ប្រទេសអូស្រ្តាលី នឹងជំរុញឲ្យមានការស៊ើបអង្កេតអន្តរជាតិក្នុងការរាលដាលជាសាកលនូវមេរោគកូរ៉ូណានៅឯជំនួបប្រចាំឆ្នាំរបស់មហាសន្និបាតសុខភាពពិភពលោកនៅខែក្រោយ។ នេះតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អូស្រ្តាលីចង់ឲ្យមានការពង្រឹងអង្គការសុខភាពពិភពលោក (WHO) និងស្នើឲ្យដាក់បញ្ចូលពួកអធិការកិច្ចដែលមានអំណាចចូលក្នុងប្រទេសដើម្បីឆ្លើយតបឲ្យ បានឆាប់រហ័សដល់វិបត្តិសុខភាពក្នុងរបៀបពួកអ្នកត្រួតត្រាអាវុធដែរ។
អូស្រ្តាលីមានដំណែងនៅក្នុងក្រុមប្រឹក្សាប្រតិបត្តិរបស់មហាសន្និបាតនោះ ដែលកំណត់គោលនយោបាយរបស់អង្គការសុខភាពពិភពលោក (WHO) និងតែង តាំងអគ្គនាយករបស់អង្គការនោះ។ មហាសន្និបាតនោះ មានកំណត់ពេលជួបគ្នានៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters បានប្រាប់ឲ្យដឹងថា មេរោគកូរ៉ូណា ត្រូវបានគេជឿថា បានលេចចេញមកនៅក្នុងផ្សារលក់សត្វព្រៃមួយកន្លែងនៅក្នុងទីក្រុងវូហាន ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំទៅ។ មេរោគកូរ៉ូណានោះ បានរាលដាលនៅជុំវិញពិភពលោកដោយបានឆ្លងមនុស្សជាង២លាន៦សែននាក់និងបានសម្លាប់មនុស្សជាង១៨៣,០០០នាក់។
ការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក (WHO) ដល់ការផ្ទុះឡើងនូវមេរោគកូរ៉ូណានេះ បានក្លាយជាការឈ្លោះប្រកែកគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំដោយចោទប្រកាន់អង្គការនេះពីការលម្អៀងទៅប្រ ទេសចិនហើយបានផ្អាកការផ្តល់ថវិការបស់សហរដ្ឋអាមេរិកទៅឲ្យអង្គការនេះ។
អ្នកការទូតជឿថាជំនួបនៅខែឧសភា បើកទ្វារឲ្យមានការពិភាក្សាការអំពាវនាវរបស់អូស្រ្តាលីចំពោះការស៊ើបអង្កេតនេះ ពីព្រោះតែរបៀបវារៈរបស់មហាសន្និបាតនោះមានរួចទៅហើយ រួមបញ្ចូលការអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវគ្រាអាសន្នខាងសុខភាព ហើយនឹងជំរុញឲ្យសមាជិករបស់អង្គការនោះអនុវត្តន៍បទបញ្ជាដែលបានស្នើនោះបន្ទាប់ពីការផ្ទុះឡើងនូវជំងឺ SARS នៅក្នុងប្រទេសចិន៕