ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលនា​ទាមទារ​យុត្តិធម៌​ជាតិ​សាសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ត្រួសត្រាយ​ឲ្យ​មាន​ការផ្លាស់ប្ដូរ


រូបឯកសារ៖ ក្រុមបាតុករ​បាន​ដើរក្បួន​នៅ​ក្បែរសេតវិមាន ដើម្បី​ប្រឆាំងនឹង​ភាពឃោរឃៅ និង​ការរើសអើង​ជាតិ​សាសន៍​របស់​ប៉ូលិស​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ក្រុមបាតុករ​បាន​ដើរក្បួន​នៅ​ក្បែរសេតវិមាន ដើម្បី​ប្រឆាំងនឹង​ភាពឃោរឃៅ និង​ការរើសអើង​ជាតិ​សាសន៍​របស់​ប៉ូលិស​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

បាតុកម្ម​ជា​ច្រើន​សប្តាហ៍​នៅ​តាម​សហគមន៍​នានា​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​បាន​ចាប់ផ្តើម​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក Floyd គឺ​ជា​អ្វី​ដែល​គេ​មិន​ដែល​ឃើញ​ច្រើនជំនាន់មក​ហើយ។

ជាមួយ​ការ​ស្រែក​បន្ទរ​ដោយ​ក្រុម​បាតុករ អ្នកស្រី Joyce Johnson ក្រឡេក​មើល​រូប​បដិមា​របស់​លោក Martin Luther King Jr. ដែល​ជា​មេដឹកនាំ​សិទ្ធិពល​រដ្ឋ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកស្រី​បាននិយាយថា៖ «ប្រសិនបើ​លោក​បណ្ឌិត King នៅទី​នេះ គឺ​ប្រសើរ​ណាស់។ លោក​ប្រាកដ​ជា​មាន​មោទនភាព​ដោយ​ឃើញ​ពលរដ្ឋ​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ មក​ពី​ទូទាំង​ប្រទេសធ្វើ​បាតុកម្ម​ដោយសន្តិវិធី ដើម្បី​ទាមទារ​យុត្តធម៌​ជាតិ​សាសន៍ និង​សិទ្ធិ​ស្មើ​គ្នា»។

អ្នកស្រី Johnson ដែល​ជា​អ្នក​ធ្វើការ​ខាង​កិច្ចការ​សង្គម​មក​ពី​ទីក្រុង Richmond រដ្ឋ Virginia បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អាទិត្យ​ទី ៧ ខែ​មិថុនា ដើម្បី​ចូលរួម​ជាមួយ​ក្រុម​បាតុករ​ដែល​ដើរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក អាយុ ៤៦ ឆ្នាំ ដែល​បានស្លាប់ បន្ទាប់ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​ប្រើ​ជង្គង់​សង្កត់​លើ​ក​លោក​អស់​ជិត ៩ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។

បាតុកម្ម​ជា​ច្រើន​សប្តាហ៍​នៅ​តាម​សហគមន៍​នានា​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​បាន​ចាប់ផ្តើម​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក Floyd គឺ​ជា​អ្វី​ដែល​គេ​មិន​ដែល​ឃើញ​ច្រើនជំនាន់មក​ហើយ។ ការ​ស្លាប់របស់​លោក Floyd បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្ថានការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​តស៊ូ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​សិទ្ធិ​ស្មើ​គ្នា និង​យុត្តធម៌​ជាតិ​សាសន៍។

អ្នកស្រី Johnson បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «បាតុកម្ម​អាច​បង្កើន​ការ​គាំទ្រ​ចំពោះ​ការ​ផ្លាស់ប្តូរ​ដ៏​មាន​ន័យ»។

បាតុកម្ម​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​នាំ​ឱ្យ​លោក Andrew Young មេដឹកនាំ​ខាង​សិទ្ធិពល​រដ្ឋ រំឮក​អំពី​រយៈពេល​នៃ​ការ​តស៊ូ​ខាង​ជាតិ​សាសន៍ ដែល​បានកើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កាល​ពី​ទសវត្សរ៍ ១៩៥០ និង​ទសវត្សរ៍ ១៩៦០។

លោក Andrew Young អាយុ ៨៨ ឆ្នាំ ដែល​ជា​មនុស្ស​ជំនិត​របស់​លោក Martin Luther King បាន ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​បាន​ដើរ​ទូទាំង​ប្រទេស​នៅ​ក្នុង​អំឡុង​ពេល​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ពលរដ្ឋ ហើយ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​ឃើញ​ប្រទេស​ជាតិ​រួបរួម​គ្នា​នៅ​ជុំវិញ​បញ្ហា​មួយ​ដូចដែល​យើង​ឃើញ​នៅ​ពេល​នេះទេ។ ក្រុម​បាតុករ​នៅ​ពេល​នេះ​មាន​វ័យ​ក្មេង មាន​ជាតិ​សាសន៍​ចម្រុះ​ច្រើន​ជាង​មុន ហើយ​អាច​ប្រើ​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត​ដើម្បី​រៀបចំ​ការ​ធ្វើ​បាតុកម្ម​បាន។ ខ្ញុំ​យល់​ថា វា​ជា​ការ​ប្រសើរ​ណាស់​ដែល​ប៉ូលិស​បាន​បង្ហាញ​ការ​អត់ធ្មត់​ចំពោះ​ក្រុម​បាតុករ គឺ​មិន​ដូច​កាល​ពី ៥០ ឆ្នាំ ឬ ៦០ ឆ្នាំ​មុន​ទេ»។

លោក Andrew Young ប្រៀប​ធៀប​បាតុកម្ម​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក Floyd នេះ ទៅ​នឹងការ​ខឹង​សម្បារ​របស់​សាធារណជន​នៅក្នុង​ប្រទេស​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ១៩៦៥ ដែល​នៅ​ពេល​នោះ ពួក​បាតុករ​ដែល​តវ៉ា​ដោយ​សន្តិវិធី​រាប់​រយ​នាក់ ត្រូវ​បាន​វាយ​ដំ​យ៉ាង​ឃោរឃៅ ហើយ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដើម្បី​បំបែក​ពួកគេ​នៅ​លើ​ស្ពាន Edmund Pettus នៅ​ពេល​ពួកគេ​ព្យាយាម​ដើរ​ពី​ទីក្រុង Selma រដ្ឋ Alabama ទៅកាន់​ទីក្រុង Montgomery ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ Alabama។

រូបភាព​តាម​កញ្ចក់​ទូរទស្សន៍​នៃ​ឧប្បត្តិហេតុ​នេះ​ដែល​គេ​ស្គាល់​ថា «ថ្ងៃ​អាទិត្យ​បង្ហូរ​ឈាម» បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រើស​អើង​ជាតិ​សាសន៍ និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​ស្បែក​ខ្មៅ ដែល​នៅ​ដក់​ជាប់​នឹង​មនសិការ​រួម​របស់​ប្រជាពលរដ្ឋ។

ឧប្បត្តិហេតុ​ហិង្សា និង​បាតុកម្ម​នៅ​ពេល​បន្ទាប់​មក បាន​បង្កើន​ការ​គាំទ្រ​ដល់​ការ​អនុម័ត​ច្បាប់​មួយ​កាល​ពី​ឆ្នាំ ១៩៦៥ ស្តីពី​សិទ្ធិ​បោះឆ្នោត ដែល​លុប​ចោល​នូវ​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ក្នុង​ការ​បោះឆ្នោត។

លោក Adam Biggs ដែល​ជា​អ្នក​បង្រៀន​ផ្នែក​សិក្សា​អំពី​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក និង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​នៃ​សាកល​វិទ្យាល័យ South Carolina Lancaster បាន​និយាយ​ថា ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​នេះ​រវាង​ប៉ូលិស​មួយ​ចំនួន និង​អ្នក​តវ៉ា នាំ​ឱ្យ​នឹក​ឃើញ​ដល់​ហេតុការណ៍​ផ្សេង​ទៀត​កាល​ពី​លើក​មុនៗ។

លោក Adam Biggs បាន​និយាយ​ថា៖ «ខ្ញុំ​ប្រៀប​ធៀប​បាតុកម្ម​ទាំង​នេះ​ជាមួយ​នឹង​កុប្បកម្ម​រឿង​ជាតិ​សាសន៍​នៅ​ក្នុង​សង្កាត់ Harlem នៃ​ទីក្រុង New York កាលពី​ឆ្នាំ ១៩៣៥ កុប្បកម្ម Watts នៅ​ក្នុង​ទីក្រុង Los Angeles កាល​ពី​ឆ្នាំ ១៩៦៥ និង​ភាព​ចលាចល​កាល​ពី​ឆ្នាំ ១៩៩២។ កុប្បកម្ម​និង​ភាព​ចលាចល​ទាំង​នោះ​គឺ​បណ្តាល​មក​ពី​ការ​ប្រទាំង​ប្រទើស​ជាមួយ​នឹង​ប៉ូលិស។

លោក Biggs បាន​កត់​សម្គាល់​ថា ក្រៅ​ពី​អំពើ​អយុត្តិធ៌ម​ខាង​ជាតិ​សាសន៍ បាតុកម្ម​មហាជន​នេះ​ត្រូវ​បាន​បញ្ឆេះ​ដោយសារ​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់ អត្រា​ស្លាប់​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ​ខ្ពស់ និង​វិសមភាព​ខាង​ជាតិ​សាសន៍ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ឆ្លើយតប​ទៅ​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

លោក Biggs បញ្ជាក់​ដូច្នេះ​ថា៖ «យើង​នៅ​ជួរ​មុខ​គេ​នៃ​ស្មារតី​យុទ្ធនាការ​សិទ្ធិ​ពលរដ្ឋ។ ការ​ខឹង​សម្បារ​ខ្លាំង​ទាំង​នេះ​មាន​ឬស​គល់​ចេញ​ពី​កំហឹង​ត្រឹមត្រូវ​តាម​ច្បាប់ និង​ការ​តប់ប្រមល់​ក្នុង​ចិត្ត​ចំពោះ​ប្រព័ន្ធ​មួយ ដែល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខក​ចិត្ត។ ទាំងអស់​នេះ​ជា​ហេតុការណ៍​ដែល​អាច​មានរយៈពេល​យូរ​ត​ទៅ​ទៀត។ ខ្ញុំ​យល់​ថា ការណ៍​នេះ​អាច​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ជាង​មុន ដោយសារតែ​អ្វី​ដែល​បានបំផុស​ទឹក​ចិត្ត​របស់​ពួក​គេ»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG