ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមអ្នកតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្ស រិះគន់ប្រទេសឡាវថា ដឹកនាំតំបន់បានតែផ្នែកជិះជាន់និងគាបសង្កត់សិទ្ធិមនុស្សប៉ុណ្ណោះ

  • សាយ មុន្នី

រូបឯកសារ៖ កិច្ចប្រជុំ​របស់អ្នកតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្ស នៅទីក្រុងបាំងកក កាលពីខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុមអ្នកតំណាងរាស្ត្រអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានថ្លែងរិះគន់ប្រទេសឡាវ ដែលធ្វើជាប្រធានឆ្លាស់វេនអាស៊ានឆ្នាំនេះថា អាចដឹកនាំតំបន់នេះបានតែខាងការគាបសង្កត់សិទ្ធិមនុស្សប៉ុណ្ណោះ។

ក្រុម​អ្នក​តំណាងរាស្ត្រ​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បាន​ថ្លែង​រិះ​គន់​ប្រទេស​ឡាវ ដែល​ធ្វើ​ជា​ប្រធាន​ឆ្លាស់​វេន​អាស៊ាន​ឆ្នាំ​នេះ​ថា ​អាច​ដឹកនាំ​តំបន់​នេះ​បាន​តែ​ខាង​ការ​គាបសង្កត់​សិទ្ធិមនុស្ស​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​បទ​វិចារណកថា​មួយ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​ក្នុង​តំបន់​អាស៊ាន​នេះ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍។

លោក Charles Santiago អ្នក​តំណាងរាស្ត្រ​ម៉ាឡេស៊ី និង​ជា​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុងបទ​វិចារណកថា​របស់​លោក​ថា៖ «សម្រាប់​តំបន់​អាស៊ាន​ទាំងមូល តំណែង​ប្រធាន​អាស៊ាន​របស់​ឡាវ​នៅ​ខណៈ​នេះ ប្រហែល​ជា​ត្រូវ​ម៉ាច់ គឺ​ថា វេន​របស់​ទីក្រុង​វៀងចន្ទន៍​គឺ​គាប់​ជួន​នឹង​និន្នាការ​កាន់​តែ​ធំ​ជាង​មុន ក្នុង​ការ​ងាក​ចេញ​ពី​ផ្នែក​អភិបាល​កិច្ច​និង​ដំណើរការ​តាមបែប​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស»។

ការ​ថ្លែង​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​នេះ​ធ្វើឡើង​ ខណៈ​ដែល​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​អាស៊ាន​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ខាង​មុខ​នេះ។

​លោក Charles Santiago ​ថ្លែង​ថា៖ «កិច្ច​ប្រជុំ​កំពូល​នេះ គួរ​តែ​ជា​ឱកាស​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ឡាវ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ បង្ហាញ​សក្តានុពល​នៃ​ភាព​ជា​អ្នកដឹកនាំរបស់​ខ្លួន​ក្នុង​តំបន់​នេះ ប៉ុន្តែ កុំ​រំពឹង​ថា​នឹង​មាន​ទិដ្ឋភាព​នៃ​ការ​ច្នៃ​ប្រឌិត​ខាង​ផ្នែក​សេដ្ឋកិច្ច សង្គម​ឬ​ក៏​បរិស្ថាន​ណា​មួយ​ឲ្យ​សោះ»។

ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​នេះ​បន្ត​ថា បរិយាកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​អាក្រក់អាក្រី​ពេក រហូត​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​រៀបចំ​វេទិកា​ពលរដ្ឋអាស៊ាន (​ASEAN Peoples' Forum) នៅ​ឆ្នាំ​នេះ បាន​សម្រេច​ជ្រើស​រើស​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ក្រៅ​ប្រទេស​ឡាវ​វិញ ដោយ​កត់សម្គាល់​ថា ពួកគេ​មិន​អាច​ធានា​សុវត្ថិភាព​របស់​អ្នក​ចូល​រួម​បាន។

លោក Charles Santiago ​ថ្លែង​ថា៖ «នេះ​គឺ​ជា​លើកដំបូង​ហើយ ដែល​ការ​ជួប​ជុំ​ប្រចាំឆ្នាំ​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ មិន​ត្រូវ​បាន​រៀបចំ​ទទួល​នៅ​ក្នុង​ប្រទេស​ដែល​កាន់​តំណែង​ជា​ប្រធានអាស៊ាន​សម្រាប់​ឆ្នាំនេះ​»៕

XS
SM
MD
LG