ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តើ​ចិន​ចំណេញ​និង​ខាត​អ្វី​ខ្លះ​ពី​ជំនួប​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង?


ស្ត្រី​ម្នាក់​ដើរ​នៅ​ក្រោម​ផ្ទាំង​គំនូរ​ដែល​មាន​រូប​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី​៩ មីនា ២០១៨។
ស្ត្រី​ម្នាក់​ដើរ​នៅ​ក្រោម​ផ្ទាំង​គំនូរ​ដែល​មាន​រូប​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី​៩ មីនា ២០១៨។

ប្រទេស​ចិន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ទោះ​បីជា​ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ថា ខ្លួន​មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​ក៏​ដោយ ដែល​ការ​ពិភាក្សា​នេះ​អាច​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់ និង​កម្លាំង​ជំរុញ​នយោបាយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់ផ្អើល​កាល​ពី​សប្ដាហ៍​មុន ​នៅ​ពេល​ដែល​លោក​យល់ព្រម​ទទួល​សំណើ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន​ ឲ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា​អំពី​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា លោក​សប្បាយចិត្ត​ជាមួយ​នឹង​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ និង​ដើម្បី​សម្របសម្រួល​ឲ្យ​មាន​ការ​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​លោក ដូណាល់ ត្រាំ​ និង​លោក គីម ជុងអ៊ុន។

ប្រទេស​ចិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។ កិច្ច​ព្រមព្រៀង​នេះ ប្រសិន​បើ​សម្រេច​បាន អាច​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​កើត​មាន​ជម្លោះ​នៅ​ក្នុង​តំបន់ និង​ស្ដារ​ឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​ឆ្លង​ព្រំដែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

ប៉ុន្តែ ការ​បង្កើន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ឲ្យ​លោក Xi Jinping និង​លោក គីម ជងអ៊ុន​ កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ព្រមាន​ថា ប្រសិនបើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​សម្រេច​ឡើង រដ្ឋាភិបាល​អាមេរិក​នឹង​ប្រហែល​ជា​មិន​ត្រូវការ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​នោះ​ទេ ហើយ​រដ្ឋាភិបាល​អាមេរិក​អាច​ចាត់​វិធានការ​ខ្លាំង​ជាង​នេះ​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន និង​ដើម្បី​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG