អ្នកវិភាគបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនមកកម្ពុជា និងប្រទេស៣ផ្សេងទៀត ចាប់ផ្តើមពីចុងសប្តាហ៍នេះ កើតឡើងនៅគ្រាដែលសហរដ្ឋអាមេរិកបានកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជាសមាជិកអាស៊ាន។
លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Wang Wenbinដែលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកនៅថ្ងៃទី៧ខែកញ្ញា។
ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ។
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State University បានប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃពុធថាដំណើរទស្សនកិច្ចនេះ មើលទៅជា«ការវាយប្រហារព្រឹបៗនៃការទូតជាសាធារណៈ»ពីសំណាក់ប្រទេសចិនបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី កាលពីខែសីហា។
ទាក់ទងនឹងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា លោក អៀ សុផល បញ្ជាក់ថាកម្ពុជា និងចិនជា«មិត្តដែកថែប» ដូច្នេះជានិច្ចកាលនឹងមើលថែគ្នាទៅវិញទៅមក។ ក្នុងន័យនេះ លោកលើកឡើងអំពី«របៀបវារៈរបស់ចិន» នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
លោកនិយាយថា៖ «ជាប្រធានអាស៊ាន កម្ពុជានឹងគាំទ្ររបៀបវារៈរបស់ចិន ហើយទទួលបានមកវិញនូវជំនួយរបស់ចិន ដែលនឹងហូរចូលមកកម្ពុជាអំឡុងពេលវិបត្តិជំងឺជាសាកល[កូវីដ១៩]»។
នៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ត្រូវបានដកស្រង់សម្តីដោយបានថ្លែងថាវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ជា«ដៃគូសហប្រតិបត្តិការសំខាន់និងជាអ្នកជិតខាងជិតស្និទ្ធរបស់ចិន»។
លោកថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសលោក វ៉ាង យី គឺតំណាងយ៉ាងពេញទំហឹងនូវការគូសបញ្ជាក់យ៉ាងធំធេងដែលចិនភ្ជាប់ទំនាក់ទំនងជាមួយ ហើយនិងតំណាងក្តីសង្ឃឹមយ៉ាងមុតមាំនៃការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាប្រយោជន៍ទ្វេភាគីជាមួយប្រទេសទាំង៤នោះ»។
បើតាមអ្នកនាំពាក្យដដែល លោក វ៉ាង យី ក៏នឹងមាន«ទំនាក់ទំនងយុទ្ធសាស្រ្តស៊ីជម្រៅ»ជាមួយប្រទេសទាំងនោះ។ ប្រធានបទនៃការពិភាក្សា មានដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការBRI ឬគម្រោងអភិវឌ្ឍន៍«ក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ Belt & Road Initiative»របស់ចិន។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននៅឡើយទេនៅថ្ងៃពុធ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថាដំណើរទស្សនកិច្ចនេះ កើតឡើងស្របពេលដែលអាមេរិកបានបង្កើនការយកចិត្តទុកដាក់លើប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជាដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី កាលពីខែសីហា។ លោកចាត់ទុកថាវាជា«ភាពចាំបាច់»មួយដែលចិនត្រូវពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសនានា។
លោកថ្លែងថា៖ «បរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចទាំងពីរ ហាក់ដូចជាកំពុងស្រួចស្រាល់ឡើង ហើយសហរដ្ឋអាមេរិកហាក់ដូចជាកំពុងរៀបចំនូវយុទ្ធសាស្រ្តជាច្រើនសម្រាប់ប្រកួតប្រជែងជាមួយនឹងចិន»។
លោកបន្ថែមថាជាធម្មតា រាល់ពេលដែលប្រទេសនីមួយៗធ្វើជាប្រធានអាស៊ាន ថ្នាក់ដឹកនាំរបស់ប្រទេសមហាអំណាចតែងតែមកបំពេញទស្សនកិច្ច និងមានទស្សនៈវិស័យមួយចំនួន។ លោកបន្ថែមថាបញ្ហារសើបនាពេលនេះ គឺរឿងសមុទ្រចិនខាងត្បូង ដែលចិនមានជម្លោះជាមួយប្រទេសជាសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន ហើយប្រទេសចិនបានទាមទារដែនទឹកស្ទើរតែទាំងស្រុង។
លោក គិន ភា បន្ថែមថាកម្ពុជាចង់ឃើញភាគីពាក់ព័ន្ធដោះស្រាយជម្លោះដែនទឹកនេះ ដោយសន្តិវិធី។ ទោះជាយ៉ាងណា លោកថាបញ្ហាសមុទ្រចិនខាងត្បូង គឺជា«វិបត្តិរ៉ាំរ៉ៃ» ហើយក៏«មិនសង្ឃឹម»ថាកម្ពុជាធ្វើជាប្រធានអាស៊ានអាចដោះស្រាយបាននោះទេ។
កម្ពុជាធ្លាប់រងការរិះគន់អំឡុងពេលធ្វើជាប្រធានឆ្លាស់វេនអាស៊ាននៅឆ្នាំ២០១២ ដែលកាលនោះ នាំឲ្យកើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបានលើបញ្ហាសមុទ្រចិនខាងត្បូងដែលប៉ះពាល់ប្រទេសចិន។
អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា លោក សេង សារី ថ្លែងថាដំណើរទស្សនកិច្ចរបស់ចិនទៅកាន់ប្រទេស៤ រួមមានកម្ពុជានាពេលនេះ បង្ហាញការផ្តល់«កម្លាំងចិត្ត»ដល់ប្រទេសក្នុងតំបន់ ក៏ដូចជាការជជែក ឬក៏ការក្រើនរំឭកតួនាទីរបស់ចិននៅក្នុងតំបន់ ក្រោយមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក។
លោកបន្ថែមថាដំណើរទស្សនកិច្ចនេះ ក៏ជា«ការបោះប្រ៊ីយ៉ុង»ដល់កម្ពុជា មុនពេលធ្វើជាប្រធានអាស៊ាន ដែលលោកជំរុញឲ្យកម្ពុជាគួរធ្វើតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយចិន និងអាមេរិក។
លោកប្រាប់វីអូអេថា៖ «អញ្ចឹងអ្វីដែលអាចធ្វើឲ្យទទួលបានប្រយោជន៍ច្រើនបំផុតដែលអាចធ្វើទៅបានសម្រាប់កម្ពុជានេះ គឺលុះត្រាតែគោលនយោបាយការបរទេសរបស់យើងហ្នឹង គឺមានលក្ខណៈត្រឹមត្រូវ ហើយមិនមានភាពលម្អៀងទៅប្រទេសមហាអំណាចណាមួយ ដើម្បីបញ្ចៀសទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ដូច្នេះការធ្វើតុល្យភាពរវាងមហាអំណាចទាំងពីរនេះ ជារឿងសំខាន់ណាស់។ ហើយកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាហាក់ដូចជាបង្ហាញនិន្នាការ មានភាពលម្អៀងទៅចិន ដែលធ្វើឲ្យយើងមានការបារម្ភទៅលើទំនាក់ទំនងការបរទេសរបស់ប្រទេសកម្ពុជា»។
គួរបញ្ជាក់ថាចាប់តាំងពីដើមខែមិថុនាមក មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តបានរៀបចំដំណើរទស្សនកិច្ចដោយផ្ទាល់ និងជំនួបទេ្វភាគីតាមប្រព័ន្ធទូរគមនាគមន៍ជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះ មានអ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងឥទ្ធិពលចិននៅកម្ពុជានិងការធ្លាក់ចុះការអនុវត្តលទ្ធិប្រជាធិបតេយ្យកម្ពុជា។
លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ខែមិថុនាដោយផ្ដោតលើទំនាក់ទំនងរវាងអាស៊ាននិងអង់គ្លេស ដែលទើបដើរចេញពីសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nubuo Kishi បានជជែកតាមប្រព័ន្ធវីដេអូទូរគមនាគមន៍ជាមួយសមភាគីកម្ពុជាគឺលោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា អំពីបញ្ហាសន្ដិសុខក្នុងតំបន់ជាពិសេសជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ចំណែកអ្នកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាតាមប្រព័ន្ធវីដេអូទូរគមនាគមន៍ កាលពីថ្ងៃទី៧ ខែកក្កដា ហើយបានជជែកអំពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងក៏ដូចជាវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
ដំណើរទស្សនកិច្ចជាបន្តបន្ទាប់នេះ ត្រូវបានមើលឃើញថាដើម្បីជជែកជាមួយកម្ពុជា មុនពេលប្រទេសមួយនេះធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ និងស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានយកការទប់ទល់ឥទ្ធិពលរបស់ប្រទេសចិន ជាផ្នែកសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ខ្លួន៕