ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស Quad ប្រកាស​កិច្ច​ព្រមព្រៀង​ដែល​មាន​បំណង​សំដៅ​លើ​ចិន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដើរ​ជាមួយ​​មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​​ទៅ​កាន់​​​កិច្ចប្រជុំ​ក្រុម​ប្រទេស Quad នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ទទួល​ស្វាគមន៍​មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី សម្រាប់​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស Quad (Quadrilateral Security Dialogue) ដែល​ជា​ក្រុម​កិច្ច​សន្ទនា​សន្តិសុខ​ចតុភាគី។

កិច្ច​ប្រជុំ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​គោល​នយោបាយ​ការបរទេស​របស់​លោក Biden ដើម្បី​ផ្ដោត​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​ទប់ទល់​នឹង​ប្រទេស​ចិន​ដែល​កំពុង​មាន​ឥទ្ធិពល​កើនឡើង។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​នោះ លោក Biden បាន​បញ្ជាក់​ថា ក្រុម​ប្រទេស Quad កំពុង​សម្រេច​បាន​តាម​ការ​ប្ដេជ្ញា​របស់​ខ្លួន​ដែល​បាន​ប្រកាស​កាលពី​ខែ​មីនា។

លោក Biden បាន​ថ្លែង​ដូច្នេះ​ថា៖ «គម្រោង​ផ្ដួចផ្ដើម​ចាក់​វ៉ាក់សាំង [កូវីដ១៩] របស់​យើង កំពុង​ដំណើរការ​ល្អ​នៅ​ក្នុង​ការ​ផលិត​វ៉ាក់សាំង ១ ពាន់​លាន​ដូស​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ជា​សាកល។ យើង​កំពុង​ចាត់​វិធានការ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ភាព​ជា​ដៃគូ​ថ្មី​ឆ្ពោះ​ទៅរក​ការ​ដឹក​ជញ្ជូន​ដែល​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ទទួល​ស្វាគមន៍​មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស Quad នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ទទួល​ស្វាគមន៍​មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស Quad នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១។

ប្រធានាធិបតី​ឥណ្ឌា​លោក Narendra Modi បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា៖ «ចាប់ពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រហូត​ដល់​សន្តិសុខ​សាកលលោក និង​ចាប់ពី​វិធានការ​អាកាសធាតុ​រហូត​ដល់​វិធានការ​កូវីដ១៩ និង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​បច្ចេកវិទ្យា ក្រុម​ប្រទេស Quad របស់​យើង​នឹង​ដើរ​តួ​ជា​កម្លាំង​មួយ​សម្រាប់​ប្រយោជន៍​ជា​សាកល»។

ទោះបីជា​ប្រទេស​ចិន​មិន​ស្ថិត​នៅ​លើ​របៀបវារៈ​ពិភាក្សា​ផ្លូវការ​នៃ​កិច្ច​ប្រជុំ​នេះ​ក៏ដោយ ក៏​ក្ដី​កង្វល់​ដ៏​ធំ​បំផុត​របស់​ក្រុម​ប្រទេស Quad គឺ​ការ​គំរាមកំហែង​របស់​ប្រទេស​ចិន​លើ​ដែន​សមុទ្រ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific)។

ប្រទេស​ចិន​បាន​សាងសង់​មូលដ្ឋាន​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea) និង​បាន​ប្រើ​មូលដ្ឋាន​យោធា​ទាំង​នោះ​ដើម្បី​គាំទ្រ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន​លើ​សមុទ្រ​ចិន​ខាង​ត្បូង។

បណ្ដា​មេដឹកនាំ​នៃ​កិច្ច​ប្រជុំ​នេះ​បាន​សង្កត់​ធ្ងន់​អំពី​តម្រូវការ​នៅ​ក្នុង​ការ​មាន «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ» ដែល​នេះ​ចង់​សំដៅ​ទៅ​លើ​ជំហរ​គោល​នយោបាយ​មុតមាំ​ប្រឆាំង​នឹង​មហិច្ឆតា​របស់​រដ្ឋាភិបាល​ចិន។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga និយាយ​ដូច្នេះ​ថា៖ «ប្រទេស ៤ ដែល​ប្រកាន់​យក​គុណតម្លៃ​ជា​មូលដ្ឋាន​ដូច​គ្នា ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​បុព្វហេតុ​នៃ​ការ​សម្រេច​ឲ្យ​បាន​នូវ​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​មួយ​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ​ផ្អែក​លើ​នីតិរដ្ឋ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

សម្រាប់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison វិញ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ជឿ​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ ពីព្រោះ​យើង​ដឹង​ថា នេះ​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​រឹងមាំ ស្ថិរភាព និង​វិបុលភាព»។

ក្រុម​ប្រទេស Quad បាន​ប្រកាស​នូវ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ដែល​មាន​បំណង​សំដៅ​ដោយ​ផ្ទាល់​លើ​ប្រទេស​ចិន​ដូចជា កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​បច្ចេកវិទ្យា​ជំនាន់​ទី ៥ (5G) ការ​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​វត្តុធាតុ​អេឡិចត្រូនិក Semiconductor ការ​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​ជាដើម។

ប៉ុន្តែ ដោយសារ​សមាជិក​នៃ​ក្រុម​ប្រទេស Quad មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផ្សេងៗ​គ្នា​ជាមួយ​នឹង​ប្រទេស​ចិន ពួកគេ​អាច​មាន​ឆន្ទៈ​ខុស​គ្នា​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ប្រទេស​ចិន។

អ្នកស្រី Shihoko Goto អនុ​ប្រធាន​ផ្នែក​ភូមិសាស្ត្រ​សេដ្ឋកិច្ច​នៃ​មជ្ឈមណ្ឌល Wilson (Wilson Center) បាន​និយាយ​ថា៖ «យើង​មិន​ឃើញ​មាន​ឆន្ទៈ​រួម​គ្នា​នៃ​កិច្ច​ប្រជុំ​នេះ​ទេ ទាក់ទិន​នឹង​បញ្ហា​នានា​ដូចជា​ភាព​ធន់​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​គំនិត​ជា​រួម​នៃ​ភាព​ធន់​ផ្នែក​សេដ្ឋកិច្ច​ជាដើម។ ជាង​នេះ​ទៀត ការ​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ទស្សនៈ​ជាតិ​និយម​នៅ​ក្នុង​ប្រទេស​ទាំង ៤ នេះ​ផ្ទាល់​ផងដែរ។ ដូច្នេះ ពួកគេ​នឹង​មិន​ចាំបាច់​តែងតែ​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​នោះ​ឡើយ គឺ​ពួកគេ​ក៏​នឹង​ប្រជែង​គ្នា​ផងដែរ»។

រដ្ឋាភិបាល​ចិន​បាន​រិះគន់​ក្រុម​ប្រទេស Quad នេះ ដោយ​បាន​បញ្ជាក់​ថា ក្រុម​ប្រទេស​នេះ​គួរតែ​លះបង់​ចោល​នូវ «ផ្នត់​គំនិត​សង្គ្រាម​ស៊ីវិល»។

ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​នានា​បាន​និយាយ​ថា ក្រុម​ប្រទេស Quad គឺជា​ការ​កម្លា​ដ៏​សំខាន់​មួយ ជាពិសេស​នៅ​ពេល​ដែល​មាន​វត្តមាន​ឥណ្ឌា​ចូលរួម​នៅ​ក្នុង​ក្រុម​នេះ។

អ្នកស្រី Aparna Pande ប្រធាន​គម្រោង​ផ្ដួចផ្ដើម​ឥណ្ឌា​នៃ​វិទ្យាស្ថាន Hudson (Hudson Institute) បាន​និយាយ​ថា៖ «ប្រសិនបើ​ចង់​ប្រជែង​នឹង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ប្រហែល ១ ពាន់ ២ រយ​លាន ទៅ ១ ពាន់ ៣ រយ​លាន​នាក់ និង​មាន​កម្លាំង​យោធា​ខ្លាំងក្លា​និង​ធនធាន​យ៉ាង​ច្រើន នោះ​ចាំបាច់​ត្រូវ​មាន​ប្រទេស​មួយ​ទៀត​ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ទាំង​ទំហំ ប្រជាជន និង​យោធា និង​ចាត់ទុក​ប្រទេស​ចិន​ថា​ជា​គូ​ប្រជែង»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG