លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកបាននិយាយអំពីអ្វីដែលលោកស្រីហៅថា« ចក្ខុវិស័យរួមនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ»។ លោកស្រីថ្លែងដូច្នេះពេលចាប់ផ្តើមទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងដំណើរដ៏ខ្លីទៅតំបន់អាស៊ីអាគ្មេយ៍។
ថ្លែងទៅកាន់អ្នកសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong លោកស្រី Harris បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់អាមេរិកចំពោះតំបន់នេះនិងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បី«រក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងសេរីភាពនាវាចរណ៍ រួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ»។
លោកស្រីបានមានប្រសាសន៍ថា« មូលហេតុដែលខ្ញុំនៅទីនេះគឺដោយសារតែសហរដ្ឋអាមេរិកគឺជាមេដឹកនាំពិភពលោក ហើយយើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីនេះ»។
លោកស្រីថ្លែងថាកិច្ចពិភាក្សាកាលពីថ្ងៃចន្ទរួមមានការផ្តោតអារម្មណ៍យ៉ាងទូលំទូលាយលើវិបត្តិអាកាសធាតុរួមជាមួយតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ការរាលដាលនៃវីរុសកូរ៉ូណានិងដើម្បីការពារកុំឱ្យកើតមានឡើងបញ្ហាបែបនេះទៀតនាពេលអនាគត។
លោកស្រីបានមានប្រសាសន៍ថា៖« ជំងឺរាតត្បាតបានបង្ហាញពីសារៈសំខាន់នៃការធ្វើការរួមគ្នាជាដៃគូលើបញ្ហាសុខភាពពិភពលោក»។
លោកស្រីHarriគ្រោងនឹងជួបប្រជុំនៅថ្ងៃអង្គារជាមួយមេដឹកនាំអាជីវកម្មនៅសិង្ហបុរីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់។
សហរដ្ឋអាមេរិកនិងសិង្ហបុរីក៏បានយល់ព្រមសហការគ្នាលើកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណមេរោគបំប្លែងថ្មីនិងដើម្បីបង្កើនការត្រៀមខ្លួននៅអាស៊ីអាគ្នេយ៍ផងដែរ។
នៅព្រឹកថ្ងៃច័ន្ទ លោកស្រីបានចូលរួមក្នុងពិធីស្វាគមន៍និងបានជួបលោកប្រធានាធិបតី Halimah Yacob ។
នៅយប់ថ្ងៃអង្គារ លោកស្រី Harris នឹងទៅដល់ប្រទេសវៀតណាមដោយបានក្លាយជាអនុប្រធានាធិបតីអាមេរិកទីមួយដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វែងរកការគាំទ្រពីអន្តរជាតិដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងលើពិភពលោក។
ដំណើរទស្សនកិច្ចរបស់លោកស្រីកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីចុងខែកក្កដារបស់រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ទៅកាន់ប្រទេសទាំងពីរនេះ ហើយនឹងប្រទេសហ្វីលីពីនហើយនឹងការប្រជុំតាមអនឡាញរបស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសស.រ.អា.កាលពីថ្ងៃទី៤ ខែសីហាជាមួយសមភាគីមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក១០ ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ៕
(លោក Ralph Jennings រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ)