ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​គេ​មិន​រំពឹង​ថា​នឹង​មាន​ការ​ពិភាក្សា​លើ​សេចក្តី​សម្រេច​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ទេ


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ឡាវ និង​មន្ត្រី​ជា​ច្រើន​ទៀត​នៅ​មុន​កិច្ច​ប្រជុំ​អាស៊ាន​ចាប់​ផ្តើម កាល​ពី​ថ្ងៃទី៦ ខែ​កញ្ញា។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ឡាវ និង​មន្ត្រី​ជា​ច្រើន​ទៀត​នៅ​មុន​កិច្ច​ប្រជុំ​អាស៊ាន​ចាប់​ផ្តើម កាល​ពី​ថ្ងៃទី៦ ខែ​កញ្ញា។

នៅ​ក្នុង​សប្តាហ៍​នេះ ក្រុម​មេដឹកនាំ​មក​ពី​ទ្វីប​អាស៊ី​អាគ្នេយ៍​ ស.រ.អា. ​និង​ប្រទេស​ចិន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ឡាវ​ជា​លើក​ដំបូងចាប់​តាំង​ពី​មាន​សេចក្តី​សម្រេច​មួយ​កាលពី​ខែ​កក្កដា​ ដោយ​តុលាការ​មួយ​គាំទ្រ​ដោយ​អ.ស.ប.​ ដែល​បានច្រាន​ចោល​ការ​អះអាង​ទាមទារ​របស់​ប្រទេស​ចិន​ដែល​ថា ​តំបន់​ជាច្រើននៃ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​របស់ផង​ខ្លួន។

ការ​ដោះស្រាយ​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ឋិត​នៅ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ​របស់​សមាគម​អាស៊ាន​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​ឆ្នាំ​នេះ​មាន​ការ​រំពឹងបន្តិច​បន្តួច​ថា​ សេចក្តី​ថ្លែងការណ៍​រួម​នៅ​ពេល​បញ្ចប់​សន្និសីទ​កំពូល​នេះ​នឹង​មាន​និយាយ​យោង​ដល់​សេចក្តី​សម្រេច​នេះ។

លោក B​en Rhodes​ ឧបការី​រង​ខាង​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ទោះ​ណា​ជា​លោក​មិន​ទាន់​បាន​ឃើញ​សេចក្តី​ព្រាង​នៃ​សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​ដោយ ​ក៏​ស.រ.អា. ​មិន​រំពឹង​ថា​សេចក្តី​សម្រេច​នេះ​នឹង​មាន​ដាក់​បញ្ចូល​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​នេះទេ។​

ដោយ​និយាយ​យោង​ដល់​សន្និសីទ​កំពូល​រវាង​ស.រ.អា.​និង​សមាគម​អាស៊ាន​ នៅ​ឯក្រុង​ Sunnyvale ​រដ្ឋ​ California ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​កុម្ភៈ ​លោក Ben Rhodes ​បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​យើង​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​គឺ​មិន​មែន​សេចក្តី​សម្រេច​នៃ​តុលាការ​នេះ​ទេ​ ដោយសារ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​បញ្ហា​នេះ។ យើង​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​គោលការណ៍​ដែល​មានចែង​នៅ​ក្នុង​ការ​ប្រជុំ​នៅ​ឯ ​Sunnyvale។​ យើង​យល់​ឃើញ​ថា​ ទាំង​នោះ​ជា​បញ្ហា​សំខាន់ៗ​ដែល​គួរ​តែ​ឋិត​នៅ​ក្នុង​របៀបវារៈ​នៃ​ការ​ប្រជុំ​អាស៊ាន​ និង​សន្និសីទ​កំពូល​អាស៊ី​ខាង​កើត»។

នៅ​ក្នុង​ការ​ប្រជុំ​កាល​ពី​ខែកុម្ភៈ​ លោក​ អូបាម៉ា​ បាន​អំពាវ​នាវ​ឱ្យ​មាន​វិធានការ​ជាក់​ស្តែង​ ក្នុង​កាត់​បន្ថយ​ភាព​តាន​តឹង​អំពី​ជម្លោះ​ខាង​ទឹកដី​ដែល​កំពុង​មាន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បាន​និយាយ​ថា ​ពួក​មេដឹកនាំ​ក្នុង​តំបន់​នោះ​បាន​បញ្ជាក់​ថា​ ការ​ខ្វែងគំនិត​គ្នា​គួរ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​រយៈ​មធ្យោបាយ​ច្បាប់។​

ប្រទេស​ចិន ហ្វីលីពីន កោះ​តៃ​វ៉ាន់ វៀតណាម​, ព្រុយណេ​ និង​ប្រទេស​ម៉ាឡេស៊ី បាន​អះអាង​ទាមទារ​ផ្នែក​ខ្លះ​នៃដែន​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ​ថា ​ជា​របស់​ផង​ខ្លួន។ ប្រទេស​ជា​ច្រើន​សង្ឃឹម​ថា​សមាគម​អាស៊ាន​ អាច​ផ្តល់​ក្របខណ្ឌ​មួយ​សម្រាប់​ដោះ​ស្រាយ​ជម្លោះ​ទាំង​នេះ​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សមាគម​នេះ​មិន​អាច​នាំ​ភាគី​ទាំង​អស់​ឱ្យ​ជួប​ជុំ​គ្នា​បាន​ទេ ពីព្រោះ​ប្រទស​ចិន​បាន​និយាយ​ទទូច​ឱ្យ​មាន​ការ​ចរចា​គ្នា​រវាង​ភាគី​មួយ​ទល់​នឹង​ភាគីមួយ​ទៀត​ ជាជាងតាម​រយៈ​កិច្ច​ចរចា​ពហុភាគី៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG