ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចំអក​ឲ្យ​មហា​អំណាច​ថា «ចាញ់»​សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​ប្រើប្រាស់​ហ្វេសប៊ុក​របស់​លោក សរសេរ​សារ​បែប​ចំអក​ឲ្យ​ប្រទេស​មហា​អំណាច​មួយ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថា ​«ចាញ់​រត់​ទៅ​ផ្ទះ» នៅ​ក្នុង​សង្រ្គាម​ក្នុង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន។

សារ​បែប​ចំអក​របស់​មេដឹកនាំ​កម្ពុជា​ ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​បង្ហាញ​ពី​ការ​បន្តធ្លាក់​ចុះ​បន្ថែម​ទៀត​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដែល​សារ​បង្ហោះ​នោះ​មាន​លក្ខណៈ​បែប​លេង​សើច​ជាមួយ​រូបភាព​របស់​ចៅប្រុស​លោក ក្នុង​សម្លៀក​បំពាក់​ជា​ទាហាន កាន់​កាំភ្លើង​ជ័រ​វែង ប៉ុន្តែ​ហាក់​ដូចជា​មាន​បង្កប់​ន័យ​ផ្នែក​នយោបាយ​ ដោយ​សំដៅ​លើ​បរាជ័យ​សង្រ្គាម និង​ការ​ដក​កង​ទ័ពរបស់​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ២០​ឆ្នាំ បន្ទាប់​ពី​ការ​ឈ្លាន​ពាន​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សារ​នោះ លោក ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ចៅ​ប្រុស​របស់​លោក​មិន​ឲ្យ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​លើក​ឡើង​ក្នុង​សំណេរ​ដើម​ថា ​«ប្រទេស​មហា​អំណាច​កំពុង​ចាញ់​រត់​ទៅ​ផ្ទះ​គេ​អស់​ហើយ»។

លោក ហ៊ុន សែន សរសេរ​ថា៖ «ខ្ញុំ​សួរ​ទៅ​ចៅ​ស្លៀក​ពាក់​ទាហាន​ត្រៀម​ចេញ​ទៅ​អាហ្វហ្គានីស្ថាន​ឬ​អី? កុំ​ទៅ​ចៅ​ ព្រោះ​មហា​អំណាច​កំពុង​រត់​ចោល​អាហ្វហ្គានីស្ថាន។ ចៅ​ទៅ​ក៏​ជួយ​អាហ្វហ្គានី​ស្ថាន​មិន​បាន​ដែរ ព្រោះ​ប្រទេស​មហា​អំណាច​កំពុង​ចាញ់​រត់​ទៅ​ផ្ទះ​គេ​អស់​ហើយ។ ម្យ៉ាង​ទៀត​កាំភ្លើង​ចៅ​មិន​ទំនើប​ដូច​កាំ​ភ្លើង​ប្រទេស​មហា​អំណាច​ទេ»។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​អាចបកស្រាយ​បាន​ជា​ពីរ​ជ្រុង។

លោកនិយាយថា ​ក្នុង​ជ្រុង​ទី​មួយ​ សារ​បង្ហោះ​នេះ​ អាច​ត្រូវ​បាន​ចាត់ទុក​គ្រាន់​តែ​ជា​សារ​បែប​លេង​សើច​ជា​លក្ខណៈ​ឯកជន​របស់​លោក​នាយក​រដ្ឋមន្រ្តីជាមួយ​ចៅ​ប្រុស​របស់​លោក ហើយក្នុង​ជ្រុង​ទី​ពីរ​ ​សារ​បង្ហោះ​នេះ​ អាច​មាន​បង្កប់​ន័យ​ផ្នែក​នយោបាយ​ ដោយ​ផ្តោត​លើ​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន និង​ការ​បោះ​បង់​ចោលពលរដ្ឋ​អាហ្វហ្គានីស្ថាន​ តាមរយៈ​ការ​ដក​កម្លាំង​ចេញ​ពី​ប្រទេស​នេះ។ ​

លោកបន្តថា បើ​សិន​ជា​សារ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​មាន​បង្កប់​ន័យ​ផ្នែក​នយោបាយ វា​អាច​បង្ក​ឲ្យ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​កាន់​តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «បើ​សិន​ជា​សារ​របស់​គាត់​មាន​បង្កប់​នូវ​ខ្លឹមសារ​បញ្ឈឺ​ ឬ​ក៏​ឌឺដង​បែប​នយោបាយ តិច​ឬ​ក៏​ច្រើន​ ការ​បញ្ចេញ​ទស្សនៈ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​មួយ​បែប​នេះ​ ជា​ពិសេស​នៅ​ក្នុង​បរិបទ​ដែល​ទំនាក់ទំនង​របស់​កម្ពុជា​នឹង​មាន​ភាព​ប្រេះឆា​នៅ​ឡើយ​ វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេ​រិក​ដែរ ជា​ពិសេស​នៅ​ក្នុង​ស្ថានភាព​ដែល​អាមេរិក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​រឿង​ដក​ទ័ព​នៅ​អាហ្វហ្គានីស្ថាន ហើយ​ជំហរ​របស់​អាមេរិក​នៅ​មាន​ភាព​រម៉ាំងរម៉ោក​ ដូច​ជា​មិន​ទាន់​រក​ឃើញ​មាគ៌ា​ ដែល​ធ្វើឲ្យ​ទំនាក់​ទំនង​ការ​ទូត​ ឬ​ទំនាក់​ទំនង​ការ​បរទេស​ និង​សហប្រតិបត្តិការ​រវាង​អាមេរិក​និង​កម្ពុជា មាន​ភាព​រលូន​នៅ​ឡើយ​ទេ»។

លោក មាស នី អ្នក​វិភាគ​នយោបាយ​ និង​សង្គម បាន​ថ្លែង​ថា ​ជា​រឿង​ពិបាក​ក្នុង​ការ​វែក​ញែក​ពី​គោល​បំណង​ច្បាស់​លាស់​នៃ​សារ​បង្ហោះ​នៅ​ទំព័រ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ដោយ​លោក​បាន​លើកឡើង​ថា សារ​នេះ​អាច​គ្រាន់​តែ​ជា​ការ​លេងសើច ឬ​ក៏​អាច​បង្កប់​ន័យ​បង្ហាញ​ភាព​មិន​ពេញចិត្តផង​ដែរ។

យ៉ាង​ណាក្តី ​លោក មាស នី​ បាន​បន្តថា ​ការ​បង្ហោះ​សារដោយ​ប្រើប្រាស់​ភាសា​បែប​បញ្ចើច​បញ្ចើរ​នេះ​ អាច​ផ្តល់​ផល​អវិជ្ជមាន​ផង​ដែរ​មក​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។

​លោក​បាន​ថ្លែង​ថា៖ ​«អា​ហ្នឹង​តាម​ពិត​ វា​ត្រូវ​តែ​ប៉ះពាល់​ហើយ ទោះ​បី​ជា​ថា សាម៉ី​ខ្លួន​មិន​បាន​គិត​ទៅ​ដល់​ពេល​ហ្នឹង ក៏​ប៉ុន្តែ​សម្រាប់​មហាជន​ទូទៅ​ គឺ​យើង​អាច​មើល​ឃើញ​ថា នេះ​ជា​សារ​និយាយ​លេង​មែន​ ក៏​ប៉ុន្តែ​វា​មាន​ភាព​ដៀមដាម​ជា​អវិជ្ជមាន​ទៅ​លើ​មហាអំណាច»។

ចំណែក​លោក សេង សារី អ្នកស្រាវជ្រាវ​សង្គម​ឯករាជ្យ បាន​បញ្ជាប់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ សារ​បង្ហោះ​បែប​ប្រើ​ប្រាស់ភាសា​ឌឺ​ដង​ទៅ​កាន់​សហ​រដ្ឋអាមេរិក​ មិន​គួរ​ជា​មធ្យោបាយ​ដែល​អ្នក​នយោបាយ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​ក្នុង​ឆាក​នយោ​បាយប្រើ​ប្រាស់​នោះ​ទេ ដោយ​សារ​តែ​ការណ៍​នេះ​មិន​បាន​ផ្តល់​ផលប្រយោជន៍ដល់​ប្រទេស​ជាតិ​នោះ​ទេ។

លោកបន្ត​ថា ​ភាព​ជា​ដឹកនាំ​ផ្នែក​នយោបាយ​ដើម្បី​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទាំង​ប្រទេស​ចិន​ និង​សហ​រដ្ឋអាមេរិក​ជា​រឿង​ប្រសើរ​ជាងការ​ប្រើ​ប្រាស់​សារ​បង្អាប់​ទៅ​កាន់​មហាអំណាច​មួយ​ក្នុង​ចំណោម​នេះ។

លោក​បាន​ថ្លែង​ថា៖ «យើង​ដឹង​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​ មិនមែន​តែ​សហរដ្ឋ​អាមេ​រិក​នោះ​ទេ សូម្បី​តែ​ចិន​ហ្នឹង​ គឺ​សុទ្ធ​តែ​អ្នក​ផ្តល់​ផល​ប្រយោជន៍​មក​ដល់​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។ វា​ជា​រឿង​ប្រកែក​មិន​បាន​ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ​តើ​យើង​ចេះ​ធ្វើ​នយោ​បាយ​បែប​ណា​ ដើម្បី​បាន​ប្រយោជន៍​ពី​មហា​អំណាច​ទាំង​ពីរ​នោះ។ យើង​មិន​គួរ​ប្រកាស​ ពឹងផ្អែក​លើ​មហាអំណាច​មួយ ហើយ​ស្រាប់​តែ​យើង​ទៅ​ឌឺដង​បញ្ចេញ​សារ​ចំអក​ឡក​ឡឺយ​ទៅ​មហា​អំណាច​មួយ​ទៀត ដែល​នាំ​ឲ្យ​កម្ពុជា​ទៅ​រក​ស្ថាន​ភាព​មួយ​ដែល​គួរ​ឲ្យ​បារម្ភ»។

នៅ​ក្នុង​សារ​អ៊ីមែល​ឆ្លើយ​តប​មក​កាន់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ សុំ​មិន​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​តាលីបង់​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន លោក​ប្រធានាធិបតី​ Joe Biden ​បាន​និយាយថា ​លោក​«មិន​ងាក​រេ​ដាច់ខាត» ​ពី​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

នៅ​ក្នុង​សុន្ទរក​ថា​ផ្សាយ​តាម​ទូរទស្សន៍​ពី​សេតវិមាន​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​នេះ លោក ​Biden ​បញ្ជាក់​ថា ​បេសកកម្ម​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ «មិន​ដែល​សន្មត​ថា​ជា​បេសក​កម្ម​កសាង​ប្រទេស​នោះ​ទេ» ​ហើយ​ការ​គំរាម​កំហែង​របស់​ភេរវ​ជន ដែល​នាំ​ឲ្យ​សហ​រដ្ឋ​អាមេរិក​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន​នោះ ​ឥឡូវ​នេះ​បាន​រីក​សាយ​ហួស​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​ទៅ​ហើយ។

លោក​ប្រធានាធិបតី​អាមេរិក​ ក៏​បាន​ទទួល​ស្គាល់​ថា ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​ជ័យ​ជម្នះ​របស់​ក្រុម​បះបោរ​តាលីបង់​នៅ​ទូទាំង​ប្រទេស​នេះ ​បាន​កើត​ឡើង​«លឿន​ជាង​ការ​រំពឹង​ទុក​របស់​យើង»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ Biden ​ថ្លែង​ថា ​វា​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ​ ដែល​បញ្ជា​ឲ្យទាហាន​អាមេរិក​បន្ត​ប្រយុទ្ធ ​នៅ​ពេល​ទាហាន​អាហ្វហ្គានីស្ថាន​ខ្លួន​ឯង​ មិន​មាន​ឆន្ទៈ​ប្រយុទ្ធ​នោះ។

សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​កម្លាំង ​និង​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ប្រទេស​នេះ​ធ្លាក់​ចូល​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលី​បង់ ក្រោយ​ពី​បាន​ប្រយុទ្ធ​ក្នុងសង្រ្គាម​អស់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​កន្លង​មក​នេះ៕

XS
SM
MD
LG