ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង សាកល្បង​មីស៊ីល​មួយ​ទៀត និង​ចោទ​កូរ៉េ​ខាងត្បូង​ថា បង្ក​អរិភាព


ពលរដ្ឋ​មើល​ការផ្សាយ​តាម​ទូរទស្សន៍​អំពី​ការសាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាងជើង បាន​បាញ់​មីស៊ីល​​​ឆ្ពោះ​​ទៅ​​សមុទ្រ​នៅ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន។
ពលរដ្ឋ​មើល​ការផ្សាយ​តាម​ទូរទស្សន៍​អំពី​ការសាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាងជើង បាន​បាញ់​មីស៊ីល​​​ឆ្ពោះ​​ទៅ​​សមុទ្រ​នៅ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន។

ប្រទេស​កូរ៉េ​ខាងជើង​ បាន​បាញ់​សាកល្បង​មីស៊ីល​មួយ​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ការ​សាកល្បង​លើក​ទី ៣ ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក។ ការ​សាកល្បង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ មុន​ពេល​ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ថ្លែង​នៅ​អង្គការ​សហ​ប្រជាជាតិ​ដោយ​ចោទ​ប្រទេស​កូរ៉េ​ខាងត្បូង​ថា ​ជា​អ្នក​បង្ក​អរិភាព។

កូរ៉េ​ខាងជើង​ បាន​បាញ់​មីស៊ីល​នេះ​ឆ្ពោះ​ទៅ​សមុទ្រ​នៅ​ភាគ​ខាងកើត​ប្រទេស​នៅ​ម៉ោង​ប្រហែល ៦ និង ៤០ នាទី​ព្រឹក ម៉ោង​នៅ​ក្នុង​ស្រុក​នៅថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាងត្បូង​ដែល​ឃ្លាំមើល​ការ​សាកល្បង​អាវុធ​បែប​នេះ។

មន្រ្តី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​និយាយ​ថា ការ​សាកល្បង​នេះ​ មើល​ទៅ​ដូចជា​មាន​ការ​បាញ់​មីស៊ីល​ផ្លោង​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

យោធា​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា មីស៊ីល​នេះ ​ត្រូវបាន​គេ «សន្មត​ថា ​ជា​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី» ហើយ​បាញ់​ចេញ​ពី​តំបន់ Mupyong-ri ក្នុង​ខេត្ត Jagang។ តំបន់​នេះ​ គឺ​ជា​តំបន់​តែ​មួយ​ដែល​កូរ៉េ​ខាងជើង ​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប (ICBM) កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៧។

ដំណឹង​នៃ​ការ​បាញ់​សាកល្បង​នេះ​បាន​កើតឡើង នៅ​ពេល​ដែល​លោក Kim Song ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ថ្លែង​សុន្ទរកថា​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សុន្ទរកថា​នោះ លោក Kim Song បាន​ការពារ​ការ​អភិវឌ្ឍ​មីស៊ីល​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង ដោយ​បាន​និយាយ​ថា វា​ជា​ការ​ឆ្លើយតប​ទៅ​នឹង «គោល​នយោបាយ​អរិភាព» របស់​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «គ្មាន​នរណា​អាច​បដិសេធ​សិទ្ធិ​សុចរិត​នៅ​ក្នុង​ការ​ការពារ​ខ្លួន​របស់​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ក្នុង​ការ​អភិវឌ្ឍ សាកល្បង ផលិត និង​កែច្នៃ​ប្រព័ន្ធ​អាវុធ​ដែល​ស្មើ​នឹង​ប្រព័ន្ធ​អាវុធ​ដែល​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​មាន​ ឬ​ក៏​កំពុង​អភិវឌ្ឍ​នោះ​ឡើយ»។

ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​រូប​នេះ​ ក៏បាន​ថ្កោលទោស​ផងដែរ​ចំពោះ​វត្តមាន​កងទ័ព​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង​កាលពី​ពេល​ថ្មីៗ​នេះ និង​ការ​បង្កើន​កម្លាំង​យោធា​នា​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាងត្បូង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG