ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ការ​រាលដាល​មេរោគ​វីរុស​កូរ៉ូណា​ថា​ជា «ការ​រាតត្បាត​សាកល»


រូបឯកសារ៖​ ក្រុមជួយសង្រ្គោះដើរត្រឡប់មកចូលរថយន្តសង្រ្គោះវិញ បន្ទាប់ពីការដាក់អ្នកជំងឺចូលក្នុងរថយន្ត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ពុធ ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់ថា​អង្គការ WHO បានកំណត់​ថា​នៅ​ពេល​នេះការរាលដាល​យ៉ាង​លឿននៃ​មេរោគ​វីរុស​កូរ៉ូណា​ជា​ការ​រាតត្បាត​សាកលហើយ​បានព្រមាន​ថា​ នឹង​មានស្ថានភាពអាក្រក់បំផុត​ថែមទៀតផង។​

លោក​ Tedros Adhanom Ghebreyesus ប្រធាន​នៃ​អង្គការ​ WHO បានមានប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា «កាលពី​ពីរសប្តាហ៍កន្លង​ទៅ​នេះ​ចំនួនករណីអ្នកជំងឺ COVID 19 នៅ​ខាងក្រៅ​ប្រទេស​ចិន​បានកើន​ឡើង១៣ដង​ហើយចំនួនប្រទេស​ដែល​មានជំងឺនេះ​បានកើនឡើងបី​ដងដែរ។ លោក​ Tedros បាននិយាយថា​អង្គការ​ WHO “ខ្វល់ខ្វាយ​ខ្លាំង​ដោយសារ​កម្រិតនៃការរាលដាល​នាំ​ឱ្យ​ភ្ញាក់ផ្អើលនិង​ភាពធ្ងន់ធ្ងរ​នៃ​ស្ថានភាព​នេះនិងដោយសារ​កម្រិត​នាំ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ការ​គ្មានសកម្មភាព​ផង​ដែរ»។

លោកបានថ្លែង​ថា «នៅ​ក្នុង​ពេលប៉ុន្មានថ្ងៃនិង​ប៉ុន្មាន​អាទិត្យ​ខាងមុខ​នេះ យើង​រំពឹង​ថា​នឹង​ឃើញចំនួនករណី​អ្នកមានផ្ទុកមេរោគ​វីរុស COVID-19, ចំនួនមនុស្សស្លាប់និង​ចំនួនប្រទេសមាន​ជំងឺនេះ​នឹងកើនឡើង​ច្រើន​ជាងមុន»។

រដ្ឋាភិបាលនៅ​ទូទាំង​ពិភពលោកបានខិតខំព្យាយាម​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​រាល​ដាល​នៃ​មេរោគ​វីរុស​កូរ៉ូណា​ដែល​ចាប់តាំង​ពី​ខែ​ធ្នូមក​បាន​ឆ្លងដល់មនុស្ស​ជាង១សែន១ម៉ឺន៨ពាន់នាក់និងបានបណ្តាល​ឱ្យមនុស្ស​ប្រមាណ៤ពាន់៣រយ​នាក់ស្លាប់​នៅក្នុង​ប្រទេស១១៤។​

លោក Tedros បាន​មានប្រសាសន៍​ថា​អង្គការ​របស់លោកបាន «ប្រកាស​យ៉ាង​ខ្លាំង​និង​ច្បាស់លាស់​អំពី​ភាពអាសន្ន​នៃ​ការរាល​ដាល​ជំងឺ​នេះហើយ» ហើយ​ថា​ប្រទេស​នានា​«នៅ​តែ​អាច​បង្ក្រាប​ការ​រាតត្បាត​សាកលនៃជំងឺ​នេះ​បាន»។

លោក​បានថ្លែង​ថា ​៩០ភាគរយនៃ​ករណី​មនុស្ស​មានផ្ទុកមេរោគ​វីរុស​កូរ៉ូណា​មានតែនៅ​ក្នុង​ប្រទេសបួនប៉ុណ្ណោះ ​ហើយថា នៅ​ក្នុងប្រទេស​ពីរ​ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ​គឺប្រទេស​ចិននិងប្រទេស​កូរ៉េខាងត្បូង «មានការ​ចុះថយ​ច្រើនក្រាស់ក្រែល​នៃ​ការ​រាលដាលជំងឺនេះ»។

ជំងឺ​នេះ​ដែល​គេ​ស្គាល់ជា​ផ្លូវការ​ថា​ COVID-19 បានកើតមានដំបូង​នៅក្នុង​ប្រទេសចិន​ដែលនៅទី​នោះពួកមន្ត្រីសុខាភិបាល​រាយការណ៍​កាលពីថ្ងៃ​ពុធ​ថា ​មានករណីថ្មីៗតែ​២៤៕

XS
SM
MD
LG