ក្រុមប៉ូលិសទប់ទល់កុប្បកម្មពាក់ម៉ាស់និងគ្រឿងការពារខ្លួននឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសអូស្ត្រាលីដើម្បីពង្រឹងបទបញ្ញត្តិតឹងតែងដែលតម្រូវឲ្យមនុស្សមានគម្លាតឆ្ងាយពីគ្នា ដើម្បីព្យាយាមកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19។
គិតត្រឹមថ្ងៃអាទិត្យ អ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអូស្ត្រាលីមានចំនួន ៣.៩៨០ នាក់ និងអ្នកស្លាប់មានចំនួន ១៦ នាក់។
ប្រជាពលរដ្ឋអូស្ត្រាលីកំពុងប្រឈមនឹងវិធានការមិនធ្លាប់មានកាលពីពេលមុន ដែលរឹតត្បិតសេរីភាពពួកគេថែមទៀត នៅពេលការឆ្លងរាលដាលជំងឺ COVID-19 កាន់តែកើនឡើងខ្លាំង។ អ្នកទាំងឡាយណា ដែលមិនអើពើនឹងបទបញ្ញត្តិដែលតម្រូវឲ្យមនុស្សស្ថិតនៅគម្លាតឆ្ងាយពីគ្នានេះ អាចត្រូវផាកពិន័យ ឬក៏ត្រូវជាប់ពន្ធនាគារ។
អាជ្ញាធរនៅក្នុងរដ្ឋ New South Wales បានរិះគន់លើ «អាកប្បកិរិយាមិនប្រយ័ត្នប្រយែងនិងគ្មានការទទួលខុសត្រូវរបស់មនុស្សមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ»។ ប៉ូលិស ៧ ម៉ឺននាក់ ដែលរួមមានទាំងក្រុមបង្ក្រាបកុប្បកម្មផងដែរ កំពុងប្រុងប្រៀបពង្រឹងបទបញ្ជានេះ។ ការពិន័យថ្មីៗក៍នឹងអនុវត្តលើអ្នកទាំងឡាយណា ដែលប្រកែកមិនព្រមឋិតនៅដាច់ពីគេដោយខ្លួនឯងផងដែរ។
ប្រជាពលរដ្ឋអូស្ត្រាលីត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍អំពីការរំលោភលើបទបញ្ញត្តិទាំងនេះ ជាអនាមិកទៅកាន់ខ្សែទូរសព្ទសម្រាប់រាយការណ៍បន្ទាន់អំពីបទឧក្រិដ្ឋថ្នាក់ជាតិ។
កាលពីសប្តាហ៍ទី ៣ នៃខែមីនា ធាតុអាកាសក្ដៅល្មមនៃរដូវស្លឹកឈើជ្រុះបានទាក់ទាញមនុស្សរាប់ពាន់នាក់ទៅកាន់ឆ្នេរខ្សាច់ Bondi Beach នៃទីក្រុងស៊ីដនី ដោយមិនបានធ្វើតាមការហាមប្រាមមិនឱ្យមានការប្រមូលផ្តុំគ្នាលើសពី ៥០០ នាក់។
កន្លែងគោរពសាសនា បណ្ណាល័យ កន្លែងហែលទឹក និងសារមន្ទីរបានបិទទ្វារទាំងអស់។
លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយថា ពិធីតាមបែបប្រពៃណីផ្សេងទៀតក៏នឹងត្រូវដាក់កំហិតផងដែរ។
លោកបញ្ជាក់ដូច្នេះថា៖ «ពិធីរៀបការអាចធ្វើបានតែក្នុងករណីដែលមានតែគូស្វាមីភរិយា អ្នកចាត់ចែងពិធី និងសាក្សីចូលរួមតែប៉ុណ្ណោះ គឺមិនត្រូវមានមនុស្សលើសពី ៥ នាក់ទេ។ ការប្រមូលផ្តុំមនុស្សច្រើននាក់សម្រាប់ពិធីរៀបការគឺមិនអាចធ្វើបានទេ។ ពិធីខ្លះដែលអាចនាំឱ្យមានការឆ្លងមេរោគបានគឺការប្រារព្ធនានាដូចជាពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។ ហេតុដូច្នេះហើយបានជាយើងត្រូវតែដាក់កំហិតនេះ»។
ផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺ COVID-19 នៅក្នុងប្រទេសអូស្ត្រាលីនៅតែកើនឡើងខ្លាំង។ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានាបានបញ្ជាក់ថា បុគ្គលិករបស់ពួកគេរាប់ពាន់នាក់នឹងបាត់បង់ការងារធ្វើ។
ផ្នែកជាច្រើននៃប្រទេសអូស្ត្រាលីត្រូវបានបិទ។ ការធ្វើដំណើររវាងរដ្ឋនិងរដ្ឋត្រូវបានរឹតត្បិតហើយជនបរទេសទាំងអស់ត្រូវបានរារាំងមិនឱ្យចូលក្នុងប្រទេសអូស្ត្រាលី។
រដ្ឋាភិបាលអូស្ត្រាលីក៏បានហាមប្រាមពលរដ្ឋមិនឱ្យធ្វើដំណើរទៅប្រទេសក្រៅដែរ ដែលជាវិធានការដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19 នេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ