បឹងសំខាន់មួយរបស់ទីក្រុងភ្នំពេញ គឺបឹងទំពុន ឬ បឹងជើងឯក បាននិងកំពុងរងការបំផ្លិចបំផ្លាញ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងលំនៅដ្ឋានថ្មីៗ ដែលការណ៍នេះនាំឲ្យមានការព្រួយបារម្ភបន្ថែមថា ទីក្រុងភ្នំពេញ នឹងកាន់តែប្រឈមជំនន់ទឹកភ្លៀង។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៤ ដែលស្រាវជ្រាវនិងសិក្សាអំពីការប្រែប្រួលជាច្រើននៃស្ថានភាពនៅជុំវិញនិងនៅលើផ្ទៃបឹងទំពុនដែលមានទំហំយ៉ាងហោចណាស់១.៥០០ ហិកតា។
របាយការណ៍នេះ ចងក្រងដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ បណ្តាញយុវជនកម្ពុជា អង្គការសមធម៌កម្ពុជា អង្គការសមាគមធាងត្នោត ដែលមានចំណងជើងថា «ការបាត់បង់បឹងទំពុន៖ ការវាយតម្លៃហេតុប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុនឬជើងឯក»។ អង្គការទាំងនោះបានពិនិត្យលើទិដ្ឋភាពជាច្រើន ពាក់ព័ន្ធនឹងការរួញតូចនៃផ្ទៃបឹង បរិស្ថាន និងជីវិតរស់នៅរបស់ពលរដ្ឋក្នុងតំបន់បឹងទំពុននោះ។
ក្រុមអង្គការសង្គមស៊ីវិល ដែលចងក្រងរបាយការណ៍នេះ បានទាមទារឲ្យ «ផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍន៍នានាដែលកំពុងធ្វើឲ្យប៉ះពាល់តំបន់បឹងទំពុន ឬ ជើងឯក»។
បឹងទំពុននៅភាគខាងត្បូងរាជធានីភ្នំពេញក្នុងខណ្ឌមានជ័យ ជាប់ក្រុងតាខ្មៅ ស្ថិតក្នុងចំណោមបឹងប្រមាណចំនួន២៦ ដែលត្រូវបានចាក់ដីលុបបំពេញទាំងស្រុង ឬ ត្រូវបានចាក់ដីលុបបំពេញដោយផ្នែក។
តាមរយៈការស្រាវជ្រាវនេះ ក្រុមអង្គការសង្គមស៊ីវិលបានស្ទង់មតិប្រជាពលរដ្ឋចំនួន៤៦៩ គ្រួសារ ដែលកំពុងរស់នៅ ឬប្រើប្រាស់តំបន់បឹងនេះនិងទន្លេ។ បទសម្ភាសន៍និងការប្រមូលទិន្នន័យ ត្រូវបានធ្វើឡើងនៅអំឡុងខែឧសភា ឆ្នាំ២០២០។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះបង្ហាញថា ប្រជាជនកម្ពុជារាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ពីការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់ទំពុន ដោយក្រុមហ៊ុនអាយអិនជី ហូលឌីង (ING Holdings) ដែលមានលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានក្រុមប្រឹក្សាភិបាល និងសាជីវកម្មឯកជនផ្សេងទៀត រួមមានក្រុមហ៊ុនជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួតជាដើម។
របាយការណ៍កម្រាស៧១ទំព័រ បានរៀបរាប់ថា នៅឆ្នាំ២០០៤ គម្រោងអាយអិនជីស៊ីធី(ING City) បាននិងកំពុងបំផ្លាញបឹងទំពុន ហើយបន្តគំរាមកំហែងដល់ជីវភាពរស់នៅនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ ប្រព័ន្ធអេកូឡូស៊ីក្នុងបឹង និងជីវចម្រុះកំពុងបន្តបាត់បង់។
របាយការណ៍បញ្ជាក់ថា៖ «ប្រជាពលរដ្ឋជាងមួយលាននាក់កំពុងប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ អសន្តិសុខស្បៀង ការបំពុលទឹកក្នុងទន្លេមេគង្គ ទន្លេបាសាក់ដោយទឹកស្អុយ ដែលមិនបានចម្រោះត្រឹមត្រូវ និងជាការបំពុល ដែលអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ»។ របាយការណ៍កត់សម្គាល់ទៀតថា តំបន់បឹងទំពុន គឺជា«តំបន់ការពារទឹកជំនន់ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតតែមួយគត់របស់ទីក្រុង។ បច្ចុប្បន្នគម្រោងអាយ អិន ជី ស៊ីធីនិងក្រុមហ៊ុនដទៃទៀតកំពុងតែចាក់ដីនិងខ្សាច់បំពេញបឹងនិងបង្កើតជាតំបន់អចលនទ្រព្យ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់វីអូអេថាសង្គមស៊ីវិលមានការបារម្ភថាការបណ្តេញចេញនឹងកើតឡើងនៅពេលខាងមុខ ប្រសិនបើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអគារចេះតែរីកធំនៅតំបន់បឹងទំពុន។
លោកមានប្រសាសន៍ថា៖ «បើយើងមើលទៅថាបឹងហ្នឹង អាច៩០ភាគរយនឹងត្រូវបានលុប នៅសល់ជាង១០០ហិកតា។ អ៊ីចឹងប្រហែលជាអាចនឹងប៉ះពាល់ទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលគាត់រស់នៅ ជុំវិញបឹងហ្នឹង ទៅអនាគត។ អាហ្នឹងហើយ ដែលយើងព្រួយបារម្ភ ខ្លាចមានការបណ្តេញចេញទៀត ដូចបឹង ដូចនៅបឹងកក់ ដូចអីជាដើម»។
ចំណែកលោក សឿង សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោត យល់ថា អ្នកអភិវឌ្ឍទីក្រុងភ្នំពេញនាសម័យបច្ចុប្បន្ននេះ គួរងាកទៅពិចារណាការផ្តល់យោបល់របស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលី វណ្ណ ដែលបាននិយាយនៅពេលលោកនៅមានជីវិតថាការចាក់បំពេញដីក្នុងផ្ទៃទឹកដើម្បីការសាងសង់នោះ មិនមែនជាជម្រើសល្អទេ ខណៈកម្ពុជាមានផ្ទៃដីពាក់កណ្តាល និងទឹកពាក់កណ្តាល។
«អ្នកអភិវឌ្ឍក្រុង ឬក៏អ្នកឌីហ្សាញ (រចនា) ក្រុងហ្នឹងគួរតែ ពិចារណាលើចំណុចហ្នឹងដែរ ព្រោះយើងត្រូវមាន តុល្យភាពរវាងផ្ទៃទឹក ហើយនិងដីគោក ដើម្បីធានាថា វាមិនមានផលប៉ះពាល់ ជាពិសេសគឺទឹកជំនន់ក្នុងទីក្រុងបាទ»។
ផ្ទៃបឹងជាង៩០ភាគរយនឹងត្រូវបំផ្លាញ ដោយការកាត់ដីថ្មីៗហើយបែងចែកទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា តាមរយៈអនុក្រឹត្យរបស់រដ្ឋាភិបាលនៅចន្លោះឆ្នាំ២០១៧និងឆ្នាំ២០១៩។ផ្ទៃតំបន់បឹងទំពុនដែលពីមុនមានទំហំយ៉ាងហោចណាស់១.៥០០ហិកតា ត្រូវគេគ្រោងកាត់មកនៅត្រឹមទំហំ១០៧ហិកតាតែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ស្តីពីការបាត់បង់បឹងទំពុន។
របាយការណ៍បន្ថែមថា៖ «រាជធានីភ្នំពេញ មិនទាន់មានរោងចក្រប្រព្រឹត្តកម្មទឹកស្អុយនៅឡើយទេ ហើយការបាត់បង់បឹងទំពុនជាផលលំបាកដល់ជម្រកត្រីក្នុងទន្លេមេគង្គ និងទន្លេបាសាក់។ បរិមាណទឹកស្អុយជាច្រើននឹងមិនត្រូវបានសម្អាត ហើយទឹកកាន់តែកខ្វក់»។
លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយសារជាប់ប្រជុំ។វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនអាយអិនជី ហូលឌីង(ING Holdings) បាននៅឡើយទេនៅថ្ងៃច័ន្ទនេះ។
បឹងទំពុន គឺមានផ្ទះរបស់ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារផងដែរ ដែលកំពុងរស់នៅនិងប្រើប្រាស់តំបន់នេះ សម្រាប់ការនេសាទ។នេះបើតាមរបាយការណ៍នេះ។ របាយការណ៍នេះសង្កត់ធ្ងន់ថា៖ «ការបណ្តេញចេញដោយបង្ខំ គឺប្រាកដជាអាចកើតឡើងសម្រាប់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅតំបន់បឹងទំពុន...ការផ្លាស់ទីលំនៅជាច្រើន ទំនងជាកើតមាននៅទីតាំងតាមបណ្តោយប្រឡាយ ដែលត្រូវពង្រីកដើម្បីឲ្យទឹកហូរចេញពីបឹងទៅទន្លេបាសាក់»។
របាយការណ៍បង្ហាញថា គ្រួសារភាគច្រើនដែលរស់នៅលើ ឬ ជុំវិញបឹងមិនមានប្លង់កម្មសិទ្ធិឡើយ ហើយសហគមន៍មួយចំនួនចាប់ផ្តើមទទួលការគំរាមកំហែងនៃការបណ្តេញចេញដោយមិនមានការពិគ្រោះយោបល់។ របាយការណ៍រកឃើញផងដែរថា ផលប៉ះពាល់អវិជ្ជមាននឹងកើតមានកាន់តែធ្ងន់ធ្ងរមកលើគ្រួសារទាំងនេះ ដោយ«ពួកគេមានបំណុលច្រើនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកផ្តល់កម្ចីឯកជន ដែលអាចបង្ខំឲ្យជីវភាពរបស់ពួកគេស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់»៕