ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ត្រូវ​កែទម្រង់​ស៊ី​ជម្រៅ​នៅ​ពេល​អាស៊ាន​ប្រឈមមុខ​ក្នុង​បញ្ហា​តំបន់​ជាច្រើន

  • សុខ ខេមរា

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សាកល​វិទ្យាល័យ​លីដស៍​ប្រទេស​អង់គ្លេស។ (រូបថត៖ ឈាង វណ្ណារិទ្ធិ)

សមាគម​អាស៊ាន​ទំនងជា​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន ដែល​ត្រូវ​ដោះស្រាយ​ក្នុង​ពេល​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដូចជា​បញ្ហា​សន្តិសុខ ប្រជាធិបតេយ្យ និង​បញ្ហា​សេដ្ឋកិច្ច​ជាដើម ដែល​អ្នកវិភាគ​អះអាង​ថា​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន​មួយ ក្នុង​ចំណោម​១០​ប្រទេស ទាមទារ​ឲ្យ​មាន​ការពង្រឹង​យន្តការ​ខ្លួន​ដើម្បី​ដើរ​ឲ្យ​ទាន់​ចរន្ត​តំបន់​និង​សាកល។ នេះ​ជា​ការ​អះអាង​របស់​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យ​ផ្នែកការ​សិក្សា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​សាកល​វិទ្យាល័យ​លីដស៍ ប្រទេស​អង់គ្លេស ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ពេល​លោក​អញ្ចើញ​ជា​វាគ្មិន។

«នៅ​ក្នុង​កាលៈទេសៈ​នៃ​ចរន្ត​សមាហរណកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏ដូចជា អាស៊ី​បូព៌ា អាស៊ី​បាស៊ីហ្វ៊ិក កម្ពុជា​ត្រូវតែ​ធ្វើ​កំណែ​ទំរង់​ឲ្យ​ស៊ីជំរៅ​ហើយនឹង​ទទួល លទ្ធផល ដែល​ប្រជាជន​កម្ពុជា​ហ្នឹង​ទទួល​បាន​នូវ​ផល ហើយ​ចេញ​នូវ​នយោបាយ​កំណែ​ទម្រង់។ បើ​ពុំ​មាន​លទ្ធផល​ជាក់ស្តែង​នោះ​ទេ កម្ពុជា​យើង​អាច​រត់​ទាន់ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​បាន​ទេ។ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​នូវ​ស្ថាប័ន​ពង្រឹង ភាព​ជា​អ្នកដឹកនាំ​ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ឆក់​យក​ឱកាស​នៃ​សមាហរណកម្ម​នៅ​ក្នុង​តំបន់»។

បញ្ហា​ទាំងនោះ​ដូចជា​សន្តិសុខ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​បាត់​ដាន យន្តហោះ និង​ការធ្លាក់​យន្តហោះ​ក្នុង​តំបន់​ដែល​អាស៊ាន​ត្រូវ​ពង្រឹង​យន្តការ​ ថែម​ទៀត​ដើម្បី​ជួយ​គ្នា​ផ្នែក​សា្រវជ្រាវ​និង​ជួយ​សង្គ្រោះ បញ្ហា​គម្លាត​សេដ្ឋកិច្ច​រវាង​អាស៊ាន​នៅ​ពេល​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បញ្ហា​ប្រកាន់​ពូជសាសន៍ សាសនា​និង​បញ្ហា​តំបន់​សំខាន់​ផ្សេង​ទៀត៕

XS
SM
MD
LG