ខ្ញុំ​ទ្រាំ​មិន​បាន​ ក៏​ចេញ​មក​និយាយ​ថា​ ជំងឺ​ពិត​ប្រាកដ​នៅ​កម្ពុជា​ពេល​នេះ​ គឺ​ជំងឺ​ភ័យ​ខ្លាច​ មិន​មែន​ជំងឺ​កូរ៉ូណា​នោះ​ទេ​»។

លោក​បន្តថា ​ការ​សម្រេចចិត្ត​របស់​លោក​ ដោយ​ឲ្យ​នាវា​Westerdamចូលចត ការ​មិន​បិទ​ជើង​ហោះហើរ ​និង​ការ​មិន​ជម្លៀស​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហានមក​កម្ពុជា គឺ​ការ​សម្រេច​ចិត្តត្រឹម​ត្រូវ។

លោក ស៊ុន​ ដារ៉ូ គឺ​ជា​និស្សិត​ខ្មែរមក​ពី​ទីក្រុងធានជីង​ នៃ​ប្រទេស​ចិន​ ហើយ​មក​ដល់​កម្ពុជា​នៅ​ចុងខែ​មករា​ នៅ​ពេល​ដែល​សាកលវិទ្យា​ល័យ​របស់​លោក​បាន​ផ្អាក​បណ្តោះអាសន្ន ​ដោយសារ​រង​ការ​ឆ្លង​រីក​រាលដាល​នៃ​កូវីដ​១៩។ លោក​ ស៊ុន ដារ៉ូ បាន​លើកឡើង​ថា ដំបូង​លោក​និង​មិត្តភក្តិ​របស់​លោក​៣នាក់​ទៀត បានព្យាយាម​ស្វែង​រក​សេវា​ធ្វើ​តេស្ត​បញ្ជាក់​រក​វីរុស​កូរ៉ូណា​សិន។

លោក​បាន​ថ្លែង​ប្រាប់​VOA​តាម​ទូរស័ព្ទ​ថា៖ «មក​គ្នា​បី​បួន​នាក់​មក ព្រឹក​ម៉ោង ៨​ ឬ​៩ [ព្រឹក]អី​មក​ រក​បាយ​ទឹក​រួច​ក៏ខល​ទៅ​លេខ​ក្រសួង​សុខាភិបាល​ឲ្យ​ទាក់​ទង​ទៅ​សាកសួរ​ ចង់​ដឹង​ថា​ទៅ​ធ្វើ​តេស្ត​ណា​អី​ណា​ ហើយ​មិន​អាច​ទាក់​ទង​បាន​ទៅ​ ក៏​នាំ​គ្នា​ទៅ​ប៉ាស្ទ័រ​ ហើយ​ខាង​ប៉ាស្ទ័រ​ប្រាប់​ឲ្យ​ទៅ​ពេទ្យ​រុស្ស៊ី»។

លោក​បន្ត​ថា​ ក្រុម​របស់​លោក​ពុំ​ទទួល​បាន​ការ​ធ្វើ​តេស្ត​ដោយ​ខាង​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​មន្ទីរ​ពេទ្យផ្សេងៗ ក្រោម​ហេតុ​ផល​ថា ពួក​គេ​គ្មាន​រោគ​សញ្ញា​សង្ស័យ។

មក​ដល់ពេល​នេះ លោក ស៊ុន ដារ៉ូ និង​មិត្ត​ភក្តិ​របស់​លោកមួយ​ចំនួន​ពុំ​ដែល​បាន​ធ្វើ​តេស្ត​ទេ​។ តែ​ទោះ​ជា​យ៉ាងណា​លោក​ថា​ លោក​មាន​សុខភាព​ល្អ​ធម្មតា។

VOAមិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំ​ពាក្យ​ក្រសួងសុខាភិបាល​ គឺ​លោកស្រី​ ឱ វណ្ណ​ឌីន​ និង​លោក លី សូវ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

កន្លង​មក​ ធ្លាប់​មាន​ការ​ចែក​ចាយ​ព័ត៌មានតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​អំពី​ករណី​សង្ស័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ហើយក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ព័ត៌មាន​ទាំង​នោះ​ជា​ព័ត៌មាន​មិន​ពិត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG