ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្លាប់​របស់​លោក George Floyd បង្ក​ឲ្យ​មាន​ការអំពាវនាវ​ឲ្យ​មាន​ការតស៊ូមតិ​នៅ​អ.ស.ប


រូបឯកសារ៖ មនុស្សម្នា​ឈរ​មើល​ផ្ទាំងគំនូរ​រូប​លោក George Floyd នៅ​ជិត​កន្លែង​ដែល​លោក​បាន​ស្លាប់​ពេល​កំពុង​ស្ថិត​នៅក្រោម​សមត្ថកិច្ច​ប៉ូលស​នៅ​ទីក្រុង Minneapolis រដ្ឋ​មីនីសូតា Minnesota កាលពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។
រូបឯកសារ៖ មនុស្សម្នា​ឈរ​មើល​ផ្ទាំងគំនូរ​រូប​លោក George Floyd នៅ​ជិត​កន្លែង​ដែល​លោក​បាន​ស្លាប់​ពេល​កំពុង​ស្ថិត​នៅក្រោម​សមត្ថកិច្ច​ប៉ូលស​នៅ​ទីក្រុង Minneapolis រដ្ឋ​មីនីសូតា Minnesota កាលពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។

ឯកអគ្គរដ្ឋទូត​ជាច្រើន​នាក់​មកពី​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​អង្គការ​សិទ្ធិ​មនុស្ស​អ.ស.ប អំពាវនាវ​ឲ្យ​មាន​ការតស៊ូ​មតិ​ស្ដីពី​​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយសារ​ការប្រកាន់​ពូជ​សាសន៍ និង​ការរើសអើង​ បន្ទាប់ពី​ការស្លាប់​របស់​លោក George Floyd។

ប្រទេស​មួយ​ចំនួនក្នុង​ទ្វីប​អាហ្វ្រិក បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ អំពាវ​នាវ​ឲ្យ​មាន​ការ​តស៊ូ​មតិ​ស្តី​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយសារការ​ប្រកាន់ពូជ​សាសន៍ ​នៅ​ពេល​ក្រុម​ប្រឹក្សា​នេះ ប្រជុំ​នៅ​សប្ដាហ៍​នេះ។ ការស្នើ​សុំ​នេះ​ ​កើត​ឡើង​ដោយសារការ​ស្លាប់របស់​លោក George Floyd ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្រ្វិក​មួយរូប នៅក្នុង​ពេល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ប៉ូលិស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

នៅ​ក្នុង​លិខិត​នេះ ក្រុម​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​សរសេរ​ថា ហេតុការណ៍​ដែលបាន​កើត​ឡើងតាំងពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា ដែល​ជា​ថ្ងៃ​នៃ​ការ​ស្លាប់​របស់​លោក George Floyd ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ពិភព​លោក​ ប្រឆាំង​នឹងភាព​អយុត្តិធម៌ និង​ភាព​ឃោរឃៅ ដែល​ពលរដ្ឋ​ដើមកំណើត​អាហ្រ្វិក​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ នៅ​កន្លែងជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក។

ក្នុង​លិខិត​នោះ​បាន​ឲ្យ​ដឹង​ថា​ទៀតថា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​បង្ក​ឡើង​ដោយ​ការ​រើស​អើង​ពូជ​សាសន៍​ ការ​ប្រកាន់​ពូជ​សាសន៍​ជា​ប្រព័ន្ធ ភាព​ឃោរឃៅ​របស់​ប៉ូលិស និង​អំពើ​ហិង្សា​ទៅលើក្រុម​អ្នក​តវ៉ា​អហិង្សា​ក្នុង​ពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​ការ​តស៊ូ​មតិ​ និង​ការផ្សព្វ​ផ្សាយ​បញ្ហា​ដ៏​ក្ដៅ​គគុក​ទាំង​នេះ ក្លាយ​ជាបញ្ហា​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់។

លិខិត​នេះក៏​បាន​រៀប​រាប់​ដែរថា​ ការ​ស្លាប់​របស់​លោក George Floyd មិន​មែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​នោះ​ទេ។ ក្រុម​ឯកអគ្គរដ្ឋ​ទូតអាហ្វ្រិកដែលសរសេរ​លិខិត​នេះ បាន​កត់​សម្គាល់​ថា ពលរដ្ឋ​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក​ជា​ច្រើននាក់​ ទទួល​បាន​ជោគ​វាសនា​នេះ​ដូច​គ្នា ដោយ​សារ​តែ​ការ​មិន​ត្រួត​ពិនិត្យ​ទៅ​លើ​ភាព​ឃោរ​ឃៅ​របស់​ប៉ូលិស។

អ្នក​នាំពាក្យ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហ​ប្រជាជាតិ លោក Rolando Gomez បាន​ប្រាប់ VOA ថា ​ការ​តស៊ូ​មតិ​នេះ​ទំនងជា​អាច​កើត​ឡើងនៅក្នុង [ការ​ប្រជុំ] ក្រុម​ប្រឹក្សា​នៅ​ថ្ងៃអង្គារ​ ឬ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ នៅ​ពេល​របៀប​វារៈនៃ​ការ​ប្រជុំ​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ ឈាន​ដល់​ចំណុច​ទី៩ ដែល​ដោះ​ស្រាយ​បញ្ហា​ប្រកាន់​ពូជសាសាន៍ និង​ការ​រើសអើង។​

លោក Gomez បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ការ​រើស​អើង​ពូជ​សាសន៍ ​និងអំពើ​ហិង្សា​របស់​ប៉ូលិស ដែល​តែង​តែ​ត្រូវ​បាន​លើក​ឡើង​ដោយ​រដ្ឋាភិបាល និង​ក្រុមសង្គម​ស៊ីវិល​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​មាន​ដូច​ជា ការ​សម្លាប់​មនុស្ស​ដោយ​ខុស​ច្បាប់​ដោយ​ប៉ូលិស និង​ការ​លំអៀង​ខាង​ពូជ​សាសន៍នៅ​ក្នុង​ជួរ​ប៉ូលិស។ ហើយ​គោលបំណង​គឺ​ដើម្បី​បង្ការ​សកម្មភាព​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នេះ មិនឲ្យ​កើត​ឡើង​ទៀត។

លិខិត​របស់​ក្រុម​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ទៅ​កាន់​ប្រធានក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្សនេះ​ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ការ​តវ៉ា​នៅ​សហរដ្ឋ​អាមេរិក គឺ​ជា​ការ​តវ៉ា​ប្រឆាំង​នឹងការ​ប្រកាន់​ពូជ​សាសន៍​ជា​ប្រព័ន្ធ ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ពូជ​សាសន៍​គាំទ្រ​ដោយ​រដ្ឋ និង​និទណ្ឌភាព​សម្រាប់​ជនល្មើស។ លិខិត​នេះ​ក៏​បាន​បន្ថែម​ថា​ ការ​តវ៉ា​ ដែល​កំពុង​កើត​មាន​ក្នុង​ពិភព​លោក​នេះ គឺ​ជា​ការបដិសេធ​ចោល​នូវ​វិសមភាព​ពូជសាសន៍ និង​ការ​រើស​អើស​ដែល​ពលរដ្ឋ​ស្បែក​ខ្មៅ​ និង​ពលរដ្ឋ​ដែល​មាន​សម្បុរ​ស្បែក​ផ្សេងទៀត កំពុងប្រឈម​មុខ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​ដើម​សប្ដាហ៍​មុន ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ លោក Andrew Bremberg បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បង្ហាញ​ពី​ភាព​តក់​ស្លុត កំហឹង និង​ទុក្ខកង្វល់​ចំពោះ​មរណភាព​របស់លោក George Floyd។​

លោក​បាន​និយាយ​ថា ប្រតិកម្មរបស់​សាធារណជនតប​នឹង​សោកនាដកម្ម​ដ៏​រន្ធត់​នេះ បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​អាមេរិក ដើម្បី​យក​ឈ្នះ​ភាព​អយុត្តិធម៌​ពូជសាសន៍ និង​ដើម្បី​ទទួល​បាន​សង្គម​មួយ​ស្មើភាព​ និង​យុត្តិធម៌​ជាង​នេះ៕

ប្រែសម្រួល​ដោយ​លោក សឿន វឌ្ឍនា

XS
SM
MD
LG