ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Harris ​ផ្តល់​ការ​គាំទ្រ​ដល់​វៀតណាម​ទប់ទល់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​មួយ​នៅ​ការិយាល័យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​មួយ​នៅ​ការិយាល័យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី​ Kamala Harris​ បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូល​របស់វៀតណាម​នៅ​ថ្ងៃពុធ​ ដោយ​ផ្តល់​ការ​គាំទ្រ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ រួមទាំង​ការ​ពង្រឹង​សន្តិសុខ​ដែនសមុទ្រក្នុង​កិច្ច​ប្រឹងប្រែង​ទប់ទល់​នឹង​ការ​បង្ហាញ​ភាព​គឃ្លើន​កាន់​តែ​ខ្លាំងរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters។​

មន្រ្តី​សេតវិមាន​ម្នាក់​ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា​ អ្នកស្រី​ Harris ​ក៏បាន​ស្នើ​ផ្តល់​ឱ្យ​មានទស្សនកិច្ចចូល​ចត​បន្ថែម​របស់​នាវា​ចម្បាំង​អាមេរិក​ដែរ​ ក្នុង​អំឡុង​ពេល​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក​ Nguyen Xuan Phuc ​អនុ​ប្រធានាធិបតី​អ្នកស្រី​ Vo Thi Anh Xuan ​និង​នាយក​រដ្ឋមន្រ្តី​លោក​ Pham Minh Chinh ។

ដំណើរ​ទស្សនកិច្ច​ប្រាំពីរ​ថ្ងៃ​របស់​អ្នកស្រី​ Harris ទៅកាន់​ប្រទេស​សិង្ហបុរី​ និង​ប្រទេស​វៀតណាម​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្តទូលំទូលាយ​មួយ​របស់​អាមេរិក​ដើម្បី​ទាក់ទាញ​សម្ព័ន្ធមិត្ត​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា​ នឹង​ជួយ​ទប់ទល់​ឥទ្ធិពល​សន្តិសុខ​និង​សេដ្ឋកិច្ចរបស់​ចិន​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​តំបន់។​

មន្ត្រី​សេតវិមាន​ថា​ ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ អ្នកស្រី​ Harris ​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​វៀតណាម​ រួមទាំង​ការ​បរិច្ចាគ​វ៉ាក់សាំង​ Pfizer-BioNTech ​១​លានដូស​ និង​ប្រកាស​បើក​ដំណើរការ​កម្មវិធី​មួយ​ចំនួន​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​

ថ្លែង​នៅ​ទីក្រុង​ហាណូយ​ អ្នកស្រី ​Harris ​បាន​និយាយ​ថា​ គេ​ចាំបាច់​ត្រូវ​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាក់ទង​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន។​

អ្នកស្រី ​Harris ​បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​វៀតណាម​ថា៖ «យើង​ត្រូវរក​វិធី​ដាក់​សម្ពាធ ​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាលក្រុង​ប៉េកាំង​ឱ្យ​គោរពអនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ និង​ប្រឆាំង​ការ​សម្លុត​គំរាម​កំហែង ​និង​ការ​ទាមទារ​ដែន​សមុទ្រ​ហួសហេតុរបស់​ចិន»។​

កន្លង​មក​ប្រទេស​ចិន​បាន​ស្ថាបនា​កោះ​សិប្បនិម្មិតសម្រាប់​ទី​តាំង​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ភាព​តានតឹង​ខ្លាំង​រវាង​ចិន​និង​វៀតណាម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​នាំ​ឱ្យ​វៀតណាម​គាំទ្រ​ដោយ​ស្ងាត់ៗ​នូវ​គោលនយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាមេរិក។

នេះ​ជាលើក​ទីពីរ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដែល​អ្នកស្រី ​Harris ​បាន​និយាយ​វាយ​ប្រហារ​រដ្ឋាភិបាលក្រុង​ប៉េកាំង​ បន្ទាប់ពីកាលពី​ថ្ងៃ​អង្គារ​នៅ​សិង្ហបុរី​ អ្នកស្រីបាន​ចោទ​រដ្ឋាភិបាល​ប៉េកាំង​ពី​ការ​បង្ខិតបង្ខំ​និង​បំភិត​បំភ័យប្រទេស​ពាក់ព័ន្ធ​នានា​ដើម្បី​ជួយ​ដល់​ការ​ទាមទារ​ដោយខុស​ច្បាប់​នៅ​ក្នុងផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ។​

ប្រទេស​ចិន​បាន​ច្រាន​ចោល​ការ​អត្ថាធិប្បាយ​របស់​អ្នកស្រីដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ថា​ បាន​ព្យាយាម​បំបែកបំបាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ប្រទេស​ជិតខាង​នៅ​អាស៊ី​អាគ្នេយ៍៕

XS
SM
MD
LG