ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​យោធា​កំពូល​អាមេរិក ការពារ​ការនិយាយ​ទូរស័ព្ទ​របស់​លោក​ជាមួយ​មន្ត្រី​ចិន


លោក​នាយ​ឧត្តមសេនីយ៍ Mark Milley ដែល​ជា​នាយ​សេនាធិការ​កងទ័ព​ចម្រុះ និង​ជា​មន្រ្តី​យោធា​កំពូល​បំផុត​របស់​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
លោក​នាយ​ឧត្តមសេនីយ៍ Mark Milley ដែល​ជា​នាយ​សេនាធិការ​កងទ័ព​ចម្រុះ និង​ជា​មន្រ្តី​យោធា​កំពូល​បំផុត​របស់​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោក​នាយ​ឧត្តមសេនីយ៍ Mark Milley ដែល​ជា​នាយ​សេនាធិការ​កងទ័ព​ចម្រុះ ​និង​ជា​មន្រ្តី​យោធា​កំពូល​បំផុត​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ​ថា ការ​ហៅ​ទូរស័ព្ទ​ពីរ​ដង​របស់​លោក​ទៅ​សមភាគី​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ត្រូវ​បាន​ធ្វើឡើង​ដោយ​បើក​ចំហ​និង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ចិន។

លោក​បាន​និយាយ​ថា មន្រ្តី​សំខាន់ៗ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Trump បាន​ដឹង​អំពី​ការ​ហៅ​ទូរស័ព្ទ​នេះ។ នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​នោះ លោក​បាន​ធានា​ជូន​ប្រទេស​ចិន​ថា លោក Trump គ្មាន​ចេតនា​បើក​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ប្រទេសចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នោះ​ទេ។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី Joe Biden ដក​លោក Milley ចេញពី​តំណែង សម្រាប់​អ្វី​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ការ​បំពាន​លើ​ទម្លាប់​ជា​យូរ​មក​ហើយ​របស់​មន្ត្រី​ស៊ីវិល​ដែល​ដឹកនាំ​យោធា​អាមេរិក។

ប៉ុន្តែ​លោក Milley បាន​ការពារ​ការ​ហៅ​ទូរស័ព្ទ​ទាំង​ពីរ​លើក​នោះ ដែល​មួយ​នៅ​ថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ​មុន និង​មួយ​ទៀត​នៅ​ថ្ងៃ​ទី ៨ ខែ​មករា ដោយ​បាន​និយាយ​ថា ការ​ហៅ​ទូរស័ព្ទ​នោះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​ចិន​ដែល​គិត​ថា​សហរដ្ឋ​អាមេរិក​អាច​វាយ​ប្រហារ​ខ្លួន។

ដោយ​និយាយ​អំពី​ការ​ហៅ​ទូរស័ព្ទ​ទៅ​លោក​នាយ​ឧត្តមសេនីយ៍ Li Zuocheng នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន (យោធា​របស់​ប្រទេស​ចិន) លោក Milley បាន​ប្រាប់​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា នៅ​ពេល​នោះ លោក​ប្រធានាធិបតី Trump មិន​មាន​បំណង​វាយ​ប្រហារ​ប្រទេស​ចិន​ទេ ហើយ​វា​គឺជា​ការ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​របស់​ខ្ញុំ​ក្នុង​ការ​ជូន​ដំណឹង​អំពី​បទបញ្ជា​និង​ចេតនា​របស់​ប្រធានាធិបតី»។

លោក​បាន​បន្ថែម​ថា៖ «ភារកិច្ច​របស់​ខ្ញុំ​នៅ​ពេល​នោះ​គឺ​បន្ថយ​ភាព​តានតឹង។ សារ​របស់​ខ្ញុំ​គឺ​នៅ​ដដែល ដែល​នោះ​គឺ​សូម​រក្សា​ភាព​ស្ងប់ស្ងាត់ ស្ថិរភាព និង​បន្ថយ​ភាព​តានតឹង។ យើង​នឹង​មិន​វាយ​ប្រហារ​អ្នក​ទេ»។

ការ​ហៅ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​លាត​ត្រដាង​ដំបូង​នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «គ្រោះ​កាច (Peril)» ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ របស់​លោក Bob Woodward និង​លោក Robert Costa ដែល​ជា​អ្នក​កាសែត Washington Post។ សៀវភៅ​នេះ​រៀបរាប់​អំពី​ស្ថានការណ៍​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក Trump៕

XS
SM
MD
LG