ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេដ្ឋកិច្ចអាស៊ីផ្តោតលើទីផ្សារក្នុងស្រុកសម្រាប់ការរីកចម្រើន ប៉ុន្តែត្រូវការកំណែទម្រង់


រូបថត​ឯកសារ៖ អ្នក​លក់​អីវ៉ាន់​អង្គុយ​នៅ​ក្រៅ​ហាង​លក់​សម្លៀក​បំពាក់​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ២០១៤។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​សៀងហៃ​ កាល​ពីពេល​ថ្មីៗនេះ​ លោក​ Paiboon Ponsuwanna​ បាន​ទៅ​ទស្សនា​ក្រុម​ហ៊ុន​អ៊ិនធឺណិត​ Alibaba និង​ Weibo​ ហើយ​គំនិត​របស់​គាត់​ក៏​បាន​ផុស​ឡើង។ អ្នកជំនួញ​ដែល​រស់​ទីក្រុង​បាង​កក​រូបនេះ​ បាន​នាំចេញរួច​មក​ហើយនូវ​ផលិតផល​ផ្សេងៗដូចជា​គ្រឿង​សមុទ្រ​ក្លាស្សេ​ ​ប៉ុន្តែ​លោក​ក៏​ចង់​នាំ​ពាណិជ្ជកម្ម​ផ្សេងៗ​បន្ថែម​ទៀត​ចូល​ក្នុង​ស្រុក​កំណើត​លោក​ផង​ដែរ​ ទោះ​បី​ជាតាម​រយៈ​ប្រព័ន្ធ​អ៊ិនធឺណិត​ក្តី។

លោក​ Paiboon​ មាន​ប្រសាសន៍​ដោយ​សំដៅ​លើ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ថា៖ «យើង​ប្រហែល​ជា​អាច​ចាប់​ផ្តើម​ធ្វើ​អ្វី​បែប​នេះ​ក្នុង​ប្រទេស​ថៃ​ និង​សម្រាប់​អាស៊ាន​ទាំង​មូល។ ខ្ញុំ​កំពុង​គិត​ថា​តើ​យើង​គួរ​ធ្វើ​អ្វី​បន្ថែម​ទៀត​នៅ​ក្នុង​អាស៊ាន»។

បើ​ទោះបីជា​ការ​នាំ​ចេញ​ជា​សសរទ្រូង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នៃ​តំបន់​អាស៊ាន​មួយចំនួនក៏ដោយ ប្រជាជន​កំពុង​តែ​សំឡឹង​មើល​ទីផ្សារក្នុង​ស្រុក​សម្រាប់​កំណើន​សេដ្ឋកិច្ច​។ ក្រុម​ហ៊ុន​នានា​ក្នុង​ទ្វីប​អាស៊ី​កំពុង​ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន​នៅ​ក្នុង​ស្រុក​ ជាជាង​ការ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស។​ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ក៏​បាន​ស្នើ​ក្រុម​អ្នក​គោលនយោបាយ​ឲ្យ​លើកកម្ពស់​បរិយាកាស​ជំនួញ​ដើម្បី​ទាក់ទាញ​វិនិយោគិន​មក​ក្នុង​តំបន់នេះ។

​យោង​ទៅ​តាម​លោក​ Sigmar Gabriel​ រដ្ឋមន្រ្តី​សហព័ន្ធ​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​និងថាមពល​ប្រទេស​អាឡឺម៉ង់​ ​ទ្វីបអាស៊ី​ធ្លាប់​ជា​«​រោង​ផលិត​កម្ម​ដែល​មាន​តម្លៃ​ថោក​នៃ​ពិភពលោក»។ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ ទ្វីបនេះ​មាន​អំណាច​ដោយ​សារ​ការ​ប្រឹង​ប្រែង​របស់​ខ្លួន។

លោក​ Gabriel បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ជំនួញ​អាឡឺម៉ង់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ ហូជីមិញ​ កាលពីខែ​វិច្ឆិកា​ថា «យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​វិវត្ត​ទៅ​មុខ​របស់​ទ្វីប​អាស៊ី ​នៅ​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ»។​

តាម​ការ​ប៉ាន់​ប្រមាណ​ ពាណិជ្ជកម្ម​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​បាន​កើន​ឡើង​ជិតពីរ​ដង​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ចុង​ក្រោយ​នេះ​។ ការ​រីក​ចម្រើន​នេះ​ គឺ​មួយ​ផ្នែក​ត្រូវ​បាន​ជំរុញ​ដោយភាពប្រាស្រ័យ​ទាក់ទង​គ្នានៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម។

ក៏ប៉ុន្តែ ការ​ធ្វើ​ជំនួញ​ក៏​រីក​ធំ​ដោយ​សារ​របាយ​ប្រជា​សាស្រ្តផង​ដែរ។ ​ទ្វីបអាស៊ី​ដែល​កំពុង​តែ​លេច​មុខឡើង​មាន​មនុស្ស​វ័យ​ក្មេង​ច្រើន ដែល​នេះ​ផ្ទុយ​ពី​ប្រទេស​អភិវឌ្ឍន៍ ​ដែល​សំបូរ​ទៅ​ដោយ​មនុស្ស​ជរា​។ ប្រជាជន​ថ្នាក់​កណ្តាល​ដែល​កំពុង​រីក​កាន់​តែ​ធំ​ឡើង​ គឺ​មាន​សារៈសំខាន់​ស្មើ​នឹង​ពាណិជ្ជករ​។ ប្រហែល​៣០​ភាគរយ​នៃ​ប្រជាជន​ថ្នាក់​កណ្តាល​នៅ​លើ​ពិភពលោក​រស់​នៅ​ទ្វីប​អាស៊ី​ ដែល​ភាគរយ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ទ្វេ​ដង​នៅ​ឆ្នាំ​២០៣០​។​

លោក​ Cesar Purisima រដ្ឋលេខាធិការ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ហ្វីលីពីន​ បាន​និយាយ​នៅ​ឯវេទិកា​នោះ​ដែរថា​៖​ «អ្នក​ប្រើប្រាស់​ចម្បង​ គឺ​យុវជន​ និងប្រជាជន​ថ្នាក់​កណ្តាល​។ ដោយ​សារ​មូលហេតុ​ទាំងនេះ​ហើយ​ យើង​អាច​នាំ​ចេញ​ទៅ​វិញ​ទៅ​មក និង​មិន​ចាំ​បាច់​នាំ​ចេញ​ទៅ​ទូទាំង​ពិភព​លោក​ទេ»។

ចំនួន​ប្រជាជន​វ័យ​ក្មេងនេះ គឺ​ហាក់​ដូច​ជា​ការ​ជូន​ពរ​លក្ខណៈ​លាយ​ឡំ​មួយសម្រាប់តំបន់​អាស៊ី។ មនុស្ស​មួយចំនួន​បានត្អូញ​ត្អែរ​ថា​ កម្លាំង​ពលកម្ម​មិនទទួល​បាន​ការ​អប់រំ​គ្រប់​គ្រាន់​ ឬ​គ្មាន​បទពិសោធន៍​ការងារ​ ដោយ​និយាយថា​ កម្លាំង​កម្មករ​គួរ​តែឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ ក៏​ដូចជា​ពង្រឹង​សមត្ថភាពផ្នែក​ភាសា​អង់គ្លេស ដើម្បី​អាច​ចូល​ប្រឡូក​ក្នុង​វិស័យ​ពាណិជ្ជកម្ម​សាកល។

ក៏ប៉ុន្តែ​ មនុស្ស​មួយចំនួនយល់ឃើញ​អំពីទិដ្ឋភាព​កំពុង​តែ​វិវត្តទៅ​មុខ​ នៅ​ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ចូល​បម្រើ​ក្នុង​ទីផ្សារ​ការងារ​ជាមួយ​នឹង​ចំណេះ​ដឹងនិង​សមត្ថភាព​ប្រសើរ​ជាង​ឪពុក​ ​ម្តាយ​របស់​ពួក​គេ។

លោក​ Frederic Neumann ដែល​ជា​សហ​ប្រធានផ្នែក​សេដ្ឋកិច្ច​អាស៊ីរបស់​បណ្តាញធនាគារ HSBC ប្រចាំ​ទីក្រុងហុងកុង​ បាន​និយាយ​ថា៖ «គុណភាព​នៃ​និស្សិត​បញ្ចប់​ការ​សិក្សា​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ឡើង​ខ្ពស់​ជា​លំដាប់»។ លោក​បាន​បន្ថែម​ថា ពលរដ្ឋ​ចិន​មិន​មែន​ជា​អ្នក​ដែល​រៀន​សូត្រ​តាម​បែប​ការ​ទន្ទេញ​ចាំ​មាត់​ដដែលៗ​ត​ទៅ​ទៀត​ទេ តែពួក​គេ​មាន​ «ភាព​ច្នៃ​ប្រឌិត​ ប្រឹងប្រែង​ និង​ប្រកប​ដោយ​ភាព​ល្អ​ប្រ​ពៃ»។

ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​មាន​ការ​កើន​ឡើង​នៃ​តម្លៃ​ពលកម្ម​ក្នុង​ប្រទេស​ចិន​ ដែល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ប្តូរ​ទៅ​កាន់​ប្រទេស​នៅ​អឌ្ឍគោល​ខាង​ត្បូង​ដែល​មិន​សូវ​មាន​តម្លៃ​ពលកម្ម​ខ្ពស់ ​ជាពិសេស​នៅ​ស្រប​ពេល​ដែល​កម្លាំង​ការងារ​របស់​ចិន​បាន​រួម​តូច។ ​ប៉ុន្តែ​ក៏​មាន​ការ​លេច​ឡើង​នូវ​បញ្ហា​ផលិតភាព​ទាប​ជាង​មុន​ ហើយ​មាន​ក្រុម​អ្នកធ្វើ​គោលនយោបាយ​តិចតួច​ប៉ុណ្ណោះ​នៅ​ទ្វីបអាស៊ី​ដែល​កំពុង​អភិវឌ្ឍ​នេះ​ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។

បន្ថែម​ពី​លើ​ការ​ធ្វើ​ជំនួញ​មិន​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​តំបន់ គឺ​អំណាច​របស់​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ដែលបាន​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ខ្ជី​ប្រាក់​ពី​ធនាគារ​ ធ្វើ​កិច្ចសន្យា​ជា​មួយ​រដ្ឋាភិបាល​ កម្មសិទ្ធិ​ដីធ្លី​ និង​ការ​លិខិតអនុញ្ញាត​ផ្សេងៗ។ ​ប្រទេស​មួយ​ចំនួន​ដូចជា​វៀត​ណាម​និង​ម៉ាឡេស៊ី​ កំពុង​រង​សម្ពាធ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សមភាព​សម្រាប់​គូប្រជែង​នៅ​ក្នុង​វិស័យ​ឯកជន​ដើម្បី​អាច​ចូលរួម​ក្នុង​ប្លុក​ ​«ភាព​ជា​ដៃគូ​តំបន់​ប៉ាស៊ីហ្វិក»​ ដែល​ជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​កំពុង​ស្ថិត​ក្រោម​ចរចា​បង្កើតឡើង។

អ្នក​អង្កេតការណ៍ជាច្រើន​បាន​ចោទសួរ​ថា ​តើ​ប្រទេស​ទាំង​នោះ​មាន​ឆន្ទៈ​នយោបាយ​ដែរ​ឬទេ​ ក្នុង​ការ​ជម្នះ​លើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ហើយ​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​អំណាច​របស់​ក្រុមហ៊ុន​របស់​រដ្ឋ។ ក៏​ប៉ុន្តែ​លោក​ Neuman ​បាន​និយាយ​ថា​ ប្រទេស​ទាំង​នោះ​ អាច​រៀន​សូត្រ​ពី​បទពិសោធន៍​របស់​ចិន​ ដែល​អាច​បន្ថយ​ចំនួន​ក្រុមហ៊ុន​របស់​រដ្ឋ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ដោយ​ផ្នែក​តាមរយៈ​ការ​ផ្តល់​ប្រយោជន៍​ផ្សេងៗទៅ​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​ ដូចជា​អនុញ្ញាត​ឲ្យ​ពួក​គេ​ស្នាក់នៅ​ក្នុង​គេហដ្ឋាន​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ជូន​។ ចំពោះ​ភាគី​ពាក់​ព័ន្ធ​ដែល​អាច​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ការ​បន្ទាប​អំណាចសហគ្រាស​រដ្ឋ​ ​អាច​ទទួល​បានការ​បណ្តុះ​បណ្តាល​ ទទួល​បាន​ប្រាក់បៀវត្សរ៍​និកម្មភាព និង​ការជួយ​ជ្រោមជ្រែង​ក្នុង​ការ​ស្វែងរក​ការងារ​ថ្មី។

លោក​ Neuman ​បាន​និយាយថា៖​ «យើង​ត្រូវ​តែ​មាន​ភាព​ឆ្លាតវ័យ​ក្នុង​ការ​ធ្វើជំនួញ​ជាលក្ខណៈ​នយោបាយ»។

ក្រុម​អ្នក​ជំនាញ​បាននិយាយថា​ ក្រៅ​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​សន្តិសុខ​និង​សុខុមាលភាព​ ទ្វីបអាស៊ីដែល​កំពុង​អភិវឌ្ឍ​នេះ ក៏ត្រូវ​តែ​ខំប្រឹង​ប្រែង​លើកកម្ពស់រចនា​សម្ព័ន្ធ​ផ្នែក​ច្បាប់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ បើ​សិន​ជា​ពួក​គេ​ចង់​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច។ អ្នក​វិនិយោគទុន​បរទេស​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​អំពើ​ពុក​រលួយ​ អភិបាលកិច្ច​នៃ​សាជីវកម្ម​ ការ​អនុវត្តន៍​តាម​កិច្ច​សន្យា​ជា​ដើម។ ពួក​គេ​ក៏​ត្រូវ​ពុះពារ​ផ្នែក​ដឹក​ជញ្ជូន​ផងដែរ​ រាប់​ចាប់​តាំង​ពី​កង្វះ​ខាត​នៃ​ថាមពល​ ផ្លូវ​ថ្នល់​មិន​ទាន់​ធ្វើ​ រហូត​ដល់​បញ្ហា​កក​ស្ទះ​នៅ​កំពង់​ផែ​ទីដែល​កប៉ាល់​ជា​ច្រើន​នៅ​មួយ​កន្លែង​ដោយ​សារ​ដំណើរការ​មាន​ភាព​យឺតយ៉ាវ។

ប៉ុន្តែ​ ក្រុម​មន្រ្តី​និយាយ​ថា​ វាមិនស្រេច​លើត្រឹម​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​នៅ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ក្រុមហ៊ុន​ផ្សេងៗ​ក៏​អាច​ផ្តល់​នូវ​ជំនាញ​របស់ពួកគេផង​ដែរ ជាឧទាហរណ៍​ដូច​ជា​ការ​ធ្វើ​ជា​ដៃ​គូរ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ជាដើម។

លោក​នាយក​រដ្ឋ​មន្រ្តី​វៀតណាម​ Nguyen Tan Dung​ បាន​ប្រាប់សន្និសីទ​នោះ ​ដែល​មាន​ពេញ​ទៅ​ដោយ​ក្រុម​អ្នក​វិនិយោគ​ទុន​អាឡឺម៉ង់​ថា៖ «នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ជំនួញ​បរទេស​ក្នុង​ការ​ធ្វើ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​គម្រោង​សាធារណៈ​ផ្សេងៗ»៕

ប្រែសម្រួលដោយ នៀម​ ឆេង

XS
SM
MD
LG