ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​របាយការណ៍​ដំបូង ប្រេសិត​អ.ស.ប.​ថ្មី ស្នើឲ្យ​កម្ពុជា​ឈប់​យក​ច្បាប់​រុកកួន​ក្រុម​អ្នករិះគន់


រូបឯកសារ៖ លោក Vitit Muntarbhorn ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។

អ្នក​រាយការណ៍​ពិសេស​ អ.ស.ប.​ អាណត្តិ​ថ្មីអំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​សាស្ត្រាចារ្យ​ Vitit Muntarbhorn ក្នុង​របាយ​ការណ៍​ផ្លូវការ​ដំបូង​របស់ខ្លួន ​បាន​ស្នើរដ្ឋាភិបាល​លោក​ ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​តាម​រុក​កួនអ្នក​ជំទាស់ ​អ្នក​រិះគន់​ សកម្មជន ​និង​សង្គម​ស៊ីវិល។

ប្រេសិត​អ.ស.ប.​ ​រូប​នេះ ​បាន​លើក​ឡើង​ដូច្នេះ​ក្នុង​របាយ​ការណ៍​កម្រាស់​២០​ទំព័រ​ដែល​លោក​ត្រៀម​ធ្វើ​បទ​បង្ហាញ​នៅ​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអ.ស.ប.​ នៅ​ថ្ងៃទី៦​ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ។

ក្នុង​របាយ​ការណ៍​ដដែល ​អ្នកជំនាញ​ការ​ច្បាប់​និង​សិទ្ធិ​មនុស្ស​សញ្ជាតិ​ថៃ​រូបនេះ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ការ​ចាត់​វិធានការ​ច្បាប់​នានា​ រួមមាន​ការ​បញ្ជូន​អ្នក​ជំទាស់ ​សកម្មជន​ អ្នក​រិះគន់​រដ្ឋាភិបាល ទៅ​ទទួល​ការ​ជំនុំជម្រះ​ទោសនៅ​តុលាការ​។

«អ្នក​រាយការណ៍​ពិសេស​សូម​ស្នើ​រដ្ឋាភិបាល​ឲ្យបញ្ឈប់​ការ​ស៊ើប​អង្កេត ​និង​ការ​បញ្ជូន​សំណុំ​រឿង​យកទៅ​កាត់​ទោស នូវ​សមាជិក​នៃ​គណបក្ស​ជំទាស់​ អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្ម​ជន​សង្គម​ស៊ីវិល​ និង​អ្នក​សារព័ត៌មាន ដោយ​តោង​យល់ក្នុង​ចិត្ត​នូវ​និយាម​សិទ្ធិ​មនុស្ស​អន្តរជាតិ ការ​ធានា​អំពី​នីតិ​វិធី​ត្រឹម​ត្រូវ​នៃ​ច្បាប់​និង​សវនាការ​ប្រកប​ដោយ​យុត្តិធម៌ និង​បើក​ទូលាយ​ឡើង​នូវ​លម្ហ​ធ្វើ​ការ​សន្ទនា ​ការ​ផ្សះ​ផ្សា និង​ការ​ជានា​គ្នា​វិញ»។

ប្រេសិត​រូបនេះ​បាន​បន្តថា រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បង្កើត​ច្បាប់ថ្មីៗ ដែល​អត្ថន័យ​ខ្លឹមសារ​នៃ​អត្ថបទច្បាប់​ទាំង​នោះ អាច​នឹង​ទាស់​ជាមួយ​នឹង​គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ជំនាញ​ការ​អ.ស.ប.​ រូប​នេះ ​ច្បាប់ទាំង​នោះ​រួម​មាន បញ្ញត្តិ​អំពី​ការ​បរិហារ​កេរ្តិ៍ ការ​ប្រមាថ ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បទ​ឧបឃាដ​ និង​ការ​ញុះញង់ ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​ ច្បាប់ប្រឆាំ​ងការរីក​រាលដាលនៃមេរោគកូវីដ១៩​ និងជំងឺកាចសាហាវផ្សេងទៀត ​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ និង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដើម។

សាស្ត្រាចារ្យ Muntarbhorn​ បាន​បន្ត​លើក​ឡើង​យ៉ាង​ដូច្នេះ​ទៀត​ថា៖

«អ្នក​រាយការណ៍​ពិសេស​សូម​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​សូម​បញ្ឈប់​ឬ​ចៀសវាង​នូវ​ការ​ប្រើ​ប្រាស់​ច្បាប់​ គោល​នយោបាយ ​និង​ការ​អនុវត្ត​នានា ​ដែល​ជា​ការ​បំពាន​ហួស​ច្បាប់​និង​និយាម​សិទ្ធិ​មនុស្សអន្តរជាតិ​ និង​បង្កើត​ឱ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ជាបន្ទាន់​លើ​លិខិតូប​ករណ៍​ច្បាប់ ​គោល​នយោបាយ ​និង​ការ​អនុវត្ត ដែលមាន​ចរិត​និង​ទោសទណ្ឌ​ធ្ងន់ធ្ងរ ​ដែល​ត្រូវ​កែលម្អ​ឡើងវិញ​ស្រប​តាមនិយាមសិទ្ធិ​មនុស្ស ​(រួម​មាន​ការ​កែ​ទម្រង់​ច្បាប់​ទាំង​នោះ​ឡើង​វិញ ​ការ​កែ​សម្រួល​ខ្លឹម​សារ ​ឬ​ការ​រំលាយ​ច្បាប់​ទាំង​នោះ​ចោល​តែ​ម្ដង ​បើ​សិន​ជា​ចាំ​បាច់)»។

សាស្ត្រាចារ្យ ​Muntarbhorn ​ក៏​បាន​ស្នើ​រដ្ឋាភិបាល​យក​ជា​សំខាន់​ នូវ​ការ​សន្ទនា​ជាប់​ជា​ប្រចាំជាមួយ​សង្គម​ស៊ីវិល ​ដើម្បី​ធានា​ថា​សំឡេង​ពួក​គេ​ត្រូវ​បាន​គេដឹង​ឮ​និង​គោរព។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពីការ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​អំឡុង​ជំងឺ​កូវីដ១៩​រាត​ត្បាត​នៅ​កម្ពុជា​ បញ្ហា​សិទ្ធិ​ដីធ្លី សិទ្ធិ​ស្ត្រី​និង​កុមារ និង​សិទ្ធិ​សេដ្ឋកិច្ច​និង​សង្គម។​

កាលពី​ថ្ងៃពុធ​សប្ដាហ៍​មុន ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចូលរួម​ជំនួប​តាម​អនឡាញ​មួយ​ជាមួយ​លោក​សាស្ត្រា​ចារ្យ​ Vitit Muntarbhorn ដែល​ជា​ជំនួប​ដំបូង​រវាង​អ្នក​ទាំងពីរ ​ចាប់​តាំង​ពី​ប្រេសិត​ពិសេសថ្មី​រូប​នេះ ចូល​មក​កាន់​តួនាទី​ជា​អ្នកជំនាញការ​ឯករាជ្យ​របស់​UN​នៅ​ខែឧសភា​មក។

អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​លោក​ កត្តា អ៊ន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះថា ​ស្ថាន​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​ទីក្រុង​ហ្សែណែវ ​នឹង​ឡើង​បំភ្លឺ​ផងដែរ​ ដើម្បី​ពន្យល់​អំពី​ជំហរ​របស់រដ្ឋា​ភិបាល ​ទាក់​ទង​នឹង​ការ​ចាត់ចែង​វិស័យ​សិទ្ធិមនុស្ស ​និង​ច្បាប់ ​ជាមួយ​លោក​ប្រេសិត​ពិសេស។

«ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា គេ​មានច្បាប់​ព្រហ្មទណ្ឌ គេ​មាន​តុលាការ ​សម្រាប់​ផ្ដន្ទា​ទោស សម្រាប់​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនល្មើស​ គេ​មិន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ​គេ​មិន​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ ប្រឆាំង​ជន​ដែល​គ្មាន​ទោស​នោះ​ទេ»។

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​រូបនេះ​បានបន្តថា៖

«ដូច្នេះ​កន្លង​មក​នេះ នៅ​កម្ពុជា​យើង​ឃើញ​ថា មាន​សកម្មជន​មួយ​ចំនួន ក៏​ដូច​ជា អតីតសមាជិកបក្ស​ប្រ​ឆាំង​មួយ​ចំនួន​តូច ពួក​គាត់​បាន​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់ខ្លួន​ដោយ​បំពាន​ច្បាប់ ​ដោយ​ប្រឆាំង​ច្បាប់​ ដោយផ្ទុ​យ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ​ដោយ​ផ្ទុយ​ទៅ​នឹង​គោល​ការណ៍​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដែល​បង្ក​ដល់​អាណាធិបតេយ្យ ក៏​ដូចជា​អសន្តិសុខ​របស់​ប្រទេស​ជាតិ។ នេះជា​វិធាន​ការ​ច្បាប់ដើម្បី រក្សា​សន្ដិភាព​ រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ ក៏​ដូចជា​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ​និង​ប្រទេស​កម្ពុជា​យើង»។

លោក​ កត្តា អ៊ន ​បន្ថែម​ថា​រដ្ឋាភិបាល​នឹង​ទទួលស្ដា​ប់​អនុសាសន៍​ពីដៃ​គូ​ពាក់​ព័ន្ធ​នានា ​និង​បន្តធ្វើការ​អភិវឌ្ឍ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ លុះត្រា​តែ​អនុសាសន៍​ទាំងនោះ​មិន​លូក​លាន់​នយោបាយ​ផ្ទៃក្នុង ឬ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ ​និង​សន្តិសុខ​ជាតិកម្ពុជា៕​

XS
SM
MD
LG