ការបង្ហាញក្តីព្រួយបារម្ភរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy អំពីការផ្តន្ទាទោសលើលោក រ៉ុង ឈុន មេដឹកនាំសហជីព កាលពីថ្ងៃពុធ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល លើកឡើងថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ មន្រ្តីក៏ជំរុញអាមេរិកកុំរិះគន់ប្រជាធិបតេយ្យ បើចង់ធ្វើឲ្យប្រសើរទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
នេះជាការលើកឡើងរបស់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចពិភាក្សាមួយស្តីពី«កម្ពុជានៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាមេរិក» ដែលធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា។
លោក គិន ភា ដែលជាវាគ្មិនមួយរូបក្នុងកិច្ចពិភាក្សានោះ បានថ្លែងថាកម្ពុជាស្ថិតនៅ«ចំណុចកណ្តាល» ក្នុងការប្រទាញប្រទង់ដោយមហាអំណាច ប៉ុន្តែកម្ពុជាមិនងាកទៅរក«ចិននិយម» ឬ«អាមេរិកនិយម»ឡើយ ប៉ុន្តែកម្ពុជាប្រកាន់«កម្ពុជានិយម» ហើយការបង្កើតទំនាក់ទំនងជាមួយប្រទេសផ្សេង គឺដើម្បីរក្សាផលប្រយោជន៍សម្រាប់កម្ពុជាយូរអង្វែង។
លោក គិន ភា បន្ថែមថាការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាស្ថាប័នរដ្ឋមួយចំនួនរបស់អាមេរិក«តែងលូកឡំជាមួយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា» ជាលក្ខណៈ«រុកគួនរំខានភាពសុខក្សេមក្សាន្តរបស់កម្ពុជា»។
លោកថ្លែងថា៖ «ចំណុចនេះគួរតែពិចារណាឡើងវិញ បើសិនជាមានចេតនាលើកកម្ពស់កម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
លោកបន្ថែមថាអាមេរិកគួរតែខ្វល់ខ្វាយអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ពង្រឹងការវិនិយោគ និងពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា៖ «មិនមែនខ្វល់ខ្វាយតែរឿងប្រជាធិបតេយ្យ ចាក់ពុម្ពប្រជាធិបតេយ្យបែបបស្ចិមលោកដែលពិបាកនឹងដុះកើតនៅអាស៊ី និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក»។
មន្រ្តីរូបនោះលើកឡើងទៀតថានយោបាយការបរទេសរបស់កម្ពុជា គឺអនុវត្តតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ គឺប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។
និយាយអំពីទំនាក់ទំនងកម្ពុជាអាមេរិក លោកអះអាងថាអាមេរិកមិនដែលមាន«គោលនយោបាយច្បាស់លាស់»ចំពោះកម្ពុជាទេ។ លោកបន្តថាទំនាក់ទំនងកម្ពុជាអាមេរិក«ហាក់ស្ថិតក្រោមស្រមោលនៃទំនាក់ទំនងកម្ពុជាចិន» ដែលលោកសំដៅថាកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែអាមេរិកបែរជាយល់ថាធ្វើឲ្យខូចទំនាក់ទំនងជាមួយខ្លួន។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះថាការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាចំណុចស្នូលនៃនយោបាយការបរទេសអាមេរិកនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។
លោកបញ្ជាក់ថា៖ «ជាមិត្តមួយរបស់កម្ពុជា យើងគាំទ្រប្រជាជនកម្ពុជា និងសិទ្ធិរបស់ពួកគេសម្រាប់ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពជាមូលដ្ឋានដែលស្របតាមរដ្ឋធម្មនុញ្ញ»។
អ្នកនាំពាក្យរូបនោះបានឲ្យដឹងថាសហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់កម្ពុជាជាង៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។
កាលពីដើមខែមិថុនា នៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិកអ្នកស្រី Wendy Sherman បានទទូចឲ្យថ្នាក់ដឹកនាំកម្ពុជា «រក្សាគោលនយោបាយការបរទេសឯករាជ្យនិងរក្សាតុល្យភាពដើម្បីផលប្រយោជន៍ដ៏ល្អបំផុតរបស់ពលរដ្ឋកម្ពុជា»។ អ្នកស្រីអះអាងថាអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយជួយធានាឲ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗ នៅក្នុងតំបន់ ដូចជាបញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។
នៅក្នុងកិច្ចពិភាក្សានោះដែរ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូប និងបច្ចុប្បន្នជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ បានថ្លែងថាទំនាក់ទំនងកម្ពុជានិងអាមេរិក«តែងដើររលាក់» ទោះកម្ពុជាមានទំនាក់ទំនងការទូតជាមួយអាមេរិក តាំងពីឆ្នាំ១៩៥០ដែលយូរជាងទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ដែលចាប់ផ្តើមក្នុងឆ្នាំ១៩៥៨។
លោកបន្ថែមថាចាប់តាំងពីឆ្នាំ១៩៩៣ សហរដ្ឋអាមេរិកមិនដែលអញ្ជើញនាយករដ្ឋមន្រ្តីរបស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិកនោះទេ។ វាខុសពីប្រទេសចិនដែលប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៦។
លោក ពុយ គា បន្ថែមថា៖ «ហើយពេលនោះហើយ ដែលមានសារព័ត៌មានបរទេសមួយគេចាប់ផ្តើមសរសេរថានាយករដ្ឋមន្រ្តីហ៊ុន សែន ចាប់ផ្តើមសរសេរប្រវត្តិសាស្រ្តកម្ពុជាថ្មីឡើងវិញ ក្រោមការជួយទំនុកបម្រុងរបស់លោក ស៊ី ជីនពីង»។
នៅក្នុងកិច្ចពិភាក្សាជាសាធារណៈមួយកាលពីខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាបើលោកមិនពឹងចិន តើលោកពឹងអ្នកណាវិញ? លោកបន្ថែមថាការដែលលោកពឹងចិន គឺសម្រាប់ប្រយោជន៍ក្នុងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ជាដើម។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យកម្ពុជា (AVI) ដែលជាវាគ្មិនមួយរូបក្នុងកិច្ចពិភាក្សាដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថានយោបាយការបរទេសត្រូវបើកចំហ ហើយរាប់អានគ្រប់ប្រទេស ដោយបង្កើតមិត្តឲ្យបានច្រើន។ ទោះជាយ៉ាងណា លោកបញ្ជាក់ថាពេលអនុវត្តជាក់ស្តែង វាមានការលំបាក ហើយពេលខ្លះ វា«នាំឲ្យបាត់បង់ជំនឿចិត្ត»ពីប្រទេសផ្សេងទៀត។
បើតាមលោក ឈាង វណ្ណារិទ្ធ ប្រសិនបើគោលនយោបាយការបរទេសមិនមានការឯកភាពគ្នាផ្ទៃក្នុងរបស់កម្ពុជាទេ នោះគោលនយោបាយការបរទេស មិនមាន«ប្រសិទ្ធភាព»ឡើយ។
លោកថ្លែងថា៖ «អញ្ចឹងទេ គ្រប់គណបក្សនយោបាយ គ្រប់តួអង្គជាតិ តួអង្គរដ្ឋ និងមិនមែនរដ្ឋ គួរតែជំរុញបន្ថែមការពិភាក្សាទាក់ទងនឹងការពិភាក្សាគោលនយោបាយការបរទេសកម្ពុជាធ្វើយ៉ាងណាឲ្យមានភាពឯកភាពគ្នាក្នុងស្រុកសិន»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិក«ឈឺឆ្អាល»រឿងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ដោយសារអាមេរិកជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយអាមេរិកជា«ជើងឯក»នៃគុណតម្លៃរបស់ខ្លួន គឺផ្តល់តម្លៃដល់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោកថ្លែងថា៖ «ហេតុនេះ ការឈឺឆ្អាល ឬក៏ការលើកជាកង្វល់ និងផ្តល់ជាអនុសាសន៍ចំពោះការរំលោភបំពានផ្នែកសិទ្ធិមនុស្ស ឬការធ្លាក់ចុះនៃដំណើរការប្រជាធិបតេយ្យ គឺជាអ្វីដែលសហរដ្ឋអាមេរិកគួរធ្វើក្នុងនាមទាំងសហភាគីសហប្រតិបត្តិការរបស់កម្ពុជាដោយឈរលើគោលការណ៍របស់ខ្លួន និងក្នុងនាមជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
លោកបន្ថែមថាការអនុវត្តន៍នយោបាយការបរទេសកម្ពុជា«ផ្ទុយ»ពីការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដោយបាន«ងាក»ទៅប្រទេសចិន ដែលនាំឲ្យកម្ពុជាបាត់បង់ជំហរអព្យាក្រឹតរបស់ខ្លួន៕