ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ៖ អាស៊ាន​អាច​ចរចា​ជាមួយ​ចិន​ដោយ​គ្មាន​អាមេរិក


ទង់ជាតិ​នៃ​បណ្តា​ប្រទេស​​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​​អាស៊ី​​អាគ្នេយ៍​​ហៅ​កាត់​ថា ​អាស៊ាន (ASEAN)។

សមាជិក​អាស៊ាន​នា​ពេល​កន្លង​មក​តែង​ចង់​ភ្ជាប់សហរដ្ឋ​អាមេរិក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ខ្លួន​ជាមួយ​ចិន ​ដើម្បី​តុល្យភាព​អំណាច​សម្រាប់​ការ​ចរចា ​ប៉ុន្តែ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នា​ពេលថ្មីៗ​នេះ អាស៊ាន​បាន​ច្រាន​ចោល​សំណើ​មួយ​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ ដែល​សុំ​ឱ្យ​ប្រទេស​ទាំង​អស់​ក្នុង​សមុទ្រ​ចិន​ខាងត្បូងបញ្ឈប់​រាល់​សកម្មភាព​វាតទី​ក្នុង​តំបន់​ជម្លោះ។

ការបដិសេធ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​វេទិកា​តំបន់​អាស៊ាន​ (ARF) ​ដែល​បាន​រៀបចំឡើង​នៅ​ប្រទេស​ភូមា។

អ្នក​វិភាគ​យល់​ថា​ការ​ទាត់​ចោល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​អាស៊ាន​ចង់​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រង្វង់​សមាជិក​ខ្លួន​និង​ចិន ដោយ​មិន​ចាំ​បាច់​ពឹង​ពាក់​មហា​អំណាច​ណា​មួយ​មក​ពី​ខាង​ក្រៅ។

ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​វេទិកា​តំបន់​អាស៊ាន​កាល​ពីថ្ងៃ​ទី​៩​ខែសីហា លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Jonh Kerry បាន​លើក​សំណើ​មួយ​ដោយ​ទទូច​ឱ្យ​ប្រទេស​ជម្លោះ​ទាំង​អស់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បញ្ឈប់​រាល់​សកម្មភាព​វាត​ទី​ណា​មួយ​នៅ​ក្នុង​តំបន់​ជម្លោះ។

ARF ជា​វេទិកា​សន្តិសុខ​តំបន់​កំពូល​របស់​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​និង​មហា​អំណាច​ផ្សេង​ទៀត​ដូចជា សហរដ្ឋ​អាមេរិក ចិន រុស្សី ជប៉ុន ឥណ្ឌា និង​ប្រទេស​អូស្ត្រាលី។

លោក​បណ្ឌិត Termsak Chalermpalanupap អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​អំពី​អាស៊ី​អាគ្នេយ៍​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី ថ្លែង​នៅ​ក្រោយ​សិក្ខាសាលា​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖

«វា​មាន​ន័យ​ថា​អាស៊ាន​និង​ចិន​អាច​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ យើង​មិន​ត្រូវ​ការ​យោបល់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​នោះ​ទេ។ យើង​មាន​សេចក្ដី​ប្រកាស​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DOC)​ហើយ​ជា​យន្តការ​សម្រាប់​កសាង​ទំនុក​ចិត្ត។ នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​និង​ចិន ពួក​គេ​ក៏​បាន​ព្រមព្រៀង​ពន្លឿន​ការ​ពិភាក្សា​លើ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​បង្កើន​ទំនុក​ចិត្ត​ក្នុង​ចំណោម​ភាគី​ជម្លោះ ដើម្បី​បញ្ចប់​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដូច្នេះ​ខ្ញុំ​គិត​ថា​នេះ​គឺ​ល្អ​គ្រប់គ្រាន់​ហើយ មិន​ចាំ​បាច់​មាន​គំនិត​ថ្មី​ចូល​នោះ​ទេ»។

លោក Termsak​ ធ្វើអត្ថាធិប្បាយ​បន្ថែម​ថា​វា​ជា​ការ​លឿន​ពេក​ក្នុង​ការ​សន្មត់​ថា​ការ​សម្រេច​ចិត្ត​របស់​អាស៊ាន​នេះ ជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​ប្រទេស​មហា​អំណាច​យក្ស​មួយ​នេះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

បើ​តាម​ប្រសាសន៍​របស់​លោក Le Luong Minh អគ្គលេខាធិការ​អាស៊ាន​ដែល​បាន​ពន្យល់​ប្រាប់​កាសែត​អន្តរជាតិ​Reuters​ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ មូលហេតុ​ដែល​រដ្ឋ​មន្ត្រី​អាស៊ាន​មិន​បាន​ពិភាក្សា​លើ​សំណើ​របស់​សហរដ្ឋ​អាមេរិក ពី​ព្រោះ​ខ្លួន​មាន​ផែនការ​ដើម្បី​កាត់​បន្ថយ​ការ​ឈ្លានពាន​ក្នុង​ដែន​ជម្លោះ​នេះ​ដោយ​ខ្លួន​ឯង​ហើយ។

សមុទ្រ​ចិន​ខាង​ត្បូង​ជា​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​និង​ជា​ចំណុច​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ក្នុង​តំបន់។ ទំនិញ​ទំហំ​៥​លាន​លាន​ដុល្លារ​បាន​ឆ្លង​កាត់​សមុទ្រ​មួយ​នេះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​សមុទ្រ​ដ៏​ធំ​នេះ​ក៏​ជា​ប្រភព​ត្រី​និង​ធនធាន​រ៉ែ​និង​ឧស្ម័ន​ធម្មជាតិ​ដែល​មាន​តម្លៃ​មហាសាល​ផង​ដែរ។ ប្រទេស​អាស៊ាន​ចំនួន​៥​គឺ​វៀតណាម ហ្វីលីពីន ប្រ៊ុយណេ​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី និង​ចិន បាន​ដណ្ដើម​កាន់កាប់ចំណែក​រៀង​ៗ​នៅ​សមុទ្រ​នេះ។

អាស៊ាន​និង​ចិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ឆ្នាំ​២០០២ ដែល​គេ​ស្គាល់​ថា​DOC ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​ក្នុង​ការ​អត់​ធ្មត់​និង​ជៀសវាង​សកម្មភាព​ឈ្លានពានណា​មួយ​នៅ​ដែន​សមុទ្រ​កំពុង​មាន​ជម្លោះ​នេះ។ ប៉ុន្តែ​ចិន​និង​ប្រទេស​ជម្លោះ​មួយ​ចំនួន​បាន​បំពាន​សេចក្តី​ប្រកាសនេះ​ជា​បន្ត​បន្ទាប់។

កាល​ពី​ខែ​ឧសភា​ថ្មីៗ​នេះ ក្រុមហ៊ុន​រុករក​ប្រេង​ចិន​បាន​សង់​ការដ្ឋាន​ខួង​ប្រេង​មួយ​នៅ​តំបន់​ដែល​វៀតណាម​អះអាង​ថា​ជាតំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ខ្លួន ដែល​នាំ​ឱ្យ​មានបាតុកម្ម​ប្រឆាំង​ចិន​នៅ​វៀតណាម​និង​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ស្ថានភាព​បាន​ធូរ​ស្រាល​វិញ​បន្ទាប់​ពី​ក្រុមហ៊ុន​នោះ​ព្រម​ដក​ការដ្ឋាន​ចេញ​វិញ​នៅ​ខែ​កក្កដា។

លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព យល់​ថា​ការ​ទាត់​ចោល​សំណើ​របស់​សហរដ្ឋ​អាមេរិក​នេះ​ដោយ​សារ​សមាជិក​អាស៊ាន​មិន​ចង់​ធ្វើ​ឱ្យ​មាន​ការ​រអាក់រអួល​ដល់​ដំណើរ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ចរចា។ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ឬ​COCដែល​មាន​លក្ខណៈ​លម្អិត​និង​ផ្លូវ​ច្បាប់​ជាង DOC។

«ការ​ចរចា​ ការ​ពិភាក្សា​ក្នុង​ការ​តាក់តែង​COC​ដែល​បាន​ដំណើរការ​តាំង​ពី​ចុង​ឆ្នាំ​ទៅ​នោះ អាស៊ាន​មិន​ចង់​បង្ក​លក្ខណៈ​អ្វី​នាំ​ឱ្យ​រអាក់រអួល​ ជា​ពិសេស​មិន​ចង់​ឱ្យ​ចិន​មាន​អារម្មណ៍​តានតឹង​ថែម​ទៀត​ចំពោះ​ដំណើរការ​កំពុង​បន្ត​ទៅ​មុខ»។

បើ​តាម​លោក ពូ សុធីរៈ ការ​ចរចា​ផ្លូវ​ការ​រវាង​អាស៊ាន​និង​ចិន​ក្នុង​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ធ្វើ​ឡើង​ចំនួន​បី​ដង​ហើយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៣​មក​ម៉្លេះ ហើយ​ការ​ចរចា​នេះ​រំពឹង​ថា​នឹង​ត្រូវ​ការ​ពេល​យូរ​ទៀត។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​លីដ ប្រទេស​អង់គ្លេស​និង​ជា​អ្នក​វិភាគ​ម្នាក់​ពន្យល់​ថា​ក្នុង​ស្ថានភាពឥឡូវ​នេះ​ អាស៊ាន​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​សម្រាប់​ចំណាត់​ការ​ណា​មួយ​របស់​ខ្លួន ជៀសវាង​ប៉ះពាល់​ដល់​ការ​ចរចា​ជាមួយ​ចិន។

«សមាជិក​អាស៊ាន​ទាំង​១០​ហ្នឹង​មិន​ចង់​ឃើញ​មាន​ការ​ប្រឈមមុខ​គ្នា​តឹងតែង​ខ្លាំង​រវាង​ប្រទេស​មហា​អំណាច​ទៅ​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​ទេ ដូច្នេះ​យើង​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ដើម្បី​បន្ត​ពង្រឹង​ការ​យល់​គ្នា​ក៏​ដូចជា​មិត្តភាព​រវាង​សមាជិក​អាស៊ាន​និង​ចិន។ Code of Conduct គឺ​រវាង​អាស៊ាន​និង​ចិន មិន​មែន​អាស៊ាន​ជា​មួយ​អាមេរិក ឬ​ជាមួយ​ជប៉ុន​ទេ។ អញ្ចឹង​ភាគី​សំខាន់​គឺ​ចិន​និង​អាស៊ាន​តែ​ម្តង ហើយ​យើង​មិន​ចង់​ឱ្យ​មាន​ការ​ប្រឈម​ដាក់​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ទេ»។

សហរដ្ឋ​អាមេរិក​តែងចង់​ឃើញ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដែន​នាវាចរណ៍​អន្តរជាតិ​ប្រកប​ដោយ​សន្តិភាព ប៉ុន្តែ​ចិន​តែង​តែ​ចោទ​ប្រកាន់​ថា​ការ​លើកឡើង​នេះ​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​អាស៊ាន​និង​ចិន។

លោកស្រី សឿង រ័ត្ន​ឆវី រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា ស្នើ​មិន​ធ្វើអត្ថាធិប្បាយ​ណា​មួយ ជុំ​វិញ​ការ​ច្រាន​ចោល​របស់​អាស៊ាន​លើ​សំណើ​របស់​សហរដ្ឋ​អាមេរិក​នេះ​ទេ ប៉ុន្តែ​លោក​ស្រី​បញ្ជាក់​ថា​កម្ពុជា​តែង​រក្សា​ជំហរ​អព្យាក្រឹត្យ​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។

«យើង​ដឹង​ហើយ​ថា​នៅ​ក្នុង​តំបន់​យើង​រាល់​ថ្ងៃ​ហ្នឹង ​វា​មាន​សភាពការណ៍​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​រវាង​ពួក​មហា​អំណាច​ពី​ក្រៅ​តំបន់​និង​ក្នុង​តំបន់។ អញ្ចឹង​ទេ​ខ្មែរ​យើង​តែងតែ​ដើរ​តួ​អព្យាក្រឹត្យ ខ្មែរ​យើង​តែងតែ​ដើរ​តួ​សំខាន់​នៅ​ក្នុង​បញ្ហា​នយោបាយ​និង​សន្តិសុខ​ក្នុង​តំបន់»។

លោកស្រី សឿង រ័ត្នឆវី អះអាង​ថា​កម្ពុជា​ចង់​ឃើញ​ភាគី​ជម្លោះ​ទាំង​អស់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​ ត្បិត​ការ​បន្ត​ខ្វែង​យោបល់​គ្នា​ធ្វើ​ឱ្យ​រំខាន​ដល់​ស្ថិរភាព​ក្នុង​តំបន់​ក៏​ដូចជា​ផល​ប្រយោជន៍​ជាតិ​របស់​កម្ពុជា៕

XS
SM
MD
LG