ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា៖ ចំណាប់​អារម្មណ៏​របស់​ស.រ.អា​លើ​អាស៊ី​ប៉ាស៊ីហ្វិក​«បង្ហាញ​​ពី​ផល​ប្រយោជន៍​មូលដ្ឋាន​ជាតិ»​


លោក​​ អូបាម៉ា​ ប្រធានាធីបតី​សហរដ្ឋអាមេរិក​និយាយ​អំពីទំនាក់​ទំនង​អាមេរិក​និង​ឡាវ​នៅ​សាល​វប្បធម៌ជាតិ​ឡាវ​ក្នុង​រដ្ឋ​ធានី​វៀងចន្ទន៍កាល​ពី​ថ្ងៃទី ០៦ កញ្ញា ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Barack Obama បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រសើរ​ជាង​រយៈពេល​ប៉ុន្មាន​ទសវត្ស​កន្លង​មក​នេះ ហើយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​នឹង​ក្លាយជា​តំបន់​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ពេល​អនាគត។ លោក Obama បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​អំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឡាវ។

លោក​ថា៖ «ចំណាប់​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​គឺ​មិន​មែន​ថ្មី​នោះ​ទេ។ វា​មិន​មែន​ជា​ចំណាប់​អារម្មណ៍​តែ​មួយ​ពេលៗ​នោះ​ទេ។ ចំណាប់​អារម្មណ៍​នេះ​បង្ហាញ​ពី​ផល​ប្រយោជន៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក»។

ការ​ថ្លែង​របស់​លោក​ដូច្នេះ គឺ​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​រដ្ឋបាល​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​មាន​តុល្យភាព​ឡើង​វិញ ដោយ​ផ្ដោត​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ។

លោក Obama បាន​ដាក់​ចេញ​នូវ​គោលការណ៍​ជា​ច្រើន​ដែល​ចង់​បង្ហាញ​ថា យុទ្ធសាស្ត្រ ដែល​រួម​មាន​ទាំង​តម្រូវការ​ឲ្យ​មាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ។ លោក​ថា ប្រទេស​នីមួយៗ ទោះ​បី​ជា​មាន​ទំហំ​ប៉ុណ្ណា​ក៏​ដោយ គួរតែ​ប្រតិបត្តិ​ទៅ​តាម​ច្បាប់​ដូចៗ​គ្នា ហើយ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ចាំបាច់​ត្រូវ​ធ្វើការ​ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ចម្បងៗ ដូចជា​បញ្ហា​ជួញដូរ​មនុស្ស និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាដើម។

លោក Obama ក៏​បាន​សន្យា​ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដោយ​លោក​បាន​ហៅ​កិច្ច​ព្រមព្រៀង​នេះ​ថា​ជា​សសរ​ស្ដម្ភ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​គោល​នយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​មាន​តុល្យភាព​ឡើង​វិញ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លោក​បន្ថែម​ថា ប្រសិនបើ​កិច្ច​ព្រមព្រៀង TPP មិន​ត្រូវ​បាន​អនុម័ត​ទេ​នោះ នោះ​នឹង​មាន​ផលវិបាក​ដល់​វិស័យ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ចំពោះ​ភាព​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក។

អ្នក​ទិតៀន​ថា កិច្ច​ព្រមព្រៀង TPP នេះ​នឹង​កាត់​បន្ថយ​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Obama បាន​ជួប​ជាមួយ​ប្រធានាធិបតី​ឡាវ​លោក Bounhang Vorachit នៅ​ទីក្រុង​វៀងចន្ទន៍​នា​ថ្ងៃ​អង្គារ​នេះ និង​បាន​ប្រកាស​នូវ​ការ​ផ្ដល់​ថវិកា​ចំនួន ៩០ លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​ឡាវ សម្រាប់​គម្រោង​រយៈពេល ៣ ឆ្នាំ នៃ​ការ​ស្រាវជ្រាវ​ថ្នាក់​ជាតិ​អំពី​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​កិច្ច​ប្រឹងប្រែង​ដើម្បី​បោស​សំអាត​នូវ​គ្រាប់​បែក​សេសសល់​ដែល​ទម្លាក់​ដោយ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​កាល​ពី​ទសវត្ស​ឆ្នាំ ១៩៦០ និង​ទសវត្ស​ឆ្នាំ ១៩៧០៕

XS
SM
MD
LG