ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រុះស្រួល​នយោបាយ​កម្ពុជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​អាមេរិក


គណៈប្រតិភូ​ពាណិជ្ជកម្ម​អាមេរិក​ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​អាស៊ាន (US-ASEAN Business Council) ចូល​ជួប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ US-ASEAN Business Council)
គណៈប្រតិភូ​ពាណិជ្ជកម្ម​អាមេរិក​ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​អាស៊ាន (US-ASEAN Business Council) ចូល​ជួប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ US-ASEAN Business Council)

បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​សម្រាប់​អ្នក​វិនិយោគ​អាមេរិក​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្រោយកិច្ចព្រមព្រៀងដែល​បាន​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ។ ប៉ុន្តែ​ថ្វី​បើមាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​នេះ​ក្តី​ ក្រុមហ៊ុន​អាមេរិក​ធំៗ​នៅ​បន្ត​មើល​លទ្ធផល​នៃ​ការ​សន្យា​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​កម្ពុជា។

អ្នកតំណាង​នៃ​ក្រុមហ៊ុន​អាមេរិក​និង​អ្នក​សង្កេតការណ៍​ខាង​ការ​វិនិយោគនិយាយ​ថា ការ​ស្រុះ​ស្រួល​ខាងនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​បង្កើន​ទំនុក​ចិត្ត​ចំពោះកំណែទម្រង់​និង​បរិយាកាស​វិនិយោគ​នៅ​ក្នុង​ប្រទេសអាស៊ី​អាគ្នេយ៍​មួយ​នេះ។​

លោក Daniel Henderson អ្នក​វិភាគ​នៅ​ក្រុមប្រឹក្សា​ពាណិជ្ជកម្មអាមេរិក​អាស៊ាន​ (US-ASEAN Business Council) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ចូល​រួម​នៅ​ក្នុង​បេសកកម្ម​ពាណិជ្ជម្ម​មួយ​នៃ​ក្រុមហ៊ុន​អាមេរិកាំង​ទៅ​កម្ពុជា​កាល​ពីខែ​កញ្ញា។

លោក​ថ្លែងក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

«ខ្ញុំ​គិត​ថា​អ្នក​វិនិយោគ​ទាំង​ឡាយ​មាន​ការ​លើក​ទឹក​ចិត្ត​ដោយ​បាន​ឃើញ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​ភាគី​ទាំង​សង​ខាង​ហើយ​មាន​ស្ថេរភាព​នៅ​ក្នុង​ប្រទេស។ ហើយពួក​គេ​សង្ឃឹម​ថា​រឿង​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​បរិយាកាស​នៃ​ការ​វិនិយោគ។»

កិច្ច​ព្រមព្រៀងនយោបាយ​ថ្ងៃ​ទី​២២​ខែ​កក្កដា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយរយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោតរបស់​កម្ពុជា ដែលក្នុង​អំឡុង​នោះ​មាន​ការ​ធ្វើ​ពហិការមិន​ចូល​រដ្ឋសភា​ពីតំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ ការ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ពី​គណបក្ស​ប្រឆាំង​និង​កម្មករនិង​សហជីព​ និង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​រដ្ឋាភិបាល​ទៅ​លើក្រុម​កម្មករ​កាល​ពីខែ​មករា។ ព្រឹត្តិការណ៍​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​ពី​សហគមន៍ធុរកិច្ច​(ពាណិជ្ជករ)​និង​អ្នក​វិនិយោគ។

បេសកកម្ម​ពាណិជ្ជកម្ម​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​អាស៊ាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​បេសកកម្ម​ពាណិជ្ជកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុងពេល​ការ​ឈាន​ជិត​ដល់ការ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីពាណិជ្ជកម្ម​កម្ពុជា​និង​លោក​ William Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​រួម​គ្នាដឹកនាំ​បេសកកម្ម​ពាណិជ្ជកម្ម​មួយ​មក​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មិថុនា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក។ ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក​រដ្ឋមន្ត្រីពាណិជ្ជម្មបាន​ធ្វើ​ការ​សន្យា​អំពី​កំណែ​ទម្រង់​«ស៊ីជម្រៅ»​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​ជា​ការ​បារម្ភ​របស់​អ្នក​វិនិយោគ។

លោក Daniel Hendereson និយាយថា បេសកកម្ម​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​បាន​ជួយ​លាត​ត្រដាង​អំពី​សក្កានុពល​វិនិយោគ​របស់​កម្ពុជា​ចំពោះ​អ្នក​វិនិយោគ​អាមេរិក​ដែលអាច​ឃើញ​ពីឱកាសកើត​ចេញ​ពី​ប្រជាជនវ័យ​ក្មេង​របស់​កម្ពុជា ការ​កើន​នៃអ្នក​មាន​ចំណូល​មធ្យម ហើយ​នឹងការ​ធ្វើ​សមាហរណកម្ម​របស់​កម្ពុជា​ចូល​ទី​ផ្សារ​តំបន់​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥។

លោក​ឯកអគ្គរដ្ឋទូត​ William Todd របស់​សហរដ្ឋ​អាមេរិក​បាន​យល់​ស្រប​ចំពោះ​សារៈ​សំខាន់​នៃ​ដំណោះស្រាយ​ខាង​នយោបាយ​នេះ ដោយ​លោក​ថ្លែង​ថា ក្រុមហ៊ុន​អាមេរិក​កាន់​តែ​ច្រើន​បាន​សម្លឹង​មើល​សក្តានុពល​របស់​កម្ពុជា ប៉ុន្តែ​ការ​បញ្ចប់​ការ​ជាប់​គាំង​ខាង​នយោបាយ​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​នានា​ដែល​នៅ​«រង់ចាំ​មើល​សិន»​នោះ​នឹង​មក​ធ្វើការ​វិនិយោគ។

លោក​ William Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ទៅ​កាន់​វីអូអេ​ក្នុង​អំឡុង​ពិធី​រំឭក​ខួប​លើក​ទី​៣០​នៃ​ការ​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក-​អាស៊ាន (US-Asean Business Council) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤។ (វីអូអេ)
លោក​ William Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ទៅ​កាន់​វីអូអេ​ក្នុង​អំឡុង​ពិធី​រំឭក​ខួប​លើក​ទី​៣០​នៃ​ការ​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក-​អាស៊ាន (US-Asean Business Council) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤។ (វីអូអេ)

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ឯ​ពិធី​ជួប​ប្រជុំ​ក្រុម​ពាណិជ្ជករ​អាមេរិកនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ដើម​ខែ​តុលា​នេះ​ថា ឆន្ទៈ​នយោបាយ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ហើយ​នឹង​ស្ថានភាព​ស្ថេរភាព​ជាង​មុន​ក្នុង​ប្រទេស​ធ្វើ​ឲ្យ​ពេល​នេះ​ជា​ពេល​ល្អ​សម្រាប់​ការ​វិនិយោគ។

លោក​ឯកអគ្គរដ្ឋទូត​ថ្លែង​ថា៖ «យើង​ខ្ញុំ​ជឿ​ជាក់​ថា ដោយ​មាន​ដំណោះស្រាយ​ខាង​នយោបាយ​និង​លទ្ធភាព​នៃ​ការ​ធ្វើ​កំណែទម្រង់ វា​ជា​ពេលវេលា​និង​កន្លែង​ត្រឹមត្រូវ​សម្រាប់​ទាក់ទាញ​ធុរកិច្ច​ (សហគមន៍​ពាណិជ្ជករ) ខ្លាំង​ជាង​មុខ។ ហើយ​យើង​គិត​ថា កម្ពុជា​កំពុង​ផ្តល់​ឱកាសសម្រាប់​ការ​វិនិយោគ​ដែលនឹង​ជា​ប្រយោជន៍​ទាំង​សម្រាប់​កម្ពុជា​និង​សម្រាប់​អាមេរិក»។

លោក ម៉ៅ សាវិន ប្រធាន​ផ្នែក​វិនិយោគ​នៅ​ក្រុមហ៊ុន Emerging Markets Investment បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ​សម្រាប់​អ្នក​វិនិយោគ​បរទេស ស្ថេរភាព​នយោបាយ​នៅកម្ពុជា​មានសារៈ​សំខាន់​ជាង​ស្ថេរភាព​នយោបាយ​នៅ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ។ នេះ​គឺ​ដោយ​សារ​ប្រទេស​ថៃ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ស៊ីវិល​រឹងមាំ​រួច​ទៅ​ហើយ​ដែល​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ស្ថានភាព​វឹកវរ​ខាង​នយោបាយ​នានា។ ក្នុង​ករណី​កម្ពុជា ដំណោះស្រាយ​ខាង​នយោបាយ​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ខ្លះ​អាច​ពន្លឿន​ដំណើរការ​ចូល​មក​វិនិយោគ។​

ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ​គឺ​ក្រុមហ៊ុនអចលនទ្រព្យដ៏​ធំ​របស់​សហរដ្ឋ​អាមេរិកឈ្មោះ​ Century 21។​ ក្រុមហ៊ុន​នេះ​បាន​បើកសម្ពោធ​ការិយាល័យ​នៅ​កម្ពុជាកាល​ពី​ខែ​កញ្ញា គឺ​នៅ​តិច​ជាង​ពីរ​ខែ​ក្រោយកិច្ច​ព្រមព្រៀង​នយោបាយ។

ក៏​ប៉ុន្តែ​ថ្វី​បើស្ថេរភាព​នយោបាយធ្វើ​ឲ្យ​ប្រសើរ​ដល់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជាសម្រាប់​រយៈ​ពេល​ខ្លី​ខាង​មុខ​ក្តី​ក៏​ភាព​ទាក់ទាញ​រយៈ​ពេល​វែង​របស់​កម្ពុជា​ចំពោះ​អ្នក​វិនិយោគ​អាមេរិកនឹង​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការ​សន្យា​កំណែទម្រង់​សំខាន់ៗ ជា​ពិសេស​ក្នុង​វិស័យ​អប់រំ សន្តិសុខ​ថាមពល និង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ អ្នក​វិភាគ​ថា ​បញ្ហា​ទាំង​នេះ​បាន​រារាំង​មិន​ឲ្យក្រុមហ៊ុន​វិនិយោគ​អាមេរិកបោះ​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​លេច​ធ្លោ​ថ្មីៗ​មួយ​ចំនួន​របស់​កម្ពុជា។

ថ្វី​បើ​សហរដ្ឋ​អាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា​ក្តី ក៏​ការ​វិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ចិន​និង​កូរ៉េ​ខាង​ត្បូង ហើយ​ការ​វិនិយោគ​នេះ​ភាគ​ច្រើន​មាន​តែ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ។

ប៉ុន្តែ​ស្ថានភាព​នេះ​អាចផ្លាស់​ប្តូរ។ កិច្ចប្រឹងប្រែងកំណែ​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​កើត​មាន​ឡើង​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​ម៉្លេះ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី ​លោក ម៉ៅ សាវិន ថ្លែង​ថា ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​វិនិយោគ​បរទេស ការ​ស្រុះស្រួល​ខាង​នយោបាយ​នឹង​ផ្តល់​ភាព​ស្រប​ច្បាប់​និង​បង្កើន​លទ្ធភាព​អំពីជោគជ័យ​នៃ​កំណែទម្រង់​នេះ។

លោក ម៉ៅ សាវិន ពន្យល់​ថា៖ «មុន​ពេល​ដែល​គាត់ (គណបក្ស​ទាំង​ពីរ) ត្រូវ​គ្នា ហើយរដ្ឋាភិបាលគាត់​ខំ​ធ្វើ​កំណែ​ទម្រង់​ ឬ​ក៏​យ៉ាង​ម៉េច ប្រសិន​បើ​យើង​អត់​មាន​ការ​ចូល​រួម​ពី​ភាគីទាំង​ពីរ​ទេ ខ្ញុំ​គិត​ថា​ដំណើរ​ការ​កំណែ​ទម្រង់​នេះគឺ​អាច​យឺត​ ឬ​ក៏​អាច​អត់​សូវ​មាន​ប្រសិទ្ធភាព»។

លោក Henderson ថ្លែង​ថា​នៅ​ក្នុង​ទស្សនកិច្ច​ថ្មីៗ​នេះ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បាន​ឃើញ​នូវ​កំណែទ​ម្រង់​ជាក់​ស្តែង​មួយ​ចំនួន​ដូច​ជាសមាជិក​ថ្មីៗ​មួយ​ចំនួន​នៃ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ដែល​មាន​សមត្ថភាព ក៏​ដូច​ជា​ឃើញវិធានការ​កំណែទម្រង់​ខ្លះ​របស់​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ស៊ុន ចាន់ថុល ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ជា​ឧទាហរណ៍​គឺ​មាន​ការ​សម្រួល​ដំណើរការ​ប្រព័ន្ធ​គយ ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ជំហាន​ផ្សេង​ទៀត​ដែល​ទាក់ទឹង​នឹង​ការ​បើក​ក្រុមហ៊ុន។ ហើយ​ជំហាន​ជា​បន្ទាប់​របស់​យើង​ខ្ញុំ គឺសហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ​ដល់​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក។»

ថ្វី​បើ​មាន​ភាព​ប្រសើរ​ខ្លះ​ក្តី ទាំង​លោក Henderson និង​លោក ម៉ៅ សាវិន យល់​ថា​ការ​ទាក់ទាញ​ក្រុមហ៊ុន​អាមេរិកាំង​ធំៗ​ឲ្យ​មក​វិនិយោគ​ក្នុង​វិស័យ​មាន​សក្កានុពល​មួយ​ចំនួន​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា​(ITC) ហិរញ្ញវត្ថុ និង​កសិកម្ម​នឹង​នៅ​មាន​ការ​លំបាក​ដោយ​ហេតុ​នៅ​មាន​បញ្ហា​ទាក់ទង​នឹង​ការ​រំលោភ​ដីធ្លី​ អំពើ​ពុករលួយ និង​ពលករ​ដែល​មាន​ជំនាញ​កម្រិត​ទាប​ជា​ដើម។

ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​នៅ​មាន​លក្ខណៈ​ទន់ខ្សោយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​អាស៊ាន​ផ្សេ​ងទៀត។ អ្នក​វិភាគ​ទាំង​ពីរ​យល់​ស្រប​ថា កំណែទម្រង់​ខាង​វិស័យ​អប់រំ​ជា​គន្លឹះ​មួយ​សម្រាប់​បង្កើន​លក្ខណៈ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់​និង​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក។ យ៉ាង​នេះ​ក្តី​អ្នកវិភាគ​ទាំង​ពីរ​បាន​សាទរ​ចំពោះ​កិច្ចប្រឹងប្រែងរដ្ឋាភិបាល​នា​ពេល​កន្លង​ទៅ​នេះ​ក្នុង​ការបន្តឹង​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិត​និង​ការ​បង្កើន​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ (vocational training)។

ម៉្យាង​ទៀត ទស្សនវិស័យ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ទំនង​ជា​កាន់​តែ​មាន​លក្ខណៈ​ប្រសើរ​ថែម​ទៀត​ដោយ​សារ​មាន​ការ​ទស្សន៍ទាយ​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​តុលា​នេះ​ ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹងកើន​៧,២%​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​កំណើន​ខ្លាំងព្រម​ជាមួយ​កំណើន​ខ្លាំង​នៅ​អាស៊ី​ថ្វី​បើដែល​មាន​ការ​ធ្លាក់​ចុះ​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ពិភពលោក។ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ក្នុង​ទឹកប្រាក់​សរុប​៥៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២ ដែល​បាន​កើន​ជាង​៤៥,៩%​ពី​ឆ្នាំ​២០១១ នេះ​បើ​យោង​តាម​តួលេខ​ពី​ការិយាល័យ​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។​

គេ​ក៏​ឃើញ​មាន​សញ្ញា​មួយ​ចំនួន​ដែល​ថា​ក្រុមហ៊ុន​អាមេរិក​ធំៗ​ជាង​មុន​បាន​ចាប់​ផ្តើម​ចាប់​អារម្មណ៍​នឹង​ទី​ផ្សារ​កម្ពុជា​ក្រៅ​ពី​វិស័យ​កាត់ដេរ។ លោក​ ម៉ៅ សាវិន ថ្លែង​ថា ការ​ធ្វើ​ការ​វិនិយោគ​ថ្មីៗ​នេះ​របស់​ក្រុមហ៊ុន​អាមេរិក Century 21 នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​អាច​ជារបត់​សំខាន់មួយ។

«ខ្ញុំ​គិត​ថា​ វត្តមាន​របស់​ Century 21 អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពី​ឥរិយាបទ​ ឬ​ទស្សនៈ​របស់​អ្នក​វិនិយោគ​អាមេរិកាំង​មួយ​ចំនួន។»

គេ​មិន​ទាក់​ប្រាកដ​ថា ​តើ​រដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​លទ្ធផល​នៃ​កំណែទម្រង់​ដូច​ការ​សន្យាឬ​យ៉ាង​ណា​ ដើម្បី​អាច​ទាក់ទាញ​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ពី​អាមេរិកនេះ។ ប៉ុន្តែ​អ្នក​វិភាគ​ថា​ ពេល​នេះ​កម្ពុជា​កំពុង​មាន​ឱកាស​ល្អ​បំផុត​ដើម្បីទាក់ទាញ​អ្នក​វិនិយោគ​ទាំង​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG