ផ្ទៃបឹងតាមោកទំហំ ១៧ ហិកតាបន្ថែមទៀត ត្រូវបានកាត់ឲ្យស្ថាប័នរដ្ឋចំនួន ៣ ដែលក្រុមឃ្លាំមើលបារម្ភថា នឹងឈានទៅដល់ការបាត់បង់ប្រព័ន្ធរំដោះទឹកភ្លៀងពីធម្មជាតិដ៏សំខាន់មួយនេះរបស់រាជធានីភ្នំពេញ។
ក្នុងអនុក្រឹត្យ ៣ ដាច់ដោយឡែក ដែលចុះហត្ថលេខានៅថ្ងៃទី ១៥ ខែកុម្ភៈដូចៗគ្នា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងតាមោក ១០ ហិកតា ឲ្យទៅក្រសួងសុខាភិបាល ៤ ហិកតាដល់ក្រសួងមុខងារសាធារណៈ និង ៣ ហិកតាទៀតដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អនុក្រឹត្យទាំង ៣ ខាងលើត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅរាជកិច្ច ដែលចេញផ្សាយកាលពីសប្ដាហ៍មុន។
ការកាត់ច្រៀកបឹងធម្មជាតិរបស់រដ្ឋដែលមានទំហំសរុបជាង ៣.២៣៩ ហិកតា នាំឲ្យមានការព្រួយបារម្ភបន្ថែមទៀតអំពីការបាត់បង់បឹងធម្មជាតិមួយនេះ។
មន្ត្រីនៅស្ថាប័នរដ្ឋមួយក្នុងចំណោម ៣ ខាងលើដែលទទួលបានដី បានអះអាងពីភាពចាំបាច់ក្នុងការស្ថាបនាទីតាំងថ្មីរបស់ខ្លួននៅផ្ទៃបឹងនោះ។
លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់វីអូអេថា ស្ថាប័ននគរបាលរបស់លោកពិតជាបានទទួលទីតាំងដី ៣ ហិកតានៅបឹងតាមោកមែន តែលោកថា ទីតាំងស្នងការដ្ឋានសព្វថ្ងៃក្នុងខណ្ឌឫស្សីកែវ នឹងមិនមានការរុះរើទេ។
លោកបញ្ជាក់ថា៖ «អត់រើទេ កន្លែងនោះ[នៅបឹងតាមោក]កន្លែងគេហាត់ ហ្វឹកហាត់ កន្លែងជំនាញដាក់សម្ភារៈ ដាក់ឡានដាក់អី្វៗ»។
នៅពេលត្រូវបានសួរថា ស្នងការដ្ឋានបានស្នើសុំដីនោះឬយ៉ាងណា លោក ស ថេត ឆ្លើយថា៖ «ចុះបើចេញអាហ្នឹងហើយនៅសួរតាមណាទៀត គេចេញបានអ៊ីចឹងហើយ នៅឆ្ងល់អីទៀត ខ្ញុំយកមកប្រយោជន៍រួមទេតើ ខ្ញុំមានទៅធ្វើស្អីខ្លួនឯង!?»។
ត្រឹមរសៀលថ្ងៃសុក្រនេះ វីអូអេមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយ។
គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ ផ្ទៃដីបឹងតាមោកប្រមាណ ៨៥០ ហិកតាហើយត្រូវបានច្រៀកចេញឱ្យស្ថាប័នរដ្ឋនិងបុគ្គលឯកជន។ នេះបើតាមការគណនាបូកសរុបរបស់វីអូអេ ដោយយោងតាមអនុក្រឹត្យនានាដែលចែងពីការកាត់ផ្ទៃបឹងកន្លងមក។
ស្ថាប័នរដ្ឋាភិបាលដែលទទួលបានចំណែកធំជាងគេនៅបឹងតាមោក គឺក្រសួងការពារជាតិ ដែលទទួលបានដីបឹង ២៩៨,៥ ហិកតា ដើម្បីសាងសង់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ចំណែកបុគ្គលឯកជនដែលទទួលបានដីធំជាងគេរួមមានឈ្មោះ អ៊ុយ បូវី និងឈ្មោះ គង់ សុធី ដែលទទួលបានដី ១៩៦,៥ ហិកតា កាត់ចេញពីផ្ទៃបឹង។ បន្ទាប់ពីនោះគេឃើញមានក្រុមហ៊ុន Shin Jin Mou និងលោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមានឈ្មោះល្បីក្នុងជម្លោះដីធ្លី និងទើបទទួលមរណភាព ទទួលបានម្នាក់ៗប្រមាណ ៤៥ ហិកតា។
លោកស្រី ជា សុផាម៉ាដែន កូនស្រីបង្កើតលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក៏ទទួលបានចំណែកដីបឹង ១០,៥ ហិកតាផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រដ្ឋាភិបាលនឹងមិនលុបបឹងតាមោកទាំងស្រុងនោះទេ គឺទុកខ្លះ ដើម្បីរំដោះទឹកជំនន់និងសំណល់ទឹកស្អុយនៅរាជធានី។
លោកបន្ថែមថា ការណ៍ដែលស្ថាប័នរដ្ឋទទួលនូវចំណែកដីលើបឹងតាមោកនោះ គឺដើម្បីបម្រើប្រយោជន៍សាធារណៈ។ ចំពោះបុគ្គលនិងក្រុមហ៊ុនឯកជនទទួលបានចំណែកដីលើផ្ទៃបឹងដែរនោះ លោក ផៃ ស៊ីផាន បកស្រាយថា៖
«ការណ៍នេះគេហៅថាការដោះដូរទេ មិនមែនឱ្យទទេទៅឱ្យនោះទេ។ ការដោះដូរហ្នឹង គឺដូរនឹងអ្វីមួយ ដូរនឹងថ្លៃ ដូរនឹងអគារ ដូរនឹងដីនៅក្នុងទីក្រុង គឺមិនមែនកាត់អាហ្នឹងទៅឱ្យឯកជនដោយគ្មានការដោះដូរទេ តែប្រហែលជាការដោះដូរមួយដែលជាសេចក្ដីត្រូវការរបស់រដ្ឋ»។
ក្នុងរបាយការណ៍ «បឹងតាមោកឬបឹងកប់ស្រូវ៖ការពិតនិងតួលេខ» ដែលចេញផ្សាយកាលពីថ្ងៃចន្ទ សមាគមធាងត្នោត (STT) បានរិះគន់ការពុះច្រៀកបឹងធម្មជាតិក្នុងរាជធានីមួយនេះ ដោយទាមទារឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពក្នុងការគ្រប់គ្រងផ្ទៃបឹងនេះ។
នៅក្នុងរបាយការណ៍ដែលមានកម្រាស់ ៣៩ ទំព័រ សមាគមនេះបានស្នើឱ្យបញ្ឈប់គម្រោងអភិវឌ្ឍទាំងឡាយលើបឹងមួយនេះ រហូតទាល់តែមានការសិក្សាច្បាស់លាស់ទៅលើផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម។
សមាគមធាងត្នោតបន្ថែមថា៖ «បឹងតាមោកគួរត្រូវបានអភិរក្សក្រោមច្បាប់និងបញ្ញត្តិពិសេសដែលផ្ដល់នូវការការពារយ៉ាងតឹងរ៉ឹងពីការអភិវឌ្ឍនិងការបំផ្លិចបំផ្លាញ ព្រោះការការពារបច្ចុប្បន្នក្រោមច្បាប់ ភូមិបាលនៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ហើយអាចបណ្ដាលឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ប្រទេសជាតិ»៕