ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​ចក្រភព​អង់គ្លេស បើកបរ​ដ៏​កម្រ​មួយ​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់


រូបឯកសារ៖ នាវា​ចំបាំង HMS Richmond របស់​​ចក្រភព​អង់គ្លេស។

កង​នាវា​ជើងទឹក​អង់គ្លេសប្រាប់​ឲ្យ​ដឹង​ថា នាវា​ចំបាំង​របស់ចក្រភព​អង់គ្លេស​មួយ​គ្រឿង​ បាន​បើក​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ​ដែល​ជា​ចំណាត់ការ​មួយប្រឈមទៅនឹង​ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ផ្លូវ​ទឹក​ដ៏​រសើបមួយ​នេះ​និង​ជា​ការកត់​សម្គាល់​នៃ​ការបើកបរ​ដ៏​កម្រ​មួយ​ដោយ​នាវា​ចំបាំងក្រៅ​ពី​សហរដ្ឋ​អាមេរិក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សារបង្ហោះ​តាម​បណ្តាញ​សង្គម Twitter នៅ​លើ​ខ្ទង់​គណនីយ​ផ្លូវការណ៍​របស់​នាវា​ចំបាំង HMS Richmond ដែល​ជា​កង​នាវា​ត្រូវ​បាន​ដាក់​ពង្រាយ​ជាមួយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​របស់​ចក្រភព​អង់គ្លេស​ប្រាប់​ឲ្យ​ដឹង​ថា «បន្ទាប់ពី​ធ្វើការងារ​ដ៏​មមា​ញឹក​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ត​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រួច​មក ឥឡូវ​នេះ​យើងកំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​និង​កង​នាវាជើង​ទឹក​របស់​ប្រជាជន​វៀតណាម»។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា វា​ជា​លើក​ទី១​ហើយ​ ​ដែល​នាវា​ចំបាំង​ចក្រភព​អង់គ្លេស ​បាន​ឆ្លង​កាត់​តាម​ផ្លូវ​ទឹក​ដ៏​ចង្អៀត​ដែល​បែងចែក​រវាង​កោះ​តៃវ៉ាន់​ និង​ចិន​ដីគោក​នោះ។

កង​នាវា HMS Enterprise បាន​ឆ្លង​កាត់​ចក្រ​សមុទ្រនេះ​ នៅ​ក្នុងឆ្នាំ២០១៩។ ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស មិន​បាន​ឆ្លើយតប​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។

នាវា​ចំបាំង​សហរដ្ឋ​អាមេរិក បាន​អនុវត្ត«សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍»​នៅ​ច្រក​សមុទ្រនោះ ​ហើយ​បាន​បណ្តាល​ឲ្យ​មាន​ការឆ្លើយតប​ដោយ​ការខឹងសម្បារ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​ទាមទារ​កោះ​តៃវ៉ាន់​និង​ផ្លូវ​ទឹក​ជុំវិញ​នោះ​ និង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​អស់។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ភាគច្រើន​ផ្សេង​ទៀត ចាត់ទុក​តំបន់​ទាំង​នោះ ថា​ជា​ផ្លូវ​ទឹក​អន្តរជាតិ​ដែល​ត្រូវតែ​បើក​ចំហរ​សម្រាប់​នាវា​ទាំង​អស់​ធ្វើ​ដំណើរ។

ប្រទេស​ចិន ​មិន​បាន​ឆ្លើយតប​ដល់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​របស់​នាវា​ចំបាំង​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទនោះទេ។

លោក​ស្រី Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា «យើង​សង្ឃឹម​ថា ប្រទេស​ពាក់ព័ន្ធ​ទាំង​អស់ អាច​ធ្វើការ​ស្ថាបនា​ការទុកចិត្ត​គ្នា​ទៅវិញ​ទៅមករវាង​ប្រទេស​ទាំង​នោះ ហើយ​នឹង​លើកស្ទួយ​សន្តិភាព​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់»។

រហូត​មកទល់​ពេលថ្មី​ៗ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ជា​មហា​អំណាច​ពិភពលោក​ដ៏​សំខាន់​ដែល​បើកបរ​នាវា​កាត់តាម​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ៕

XS
SM
MD
LG