ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​កាន់តែ​ឃ្លាត​ឆ្ងាយពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិកនិង​កូរ៉េ​ខាង​ជើង​គ្រោង​ជួប​គ្នា


រូបភាពឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ សន្ទនា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ២០១៨។
រូបភាពឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ សន្ទនា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ២០១៨។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជំរុញ​ប្រទេស​ទាំង​ពីរ​ឲ្យ​ជួប​ពិភាក្សា​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ ការ​សម្រេច​ចិត្ត​ភ្លាមៗ​ដូច​នេះ​របស់​មេដឹកនាំ​ទាំង​ពីរ​ក្នុង​ការ​ជួប​គ្នា បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋ​ចិន ទាំង​ការ​សប្បាយចិត្ត និង​ទាំង​ក្ដី​បារម្ភ។

ប្រទេស​ចិន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ជំនួប​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ទោះបីជា​ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ថា ខ្លួន​នឹង​មិន​អាច​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​ក៏​ដោយ។ ការ​ពិភាក្សា​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់ និង​ចំពោះ​កម្លាំង​ជំរុញ​នយោបាយ។

ឆន្ទៈ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជំរុញ​ប្រទេស​ទាំង​ពីរ​ឲ្យ​ជួប​ពិភាក្សា​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ ការ​សម្រេច​ចិត្ត​ភ្លាមៗ​ដូច​នេះ​របស់​មេដឹកនាំ​ទាំង​ពីរ​ក្នុង​ការ​ជួប​គ្នា បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋ​ចិន ទាំង​ការ​សប្បាយចិត្ត និង​ទាំង​ក្ដី​បារម្ភ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ជំនួប​ដែល​បាន​ស្នើ​ឡើង​នេះ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ការ​គំរាមកំហែង​អំពី​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​ដែល​ជាប់​នឹង​ប្រទេស​ចិន។ ប៉ុន្តែ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង វា​ក៏​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ផ្សេង​ទៀត​ផង​ដែរ។

លោក Shi Yinhong សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Renmin បាន​និយាយ​ថា៖ «ប្រសិនបើ​មាន​វិធានការ​ឆ្ពោះ​ទៅ​រក​ការ​ព្រមព្រៀង​គ្នា​មួយ​ផ្នែក​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក នោះ​លោក Kim Jong Un នឹង​មាន​ទឹកចិត្ត​ធ្វើ​ការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រយៈពេល​យូរ​ដើម្បី​ជា​ការ​សម្របសម្រួល​ទប់ទល់​នឹង​ប្រទេស​ចិន‍»។

ក្ដី​រំពឹង​ក្នុង​ការ​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជាង​មុន ក៏​បង្ក​ឲ្យ​មាន​ជា​ចម្ងល់​ផ្នែក​យុទ្ធសាស្ត្រ​រយៈពេល​វែង​ផ្សេង​ទៀត​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Seo Jeoung Kyung សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​សិក្សា​កិច្ចការ​ប្រទេស​ចិនSyungkyun។

អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «តើ​ប្រទេស​ចិន​ទទួល​បាន​ផល​ប្រយោជន៍​ឬ​ទេ នៅ​ពេល​ដែល​កូរ៉េ​ទាំង​ពីរ​បង្រួបបង្រួម​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​សហរដ្ឋ​អាមេរិក​នោះ?‍»។

ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​ការ​គាំទ្រ​របស់​ប្រទេស​ចិន​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ចំពោះ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​ដែល​រង​ទណ្ឌកម្ម​តឹងតែង​បំផុត​មួយ​នៅ​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។ ហើយ​នេះ​មិន​មែន​ជា​បញ្ហា​តែ​មួយ​គត់​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Seo Jeoung Kyung។

អ្នកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «កន្លង​មក គេ​កម្រ​ឃើញ​មាន​ការ​ពិភាក្សា​គ្នា​រវាង​របប​ដឹកនាំ​របស់​លោក Kim Jong Un និង​របប​ដឹកនាំ​របស់​លោក Xi Jinping ណាស់។ ហើយ​ស្រប​ពេល​ដែល​ស្ថិត​ក្នុង​ស្ថានការណ៍​ដែល​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ខ្លាំងក្លា​ដូច្នេះ​ទៀត ការ​ជួប​ពិភាក្សា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​រឹតតែ​ពិបាក​នឹង​កើត​ឡើង​ទៀត»។

នៅ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ ការ​ផ្លាស់ប្ដូរ​ភ្លាមៗ​របស់​លោក Kim Jong Un ពី​វិធានការ​សាកល្បង​មីស៊ីល​ទៅ​ជា​វិធានការ​ការទូត បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​រឿង​នេះ។ អ្នក​ខ្លះ​បាន​ស្នើ​ថា ប្រទេស​ចិន​អាច​ដើរ​តួ​ជា​អ្នក​រៀបចំ​ជំនួប​ពិភាក្សា​រវាង​លោក Trump និង​លោក Kim Jong Un ប៉ុន្តែ លោក Shi Yinhong បាន​និយាយ​ថា ករណី​នេះ​នឹង​ទំនង​ជា​មិន​កើត​ឡើង​នោះ​ទេ។

លោក Shi Yinhong បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «គ្មាន​ហេតុផល​ណា​មួយ​ដែល​លោក Kim Jong Un ត្រូវ​គោរព​ប្រទេស​ចិន​ឲ្យ​បាន​ខ្លាំងក្លា​នោះ​ទេ។ ប្រទេស​ចិន​ចង់​ដើរ​តួនាទី​ខ្លះ​នៅ​ក្នុង​រឿង​ហ្នឹង ប៉ុន្តែ​ឧបសគ្គ​ចម្បង​បំផុត​គឺ​កា​ប្រឆាំង​របស់​លោក Kim Jong Un ជាមួយ​នឹង​ចិន»។

ជាង​នេះ​ទៅ​ទៀត តាំង​ពី​លោក Trump ដក​លោក Rex Tillerson ចេញ​ពី​តំណែង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​មក និង​តាំង​ពី​ការ​ប្រឈម​ផ្នែក​ការទូត​នៃ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ អ្នក​វិភាគ​នានា​បាន​និយាយ​ថា ស្ថានការណ៍​ភាគ​ច្រើន​នៅតែ​ស្រពិចស្រពិល​ដដែល។ អ្នក​ខ្លះ​ថា ការ​ពិភាក្សា​នេះ​អាច​នឹង​មិន​កើត​ឡើង​ផង។

នៅ​ក្នុង​អំឡុង​ពេល​ប្រជុំ​ជាមួយ​នឹង​បេសកជន​កូរ៉េ​ខាង​ត្បូង​មួយ​រូប​កាល​ពី​ដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រៀបចំ​ជំនួប​ពិភាក្សា​គ្នា​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ។ លោក Xi Jinping ថែម​ទាំង​បាន​និយាយ​ទៀត​ថា លោក​សប្បាយចិត្ត​ជាមួយ​នឹង​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG