ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Obama ពង្រឹង​ទំនុកចិត្ត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឡើង​វិញ​ចំពោះ​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់


ទង់ជាតិ​របស់​សមាជិក​អាស៊ានទាំង​១០​និង​ដៃគូ​របស់​ខ្លួន​ត្រូវ​បាន​គេ​ដាក់​នៅ​ជុំវិញវិមាន​ Patuxay ក្នុង​ទីក្រុងវៀងចន្ទ ប្រទេស​ឡាវ​កាល​ពី ថ្ងៃ​ទី០៥ កញ្ញា​ ២០១៦។
ទង់ជាតិ​របស់​សមាជិក​អាស៊ានទាំង​១០​និង​ដៃគូ​របស់​ខ្លួន​ត្រូវ​បាន​គេ​ដាក់​នៅ​ជុំវិញវិមាន​ Patuxay ក្នុង​ទីក្រុងវៀងចន្ទ ប្រទេស​ឡាវ​កាល​ពី ថ្ងៃ​ទី០៥ កញ្ញា​ ២០១៦។

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​នា​សប្ដាហ៍​នេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama កំពុង​ស្វះស្វែង​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទុក​ចិត្ត​ឡើង​វិញ ដោយ​ថា​សហរដ្ឋ​អាមេរិក​គឺ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឡាវ​នា​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​ដំណែង​ទៅ​កាន់​ប្រទេស​នេះ។

លោក Barack Obama នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាង​កើត ដែល​នៅ​ក្នុង​កិច្ចប្រជុំ​ទាំង​ពីរ​នោះ លោក​នឹង​ស្វះស្វែង​រឹត​ចំណង​ទាក់ទង​ឲ្យ​កា​ន់តែ​ស៊ី​ជម្រៅ​ថែមទៀត​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ថែម​ទាំង​ស្វះស្វែង​ពង្រីក​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ផង​ដែរ។

មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា លោក Obama នឹង​ស្វះស្វែង​បង្កើន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ឡាវ ដោយសារតែ​គោល​នយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​មាន​ការ​ផ្ដោត​ខ្លាំង​បន្ថែម​ទៀត​នៅ​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ផ្ដោត​លើ​គោលបំណង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សមតុល្យ​ជាមួយ​នឹង​តួនាទី និង​ឥទ្ធិពល​កាន់តែ​កើន​ឡើង​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់។

លោក Obama នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ឡាវ​លោក Bounhang Vorachit នៅ​ឯ​វិមាន​ប្រធានាធិបតី​ឡាវ​នៅ​ថ្ងៃ​អង្គារ​ស្អែក។

មន្ត្រី​សេតវិមាន​បញ្ជាក់​ថា ជំនួប​ទ្វេភាគី​នេះ​គឺ​ក្នុង​គោលបំណង​បន្ត​នូវ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក Obama នៃ​ការ​សំដៅ​ឆ្ពោះ​ទៅ​រក​ប្រទេស​ឡាវ ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ក្នុង​អំឡុង​ពេល​សង្គ្រាម​វៀតណាម៕

XS
SM
MD
LG