នៅក្នុងជំនួបមួយកាលពីល្ងាចថ្ងៃអង្គារ ភាគីកម្ពុជានិងអាមេរិកបានថ្លែងនូវសេចក្តីប្រកាសព័ត៌មានរៀងៗខ្លួន ដោយអាមេរិកបានលើកឡើងអំពីនយោបាយការបរទេសកម្ពុជា ចោទសួរអំពីមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ខណៈកម្ពុជាបានស្នើឲ្យកែសម្រួលបំណុលដែលជំពាក់កាលពីអតីតកាល។ ប៉ុន្តែភាគីកម្ពុជាបានបដិសេធមិនអត្ថាធិប្បាយរឿងសិទ្ធិមនុស្សដែលអាមេរិកបានលើកឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារ អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពីតួនាទីសំខាន់របស់អាមេរិកនិងដៃគូផ្សេងទៀតក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងជំនួយរបស់អាមេរិកដែលបានផ្តល់ដល់កម្ពុជាប្រមាណ៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍប្រទេសនិងសេដ្ឋកិច្ចផងដែរ។
មន្រ្តីជាន់ខ្ពស់លំដាប់ទីពីរនៅក្រសួងការបរទេសអាមេរិករូបនេះ ក៏បានកត់សម្គាល់កិច្ចសហប្រតិបត្តិការដែលមានផ្លែផ្កាជាមួយកម្ពុជាក្នុងការអនុវត្តនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង ការការពារកុមារ កិច្ចការពារសន្តិភាពរបស់អង្គការសហប្រជាជាតិ ការស្វែងរកអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា ការដោះមីន វិស័យសុខាភិបាលសាធារណៈនិងអប់រំ ក៏ដូចជាវិស័យផ្សេងទៀតដែលមានប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
បើតាមសេចក្តីថ្លែងការណ៍ អ្នកស្រីក៏នៅតែបង្ហាញការព្រួយបារម្ភខ្លាំងក្លាចំពោះវត្តមានទាហានរបស់ចិននៅកម្ពុជានិងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅសមុទ្ររាមក្នុងខេត្តព្រះសីហនុ។
អ្នកស្រីក៏បានស្វែងរកការបំភ្លឺទៅលើការវាយកម្ទេចសំណង់អគាររបស់អាមេរិកនៅសមុទ្ររាមដោយពុំមានការជូនដំណឹង ឬសេចក្តីពន្យល់ដល់អាមេរិក និងយល់ថាវត្តមានមូលដ្ឋានយោធារបស់ចិននៅកម្ពុជានឹងធ្វើឲ្យមានភាពទន់ខ្សោយនៃអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់ និងប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អនុរដ្ឋមន្រ្តីការបរទេសអាមេរិកក៏បានជំរុញឲ្យការដឹកនាំរបស់កម្ពុជា«ត្រូវរក្សានូវគោលនយោបាយការបរទេសដែលមានតុល្យភាពនិងឯករាជ្យមួយ ដើម្បីជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក។
អ្នកស្រី Sherman ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសិទ្ធិមនុស្សនិងការការពារសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលមានសារសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី។ អ្នកស្រីក៏ជំរុញរដ្ឋាភិបាលកម្ពុជាឲ្យប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តជាលក្ខណៈសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងធានាការការពារសិទ្ធិកម្មករ។
អ្នកស្រីក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលជាបន្ទាន់នូវ«ការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ»ប្រឆាំងនឹងសមាជិកនៃគណបក្សនយោបាយប្រឆាំង អ្នកសារព័ត៌មាននិងសកម្មជន និងជំរុញយ៉ាងខ្លាំងឲ្យរដ្ឋាភិបាលបើកលម្ហសេរីភាពសម្រាប់ប្រជាជននិងនយោបាយឡើងវិញ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងការបោះឆ្នោតជាតិឆ្នាំ២០២៣។
បើតាមសេចក្តីថ្លែងការណ៍ អ្នកស្រីក៏បានជួបជាមួយតំណាងអង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចជាមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ផងដែរ ដើម្បីពិភាក្សាអំពីអនាគតប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកនាយករដុ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយបំណុលដែលកម្ពុជាជំពាក់ក្នុងសម័យលន់ នល់ ដែលមានប្រមាណ៥០០លានដុល្លារអាមេរិករហូតមកដល់ពេលនេះ។ នេះបើតាមមន្រ្តីនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សហរដ្ឋអាមេរិកក៏បានបង្ហាញជំហរចង់ឲ្យមានភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក អ៊ាង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាអ្នកស្រី Sherman បានពាំនាំនូវលិខិតមួយច្បាប់របស់ប្រធានាធិបតីរបស់អាមេរិកលោក Joe Biden ដោយចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ។ លោកបន្ថែមថាភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាបំណុលនិងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ រួមមានការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ការជួយដល់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានអាមេរិកបញ្ជូនមកកម្ពុជាវិញ បញ្ហាប្រេងឧស្ម័ន បញ្ហាទឹក និងបញ្ហាថាមពលបៃតងជាដើម។
ចំពោះបញ្ហាបំណុល លោក អ៊ាង សុផល្លែត បានបញ្ជាក់ថាកម្ពុជាចង់ឃើញការដោះស្រាយបំណុលតាមវិធីទ្វេភាគី ដោយអនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ សងដោយការប្រាក់មិនលើស១% និងសំណងនៃបំណុល៧០%ត្រូវបង្វិលមកធ្វើជាជំនួយមកកម្ពុជាលើវិស័យអប់រំ វប្បធម៌ និងដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
លោកបញ្ជាក់ថា៖ «ការដោះស្រាយបញ្ហាបំណុល សម្តេចតេជោបានស្នើសុំឲ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិកតាមវិធីទ្វេភាគី»។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក អ៊ាង សុផល្លែត បានបដិសេធមិនអត្ថាធិប្បាយបន្ថែមលើអ្វីដែលលោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន និងមិនអាចបញ្ជាក់តើភាគីអាមេរិកបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងការចោទសំណួរអំពីវត្តមានកងទ័ពចិន តាមរយៈការស្ថាបនាមូលដ្ឋានកងទ័ពក្នុងដែនសមុទ្រកម្ពុជា។
លោកបញ្ជាក់ថា៖ «គាត់ចេញតាមគាត់ចុះរួចខ្ញុំចេញតាមរបស់ខ្ញុំតែប៉ុណ្ណឹងចុះ»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថានេះជាការលើកចំៗរបស់មន្រ្តីអាមេរិក ហើយលោកថាកម្ពុជាគួរពិចារណា ដើម្បីធានាថាកុំឲ្យមានសម្ពាធពីអាមេរិកនៅថ្ងៃណាមួយ។
លោកបញ្ជាក់ថា៖ «ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំគិតថាភាគីកម្ពុជាមិនសប្បាយចិត្តទេ ពីព្រោះសុទ្ធតែជាបញ្ហារសើបធំៗ ដែលកម្ពុជាកំពុងតែប្រឈម។ ឧទាហរណ៍ដូចជាបញ្ហាលោក កឹម សុខា ការចោទប្រកាន់ភ្ជាប់ជាមួយសហរដ្ឋអាមេរិកនៅពីក្រោយ។ ការលើកឡើងអំពីមូលដ្ឋាននាវាកងទ័ពជើងទឹកនៅអាមេរិក ដែលអគារជំនួយរបស់សហរដ្ឋអាមេរិកត្រូវបានកម្ទេចហើយសង់ជំនួសដោយជំនួយរបស់ចិន ហើយពុំមានការឲ្យដំណឹងដល់ម្ចាស់ជំនួយដូចជាសហរដ្ឋអាមេរិក ក៏ជាបញ្ហាមួយរសើបណាស់ ហើយជាមន្រ្តីការទូតផ្លូវការទៀត លើកឡើងផ្ទាល់ៗអញ្ចឹង មិនមែនជារឿងសាមញ្ញទេ»។
លោកបន្ថែមថាបញ្ហាសមុទ្រចិនខាងត្បូងដែលអាមេរិកបានលើកឡើង គឺនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជាត្រូវបង្ហាញជំហរអព្យាក្រឹត្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនលម្អៀងខាងភាគីចិននោះទេ។
កាលពីថ្ងៃទី២០ ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានការពារនយោបាយការបរទេសកម្ពុជាក្នុងរូបភាពនៃទំនាក់ទំនងជិតស្និទ្ធិជាមួយប្រទេសចិន និងប្រជាធិបតេយ្យក្នុងរូបភាពជា«រដ្ឋឯករាជ្យនិងអធិបតេយ្យ»។ ចំពោះការចោទប្រកាន់ថាលម្អៀងទៅកាន់ប្រទេសចិន ដែលជា«មិត្តដែកថែប»របស់កម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា នេះជាការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរ។ លោកបន្តថា កម្ពុជាក៏មិនបដិសេធជំនួយពីប្រទេសផ្សេងនោះទេ៕