ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា​ចិន​ជួយ​ជំរុញ​កូរ៉េ​ខាង​ជើង​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​ចរចា


លោក​ប្រធានាធិបតី ស៊ី ជីនពីង (រូប​ស្តាំ) ជួប​ជាមួយ​នឹង​លោក Chung Eui Yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង នៅ​អគារ Great Hall of The People ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ស៊ី ជីនពីង (រូប​ស្តាំ) ជួប​ជាមួយ​នឹង​លោក Chung Eui Yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង នៅ​អគារ Great Hall of The People ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Chung Eui Yong បាន​សរសើរ​ប្រទេស​ចិន​ថា​បាន​ដើរ​តួ​នៅ​ក្នុង​ការ​ជួយ​ជំរុញ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​ចូលរួម​ចរចា​អំពី​ការ​បញ្ចប់​អាវុធ​នុយក្លេអ៊ែរ។

ជំនួប​រវាង​លោក Chung Eui Yong ជាមួយ​នឹង​ទីប្រឹក្សា​គោល​នយោបាយ​កំពូល​ចិន​លោក Yang Jiechi បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​អំពី​ជំនួប​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

លោក Chung Eui Yong បាន​និយាយ​ថា៖ «ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ជឿ​ថា ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ជា​ច្រើន​នៅ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោល​បំណង​សន្តិភាព និង​ភាព​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​គាំទ្រ និង​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ពី​រដ្ឋាភិបាល​ចិន»។

លោក Yang Jiechi បាន​បញ្ជាក់​ឡើង​វិញ​អំពី​គោល​ជំហរ​របស់​ប្រទេស​ចិន​ដែល​ថា ចិន​ចង់​ឃើញ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​ចង់​ឃើញ​ការ​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​ចរចា។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​សន្យា​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ពួកគេ​នឹង​មិន​ធ្វើ​សម្បទាន​ណា​មួយ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នៅ​មុន​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នោះ​ទេ ហើយ​នឹង​នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង​ដដែល៕

XS
SM
MD
LG