ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ត្រៀម​ខ្លួន​សម្រាប់​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នៅ​ក្នុង​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ឆ្មាំ​សមុទ្រ​របស់​ចិន​ធ្វើ​ដំណើរ​ទៅ​រក​អ្នក​នេសាទ​ហ្វីលីពីន នៅ​ពេល​ពួកគេ​ប្រឈម​មុខ​ដាក់​គ្នា​ នៅ​កោះ Scarborough Shoal នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង។

សារព័ត៌មាន​រដ្ឋ​របស់​ចិន​កាលពី​សប្តាហ៍​មុន​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹម​ថា នឹង​សម្រេច​ក្រម​ប្រតិបត្តិ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​យ៉ាង​យូរ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្នុង​ឆ្នាំ២០១៧​ខាង​មុខ​នេះ។ ​ក្រម​ប្រតិបត្តិ​នេះ​នឹង​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​នេះ។

សារព័ត៌មាន​ផ្លូវ​ការ​ឈ្មោះ​ថា ​China Daily ​បាន​រាយការណ៍​ថា​ អ្នក​ការ​ទូត​ដែល​តំណាង​ឲ្យ​ប្រទេស​ចិន ​និង​ប្រទេស​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន បាន​អនុម័ត​នូវ​ប្រព័ន្ធ​ទូរស័ព្ទ​គ្រា​មាន​អាសន្ន​មួយ​សម្រាប់​ដែន​សមុទ្រ ហើយ​បាន​សន្យា​ថា​ នឹង​បញ្ចប់​សេចក្តី​ព្រាង​នៃ​ក្រម​ប្រតិបត្តិ​នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

ការ​បញ្ចប់​នូវ​ក្រម​ប្រតិបត្តិ​ដែល​ចង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​មួយ​នេះ​ នឹង​បង្ហាញ​ពី​ការ​បំបែក​រនាំង​ដ៏​សំខាន់​មួយ​ បន្ទាប់​ពី​កិច្ច​ចរចា​ដែល​មិន​មាន​ផ្លែផ្កា​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​ពី​ខាង​ក្រៅ​ មាន​មង្ទិលសង្ស័យ​ថា​តើ​កិច្ចព្រមព្រៀង​មួយ​នេះ​អាច​អាច​ជា​ដំណោះ​ស្រាយ​ដែរ​ឬ​ទេ​ ដោយ​ហេតុ​ថា​ មួយ​ផ្នែក​ ចិន​នៅ​តែ​មាន​ជំហរ​កាន់​តែ​គឃ្លើននៅ​ក្នុង​តំបន់​ បន្ទាប់​ពី​ការ​ប្រកាស​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ តុលាការ​នេះ​បាន​ទាត់​ចោល​ការ​ទាមទារ​ជាច្រើន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក្រុម​មន្រ្តី​របស់​ចិន​បាន​បញ្ជូន​យន្តហោះ​ដើម្បី​ធ្វើ​ការ​ «យាមល្បាត​ប្រយុទ្ធ» ​នៅ​ក្បែរ​កោះ​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រូបភាព​តាម​ផ្កាយ​រណប​ដែល​ថត​យក​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្រ្ត​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បានបង្ហាញ​ពី​ឃ្លាំង​ផ្ទុក​យន្តហោះ​ថ្មីៗ​ដែល​អាច​ផ្តល់​ជា​ជម្រក​ដល់​យន្តហោះ​ចម្បាំង​របស់​ចិន។​

ការ​រឹង​ទទឹង​របស់​ចិន​បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ

លោក Harry Kazianis អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​សម្រាប់​គោលនយោបាយ​ការពារ​ជាតិបាន​និយាយ​ថា «ខ្ញុំ​គិត​ថា ​អ្វី​ដែល​ចិន​កំពុង​ព្យាយាម​សម្រេច​ឲ្យ​បាន​នោះ​គឺ​ ចង់​បង្ហាញ​ពី​កំហឹង​របស់​ខ្លួន​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​ក្នុង​ក្រុង​ឡាអេ នា​ពេល​ថ្មីៗ​នេះ»។

លោក ​Kaszianis ​បាន​កត់សម្គាល់​ថា​ «ខ្ញុំ​គិត​ថា ​យើង​ត្រូវ​បែងចែក​រឿង​នេះ​ជា​លក្ខណៈ​ប្រតិកម្ម​ដែល​មាន​២​ប្រភេទ។ ប្រភេទ​ទី១​គឺ​ថា ​តើ​មាន​អ្វី​កើត​ឡើង​ចាប់​ពី​ខែ​កក្កដា ​និង​មាន​អ្វី​ផ្សេង​ទៀត​ដែល​នឹង​កើត​ឡើង​រហូត​ដល់​ដើម​ខែ​កញ្ញា​នេះ។ យើង​សួរ​សំណួរ​នេះ​ដោយសារ​តែ​នោះ​ជា​ពេល​វេលា​ដែល​ចិន​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​របស់​ប្រទេស ​G20។ ​លោក Kazianis និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​នឹង​បន្ត​ការ​ងារ​របស់​ខ្លួន​ដោយ​ប្រើប្រាស់​យុទ្ធសាស្រ្ត​ដែល​ខ្លួន​កំពុង​ធ្វើ​នា​ពេល​នេះ។

លោក ​Greg Poling​ ប្រធាន​កម្មវិធី​ «គំនិត​ផ្តួច​ផ្តើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី ឬ Asia Maritime Transparency Initiative របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្រ្ត​ និយាយ​ថា វា​ជា​យុទ្ធសាស្រ្ត​រយៈពេល​វែង​របស់​ចិន​ក្នុង​ការ​ប្រើប្រាស់​អំណាច​គ្រប់គ្រង​មិន​ស្រប​ច្បាប់​របស់​ខ្លួន​ទៅ​លើ​តំបន់​នេះ។ លោក​មាន​ចម្ងល់​ថា​ ដោយសារ​តែ​មាន​ការ​ប្រជែង​គ្នា​នៅ​ក្នុង​តំបន់​ពី​សំណាក់​ប្រទេស​សមាជិក​អាស៊ាន​ និង​ដោយ​សារ​តែ​មាន​សេចក្តី​សម្រេច​នា​ពេល​ថ្មីៗ​នេះ​ តើ​សហគមន៍​អន្តរជាតិ​ត្រូវ​រង់ចាំ​យូរ​កម្រិត​ណា ក្នុង​ការ​ប្រឆាំង​តទល់​នឹង​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ តាម​រយៈ​អនុវត្ត​នូវ​សិទ្ធិ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ទឹក​នោះ?

លោក​ Poling ​និយាយ​ថា «អ្នក​អាច​លើក​ឡើង​ពី​ការ​សម្រេច​ចិត្ត​ផ្នែក​យុទ្ធសាស្រ្ត​មួយ​ចំនួន។ តើ​អាមេរិក​រង់ចាំ​យូរ​អញ្ចឹង​ទេ ក្នុង​ការ​អនុវត្ត​សិទ្ធិធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ទឹក​នេះ? វា​ប្រហែល​ជា​អ៊ីចឹង​ហើយ។ តើ​ពួកគេ​គួរ​តែ​មាន​ប្រតិកម្ម​ខ្លាំង​ជាង​នេះ​ចំពោះ​ការ​រំលោភ​យក​តំបន់​ថ្ម​ប៉ប្រះទឹក ​Scarborough Shoal​ នៅ​ក្នុង​ឆ្នាំ​២០១២​ ដែរ​ឬ​ទេ? វា​ប្រហែល​ជា​អ៊ីចឹង​ហើយ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​យុទ្ធសាស្រ្ត​រយៈពេល​វែង​នេះ​ស្តាប់​ទៅ​ល្អ​ម្យ៉ាង​ដែរ»។

លោក​ Poling ​បាន​កត់​សម្គាល់​ថា ​ឆ្នាំ​២០១៤​ គឺ​ជា​ឆ្នាំ​ដែល​ចិន​បាន​ផ្លាស់ប្តូរ​វិធី​សាស្ត្រដែល​ខ្លួន​បាន​ប្រើ​ក្នុង​ការ​ទាមទារ​ដែន​សមុទ្រ​នោះ។ លោក​និយាយ​ថា ​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រំខាន​ និង​បង្ខំ​ប្រទេស​ជិត​ខាង​ខ្លួន​ ដូច​ជា​វៀតណាម និង​ហ្វីលីពីន ​ប៉ុន្តែ​ «នៅ​ក្នុង​ឆ្នាំ​២០១៤ ភ្លាមៗ​នោះ​ យើង​ឃើញ​មាន​កោះ​សិប្បនិម្មិត​របស់​ចិន​កើត​មាន​ឡើង​នៅ​កន្លែង​ដែល​ពី​មុន​មាន​តែ​ថ្ម​ប៉ប្រះទឹក ហើយ​ការណ៍​នេះ​បាន​ផ្លាស់​ប្តូរ​នូវ​តុល្យភាព​នៃ​អំណាច​តាម​មធ្យោបាយ​ដ៏​សំខាន់​មួយ»។​

នាវា​ជើង​ទឹក ​និង​យន្តហោះអាមេរិក​បាន​បដិសេធមិន​ទទួល​ស្គាល់​ការ​ទាមទារដែន​ទឹក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដោយ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​នាវា​ល្បាត​ នៅ​ក្បែរ​កោះ​ទាំង​នោះ​ ហើយ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ព្រមាន​របស់​មេបញ្ជាការ​ក្នុង​ស្រុក​របស់​ចិន​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ។ អាជ្ញាធរ​ចិន​បាន​ទទូច​ថា ​កប៉ាល់​បរទេស​កំពុង​តែ​រំលោភ​ដែន​ទឹក​របស់​ចិន។ កងទ័ព​ជើង​ទឹក​របស់​អាមេរិក​បាន​ឆ្លើយតប​ថា ពួក​គេ​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ។ សកម្មភាព​ទាំង​នេះ​ហើយ​ ជា​អ្វី​ដែល​ធ្វើឲ្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​និយាយ​ថា​ ចិន​កំពុង​ទាមទារ​ «ចំណែក​ដែន​ទឹក​ធំ​ហួស​ហេតុ» ដោយ​ព្យាយាម​រឹត​បណ្តឹង​សេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​របស់​កប៉ាល់​បរទេស។

ថ្ម​ប៉ប្រះ​ទឹក​ក្លាយ​ជា​កន្លែង​ចត​យន្តហោះ​របស់​ចិន

កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ចិន​ក្នុង​ការ​កសាង​កោះ​សិប្បនិម្មិត​នោះ​មាន​ន័យ​ថា យោធា ឬ​ក្រុម​អ្នក​អនុវត្ត​ច្បាប់​អាច​នឹង​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​ដាច់​ស្រយោល​នោះ​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន។ លោក ​Poling​ និយាយ​ថា ប្រសិន​បើ​គោល​ដៅ​នោះ​គឺ​ដើម្បី​បង្កើត​ការ​គ្រប់គ្រង​ប្រ​កប​ដោយ​ប្រសិទ្ធភាព​ក្នុង​ពេល​មានមាន​ភាព​ស្ងប់​ស្ងាត់​នេះ​ «វា​ពិបាក​នឹង​ទស្សទាយថា​ តើ​វៀតណាម​ ​ហ្វីលីពីន​ និង​ម៉ាឡេស៊ី​ អាច​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ជាក់​ស្តែង​ដោយ​វិធី​ណា​ បើ​សិន​ជា​គ្មានការ​អត់ឱន​ពី​ចិន​នោះ​ទេ»។

ស្ថានភាព​នេះ​មាន​ភាព​ផុយ​ស្រួយ​ ខណៈ​ពេល​ដែល​ប្រទេស​នានាក្នុង​តំបន់​ រួម​ទាំងសហរដ្ឋ​អាមេរិក​ផង​ រង់ចាំ​មើល​ថា​ តើ​ចិន​នឹង​ដោះស្រាយ​ជម្លោះ​នេះ​យ៉ាង​ណា​ នៅ​ពេល​ដែល​ចិន​កំពុង​អនុវត្ត​ឥទ្ធិពល​នយោបាយ​កាន់​តែ​ខ្លាំងក្លា​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ដែល​ទើប​តែ​ងើប​ឡើង​នេះ។ លោក ​Kazianis ​និយាយ​ថា អំណាច​ដែល​កំពុង​តែ​លេច​ចេញ​ឡើងនេះ​ តែងតែ​ជា​បញ្ហា​ប្រឈម​ជាមួយ​នឹងស្ថានភាព​បច្ចុប្បន្ន។ «ដូច្នេះ ​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​នោះ​ គឺ​ជា​បញ្ហា​ប្រវត្តិសាស្រ្ត​ ហើយ​លើស​ពី​នេះ​ទៀត យើង​នឹង​ឃើញ​របៀប​ដែល​អាមេរិក ក៏​ដូចជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ នឹង​ប្រតិកម្ម​តប​ទៅ​នឹង​បញ្ហា​នេះ។ អ្វី​ដែល​ជា​លទ្ធផល​នៃ​គោល​នយោបាយ​ផ្តល់​រង្វាន់​ហើយ​ដាក់​គំនាប​ ដែល​ដាក់​ឲ្យ​ចិន​ធ្វើ​ជា​ដៃ​គូ​មាន​ទំនួល​ខុសត្រូវ​នោះ មិន​មែន​ជា​អ្វី​ដែល​ពួកគេ​បេ្តជ្ញា​ធ្វើដោយ​ប្រថុយ​ប្រថាន​ដើម្បី​រារាំង​ចិន​មិន​ឲ្យ​ធ្វើ​រឿង​ទាំង​នោះ​ទេ។ នោះ​ជា​ចំណុច​សំខាន់​បន្ទាប់​ ដែលពួក​គេ​ត្រូវ​ប្រឈម​ទាំង​ស្រុង​ក្នុង​រយៈពេល​ប្រហែល​ជា​មួយ​ទសវត្សរ៍​ទៀត»។

សំណួរ​ដ៏​សំខាន់​មួយ​គឺ​ថា​ តើ​ចិន​នឹង​បន្ត​អះអាង​ការ​ទាមទារ​ ដែល​ប្រទេស​ក្នុង​តំបន់ ​និង​អង្គការ​សហប្រជាជាតិបាន​បដិសេធ​នោះ​ឬ​យ៉ាង​ណា។ ​លោក Greg Poling ​និយាយ​ថា ​ប្រសិន​បើ​ចិន​យក​បញ្ហា​នេះ​ជា​អាទិភាព​នោះ​ អាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ត្រូវ​តែ​សម្រេច​ចិត្ត​ក្នុង​ការ​ចំណាយ​ដើម្បី​តទល់​នឹង​ជំហរ​របស់​ចិន។

លោក ​Poling និយាយ​ថា​ «ប្រសិន​បើ​ចិន​ពិត​ជា​បេ្តជ្ញា​ចិត្ត​យក​យុទ្ធសាស្រ្ត​មួយ​នេះ​មែន​ ដោយ​មិន​ខ្វល់​ថា​ខ្លួន​ត្រូវ​ចំណាយ​ផ្នែក​ការទូត​យ៉ាង​ច្រើន​ប៉ុន​ណា​នោះ​ ​វា​ពិបាក​នឹង​ស្មានណាស់​ថា​ តើ​សហគមន៍​អន្តរជាតិ​ ឬ​ប្រទេស​ផ្សេងៗ​ដូចជា​ អាមេរិក និង​ជប៉ុន​អាច​នឹង​ធ្វើ​អ្វី​ទៀត។ យើង​អាច​ព្យាយាម​រារាំង​ការ​រំលោភ​បំពានទាំង​កំរោល​របស់​ចិន​ ប៉ុន្តែ​យុទ្ធសាស្រ្ត​រយៈ​ពេល​វែង​ គឺ​ត្រូវ​ព្យាយាម រិះគន់​ និង​បំបាក់​មុខ​ចិន ដោយ​សង្ឃឹម​ថា ​ចិន​នឹង​ដឹង​ខ្លួន​ថា នេះ​មិន​មែន​ជា​មធ្យោបាយ​មួយ​ដែល​មហាអំណាច​គួរ​តែ​ប្រើ​ទេ​ ហើយ​ការ​ធ្វើ​ដូច្នេះកំពុង​បំផ្លាញ​ផលប្រយោជន៍​រយៈ​ពេល​វែង​របស់​ខ្លួន​ទៅ​វិញ​ទេ»។

លោក Poling និយាយ​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ផ្តល់​សង្ឃឹម​តិច​តួច​សម្រាប់​ដោះស្រាយ​ស្ថានភាព​នេះ​ក្នុង​រយៈ​ពេល​ខ្លី ​«ប៉ុន្តែ​ប្រសិន​បើ​អ្នក​ទទួល​ស្គាល់​ថា ​នេះ​ជា​ការ​ប្រកួត​ប្រជែង​ផ្នែក​ស្មារតី​ក្នុង​រយៈ​ពេល​៥ ​ឬ​១០ឆ្នាំ​នោះ​ វា​គឺច្បាស់​ជា​មធ្យោបាយ​តែ​មួយ​ដែល​អ្នក​មាន»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG