ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ចិន​ឲ្យ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីត​កាសែត​មួយ​ជាមួយ​នាយករដ្ឋ​មន្រ្តី​ស៊ូដង់ Stefan Lofven។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីត​កាសែត​មួយ​ជាមួយ​នាយករដ្ឋ​មន្រ្តី​ស៊ូដង់ Stefan Lofven។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ស្នើ​រដ្ឋាភិបាល​ចិន​ឲ្យ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ចំនួន ១ ពាន់​លាន​ដុល្លារ​អាមេរិក។ សំណើ​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ការ​ជជែក​ដេញដោល​ជា​អន្តរជាតិ​យ៉ាង​តឹងតែង​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trumpចំពោះ​ការ​យក​ពន្ធ​គយ​លើ​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម។

នៅ​ក្នុង​សារ​របស់​លោក​ដែល​បង្ហោះ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ពុធ​ទី ៧ ខែ​មិនា​កន្លង​ទៅ​នេះ លោក Donald Trump បាន​បញ្ជាក់​ថា ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​នឹង​ប្រទេស​ចិន​គឺ​ជា​ទំនាក់ទំនង​ដ៏​ល្អ​មួយ ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​បង្កើត​គម្រោង​មួយ​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Sanders បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក Trump កំពុង​ចាត់​វិធានការ​ប្រឆាំង​នឹង​គោល​នយោបាយ​ពាណិជ្ជកម្ម​ទាំង​ឡាយ​ណា​ដែល​មាន «ភាព​មិន​ស្មើ​គ្នា»។

លោកស្រី Sarah Sanders បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ចង់​ដោះស្រាយ​បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម​ដែល​សហរដ្ឋ​អាមេរិក​មាន​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន។ លោក​គិត​ថា សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​កេង​ចំណេញ​ពី​លើ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ករណី​នេះ​កើត​ឡើង​បន្ត​ទៅ​ទៀត​នោះ​ទេ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក»។

លោក​ប្រធានាធិបតី Trump គ្រោង​នឹង​យក​ពន្ធ​គយ​ចំនួន ២៥ ភាគរយ​លើ​ការ​នាំ​ចូល​ដែក​ថែប និង ១០ ភាគរយ​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម​នៅ​ក្នុង​សប្ដាហ៍​នេះ។

វិធានការ​ដូច​នេះ​របស់​លោក Trump បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ដ៏​ខ្លាំង​បំផុត​ជា​លើក​ដំបូង​រវាង​លោក និង​សមាជិក​មួយ​ចំនួន​ក្នុង​គណបក្ស​របស់​លោក ដោយ​សមាជិក​ទាំង​នោះ​បាន​និយាយ​ថា ពន្ធ​គយ​ទាំង​នេះ​នឹង​បង្ក​ជា​បញ្ហា​ជាជាង​ផ្ដល់​ផល​ប្រយោជន៍។

ប្រធាន​រដ្ឋសភា​អាមេរិក​លោក Paul Ryan បាន​ថ្លែង​ថា៖ «ជា​ការ​ពិត​ណាស់ យើង​ឃើញ​ថា មាន​ការផលិត​លើស​តម្រូវការ ការ​នាំ​ចេញ​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ និង​ការ​ដឹក​ជញ្ជូន​ឆ្លង​ប្រទេស​នូវ​ដែក​ថែប និង​អាលុយមីញ៉ូម ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​មួយ​ចំនួន ជា​ពិសេស​ប្រទេស​ចិន។ ប៉ុន្តែ ខ្ញុំ​គិត​ថា វិធី​ដ៏​ល្អ​បំផុត​គឺ​ធ្វើ​វា​ឲ្យ​ត្រឹមត្រូវ​ឥត​ខ្ចោះ ឬ​ក៏​ផ្ដោត​លើ​បញ្ហា​ហ្នឹង​ឲ្យ​បាន​ខ្លាំង​ជាង​មុន»។

នា​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បញ្ជូន​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម។

ទោះបីជា​សេតវិមាន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​នូវ​ការ​ពិភាក្សា​នេះ​ក៏​ដោយ ក៏​ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក «ធ្វើ​ការ​អត់ធ្មត់​នៅ​ក្នុង​ការ​ប្រើប្រាស់​វិធានការ​ការពារ​ពាណិជ្ជកម្ម»។

លោក Li Baodong អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​ចង់​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​ទេ។ យើង​សង្ឃឹម​ថា​នឹង​គោរព​តាម​ច្បាប់​អន្តរជាតិ ជា​ពិសេស​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​កំពុងតែ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ។ ជា​ការ​ពិត​ណាស់ ប្រទេស​ចិន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​រឿងរ៉ាវ​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង»។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មេដឹកនាំ​សំឡេង​ភាគ​តិច​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer ដែល​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​មួយ​រូប​ចំពោះ​លោក Trump បាន​និយាយ​ថា លោក​នឹង​គាំទ្រ​លោក Trump ប្រសិនបើ​វិធានការ​នេះ​សំដៅ​លើ​ប្រទេស​ចិន។

លោក Chuck Schumer បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump! សូម​ផ្ដោត​លើ​ប្រទេស​ចិន! តាម​ប្រមាញ់​ប្រទេស​ចិន និង​ធ្វើ​ឡើង​ក្នុង​វិធី​ដ៏​វ័យ​ឆ្លាត និង​ផ្ចិតផ្ចង់​មួយ។ កុំ​បង្កើត​គោល​នយោបាយ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្ព័ន្ធមិត្ត​របស់​យើង​ជាង​ប៉ះពាល់​ដល់​ប្រទេស​ចិន»។

ប្រទេស​ចិន ដែល​ជា​ប្រទេស​នាំ​ចេញ​ដែក​ថែប​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​នាំ​ចេញ​ដែក​ថែប​តែ​ប្រហែល ២ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ដែក​ទាំង​អស់​ដែល​នាំ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៧៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG