ទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ស.រ.អា. (USAID) បានប្រកាសថាខ្លួនមានគម្រោងការថ្មីមួយក្នុងការហ្វឹកហ្វឺនគ្រូនិងនិស្សិតរាប់រយនាក់ក្នុងតំបន់មេគង្គក្រោម ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃនិងវៀតណាម ដើម្បីឲ្យយុវជនក្នុងតំបន់នេះមានការងារធ្វើ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃពុធ។
នាយកបេសកកម្មអភិវឌ្ឍន៍នៃអង្គការ USAID ប្រចាំតំបន់អាស៊ីគឺលោក Michael Yates បានថ្លែងថា៖ «អង្គការ USAID មានក្តីរីករាយក្នុងការជួយបំពេញចន្លោះប្រហោងរវាងវិស័យឯកជន និងសាលារៀនក្រោយមធ្យមសិក្សាកម្រិត២ ដើម្បីបង្កើនចំណេះដឹងផ្នែកជំនាញដល់យុវជនឲ្យស្របតាមទីផ្សាការងារក្នុងស្រុកនិងជួយជំរុញឲ្យប្រទេសរបស់គេរីកចម្រើនទៅមុខ»។
អង្គការ USAID បានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសទាំងនេះតាមរយៈគម្រោងអប់រំនិងការហ្វឹកហ្វឺនផ្សេងៗ ដោយផ្តោតជាសំខាន់ទៅលើនិស្សិតសាកលវិទ្យាល័យ។ លើសពីនេះ USAID ក៏ផ្តោតការយកចិត្តទុកដាក់ចំពោះនិស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនានាដូចជា វិទ្យាសាស្ត្រ បច្ចេកវិជ្ជា គណិតវិទ្យា គណនេយ្យ និងទេសចរណ៍ជាដើម ដែលអាចឲ្យពួកគេបង្កើនចំណេះវិជ្ជាតាមតម្រូវការដើម្បីទទួលបានការងារធ្វើក្នុងតំបន់។
គម្រោងថ្មីនេះគឺជាផ្នែកមួយនៃកម្មវិធីធំៗជាច្រើនបង្កើតឡើងដើម្បីភ្ជាប់ទំនាក់ទំនងរវាងស.រ.អា និងប្រទេសក្នុងតំបន់អាស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា ស្តីអំពីអ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ជាភាសាអង់គ្លេសថា YSEALI។ គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសក្នុងអំឡុងនៃការជួបពិភ្សាជាសាធារណៈជាមួយក្រុមនិស្សិតភូមាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅនេះ៕