ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អាមេរិក​ថា កិច្ចព្រមព្រៀង AUKUS មិន​គំរាម​កំហែង​ស្ថិរភាព​​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ


រូបឯកសារ៖ លោក Sung Kim ប្រេសិត​ពិសេស​របស់​អាមេរិក​ទៅ​កាន់​កូរ៉េខាងជើង​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​រវាង​អាមេរិក ជប៉ុននិង​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ពិភាក្សា​អំពី​កូរ៉េខាងជើង នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)

កិច្ចព្រមព្រៀង​ការពារ​ជាតិ​រវាង​ប្រទេស​អូស្ត្រាលី សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ មិន​គំរាម​កំហែង​ដល់​ស្ថិរភាព​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​មិនមាន​គោលដៅ​សំដៅ​ប្រទេស​ណា​មួយ​ទេ។ នេះ​បើ​តាម​បេសកជន​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ នៅពេល​ដែល​មាន​ការព្រួយ​កង្វល់​នៅ​ក្នុង​តំបន់​ដែល​ឥទ្ធិពល​របស់​ចិន​កំពុង​កើន​ឡើង​នោះ។

ប្រទេស​ឥណ្ឌូនេស៊ី មាន​ការបារម្ភ​ថា កិច្ចព្រមព្រៀង​ដែល​ហៅ​ថា AUKUS ដែល​នៅ​ក្នុង​នោះ អូស្ត្រាលី នឹង​ទទួល​បាន​បច្ចេកវិទ្យា​នុយក្លែអ៊ែ​ពី​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ឲ្យ​មាន«ការប្រកួត​ប្រជែង​អាវុធ»កាន់តែ​អាក្រក់​ឡើង​នៅ​ក្នុង​តំបន់។

ប្រទេស​ម៉ាឡេស៊ី បាន​សម្តែង​ការព្រួយ​កង្វល់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ខណៈ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​ដែល​ជា​ប្រទេស​ជិត​ខាង​ និង​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នោះ​ ក៏​បាន​សម្តែង​ការព្រួយ​បារម្ភ​របស់​ខ្លួន​ផងដែរ។

លោក Sung Kim ដែល​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រាប់​វេទិការ​តាម​អនឡាញ​មួយ​ថា «ការណ៍​នេះ នឹង​ពង្រឹង​ការបន្ត​កិច្ចសហប្រតិបត្តិការ​របស់​យើង​ជាមួយ​ប្រទេស​សំខាន់ៗ​ដូចជា​ឥណ្ឌូនេស៊ី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​មាន​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ​មួយ​ដែល​គោរព​នីតិរដ្ឋ»។

លោក Kim បាន​ថ្លែង​ទៀត​ថា លោក​មិន​មាន​ការព្រួយ​បារម្ភ​អំពី​ការប្រណាំង​ប្រជែង​អាវុធ​ឬ​ការរីកសាយ​អាវុធ​នុយក្លែអ៊ែ​នោះ​ទេ ដោយ​លោក​បាន​ហៅ​ថា វា​ជា​កិច្ចផ្តួចផ្តើមវិជ្ជមាន​មួយ​ដែល​នឹងផ្តល់​ការពេញចិត្ត​សម្រាប់ប្រទេស​ឥណ្ឌូនេស៊ី។

កិច្ចព្រមព្រៀង AUKUS ភាគច្រើន​ត្រូវ​បាន​គេមើលឃើញ​ថា​ ជាការឆ្លើយតប​ដោយ​សម្ព័ន្ធមិត្ត​ប្រទេស​លោក​ខាង​លិច​ដើម្បី​បញ្ចៀស​អនុត្តរភាព​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៌​និង​ហួសពី​តំបន់​នោះ ជា​ពិសេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ផ្លូវពាណិជ្ជកម្ម​ដឹកជញ្ជូន​តាម​នាវា​ទី៣ ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាមទារ​អធិបតេយ្យភាព​ផ្អែកលើ​ប្រវត្តិសាស្ត្រ​នោះ។

ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ដើម​ខែ​នេះ បាន​បង្កើន​ការយាមល្បាត​នៅ​ក្នុង​ការឆ្លើយតប​ដល់​នាវា​អាមេរិក​និង​ចិន៕

XS
SM
MD
LG